អន្តរជាតិ
អាមេរិក និង​រុស្ស៊ី​ទាស់គំនិត​គ្នា​លើ​ការស៊ើបអង្កេត​ករណី​អាវុធ​គីមី​នៅ​ស៊ី​រី​
17, Nov 2017 , 12:00 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបភាព៖ Xinhua)
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបភាព៖ Xinhua)
​អាមេរិក និង​រុស្ស៊ី បាន​ទាស់គំនិត​គ្នា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​ការស៊ើបអង្កេត​ការវាយប្រហារ​អាវុធ​គីមី​នៅ​ស៊ី​រី​។ អាណត្តិ​នៃ​ក្រុម​ស៊ើបអង្កេត​រួម​រវាង​អង្គការសហប្រជាជាតិ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ប៉ុន្តែ​អាមេរិក និង​រុស្ស៊ី បាន​ជំទាស់​សំណើ​គ្នា​ទៅវិញទៅមក​ដើម្បី​បន្ដ​អាណត្តិ​របស់​ក្រុម​ពិសេស​នេះ​។ ប្រទេស​ទាំងពីរ​នេះ ក៏​ចោទប្រកាន់​គ្នា​ជុំវិញ​ការរាំងស្ទះ​ដំណើរការ​ស៊ើបអង្កេត​នេះដែរ​។​



​ជាថ្មី​ម្ដងទៀត សមាជិក​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បាន​បែកបាក់​គ្នា​លើ​វិបត្តិ​នៅ​ស៊ី​រី​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៦ ខែវិច្ឆិកា អាមេរិក និង​រុស្ស៊ី បាន​បដិសេធ​សំណើ​គ្នា​ទៅវិញទៅមក​ដើម្បី​បន្ត​អាណត្តិ​របស់​ក្រុម​ស៊ើបអង្កេត​ពិសេស​ស្ដីពី​ការវាយប្រហារ​អាវុធ​គីមី​នៅ​ស៊ី​រី​។ ជាមួយគ្នានេះ សមាជិក​ក្រុមប្រឹក្សា​ខ្លះ​បាន​គាំទ្រ​សំណើ​អាមេរិក ខ្លះ​គាំទ្រ​រុស្ស៊ី ឯ​ខ្លះទៀត​នាំគ្នា​បោះឆ្នោត​អនុប្បវាទ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើការ​ស៊ើបអង្កេត​តែម្ដង​។​

​ក្នុង​កិច្ចការ​របស់ខ្លួន ក្រុម​ស៊ើបអង្កេត​រួមគ្នា​បាន​រកឃើញថា រដ្ឋាភិបាល​ប្រ​ធានា​ធ​បិ​តី បាស​សា អាល់​អាសាដ បាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ក្នុងការ​វាយប្រហារ​នៅ​ថ្ងៃទី​៤ ខែមេសា នៅឯ Khan Sheikhoun ដោយបាន​សម្លាប់​មនុស្ស​អស់​រាប់សិប​នាក់​។ ដោយសារ​ទង្វើ​នេះ អាមេរិក​ក៏​បាញ់​មី​ស៊ី​ល Tomahwak ជាច្រើន​គ្រាប់​ដាក់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​ដើម្បី​ព្រមាន​វិញ​ដែរ ប៉ុន្តែ​រុស្ស៊ី​ចាត់ទុក​សកម្មភាព​រប​ស់​អាមេរិក ជាការ​បំពាន​អធិបតេយ្យ​ស៊ី​រី​។​

​រុស្ស៊ី​ជា​អ្នកជំទាស់​សំណើ​អាមេរិក​មុន​

​អាមេរិក និង​រុស្ស៊ី​បានដាក់​សំណើ​រៀងៗ​ខ្លួន​ដើម្បី​បន្ត​អាណត្តិ និង​ប្រតិបត្តិការ​របស់​ក្រុម​ស៊ើបអង្កេត​រួម (JIM) ដែល​កើតចេញពី​អង្គការសហប្រជាជាតិ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) នៅ​ស៊ី​រី​។ អាមេរិក​បាន​ចោទ​រដ្ឋាភិបាល​ប្រធានាធិបតី អាសាដ ថា​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​អាវុធ​គីមី​កន្លងមក ប៉ុន្តែ​រុស្ស៊ី​ទាត់ចោល​ការប្រកាន់​នេះ ដោយ​អះអាងថា រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ច្បាស់លាស់​សិន ដ្បិត​ក្រុម​ស៊ើបអង្កេត​មិនដែល​បាន​ទៅដល់​កន្លែងកើតហេតុ​ផ្ទាល់​ផង​។​

​សំណើ​ណាមួយ​ដើម្បី​បន្ត​អាណត្តិ​ក្រុម​ពិសេស​នេះ ត្រូវការ​សំឡេង​យល់ព្រម​យ៉ាងតិច​៩ ពី​សមាជិក​ទាំងអស់ និង​គ្មាន​សំឡេង​ប្រឆាំង (​វ៉េតូ​) ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ គឺ​អាមេរិក រុស្ស៊ី បារាំង អង់គ្លេស និង​ចិន​។ រុស្ស៊ី បានដាក់​សំណើ​ខ្លួន​មុន ប៉ុន្តែ​បាន​ដកខ្លួន​វិញ ដែល​នាំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​សម្រេចចិត្ត​លើ​សំណើ​របស់​អាមេរិក​សិន​។ ក្នុង​ដំណើរការ​បោះឆ្នោត សំណើ​របស់​អាមេរិក​ទ​ទួលបាន​ការគាំទ្រ​ចំនួន​១១ ប៉ុន្តែ​រុស្ស៊ី និង​បូ​លី​វី បោះឆ្នោត​ប្រឆាំង ខណៈ​ចិន និង​អេ​ហ្ស៊ី​ប​បោះឆ្នោត​អនុប្បវាទ​។

​ក្រោយ​សំណើ​របស់​អាមេរិក​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់ បូ​លី​វី​ដែល​បាន​បោះឆ្នោត​ប្រឆាំង​សំណើ​អាមេរិក​នោះ ក៏​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​លើ​សំណើ​ចាស់​របស់​រុស្ស៊ី​វិញ​ម្ដង​។ សំណើ​របស់​ក្រុង​មូ​ស្គូ​ទទួលបាន​គាំទ្រ​តែ​បួន​សំឡេង​ប៉ុណ្ណោះ ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​មានបារាំង អង់គ្លេស អ៊ីតាលី ស៊ុយអែត អ៊ុយ​ក្រែ​ន និង​អ៊ុ​យុយ​ហ្កា​យ បាន​បោះឆ្នោត​ប្រឆាំង​វិញ ហើយ​ចិន​បន្ត​បោះឆ្នោត​អនុប្បវាទ​ជាមួយ​ប្រទេស​បួន​ទៀត​។  

​តំណាង​អាមេរិក និង​រុស្ស៊ី ទាស់សម្ដី​គ្នា​


​នេះ​ជា​លើក​ទី​១០ ដែល​រុស្ស៊ី​បោះឆ្នោត​វ៉េតូ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្ដីពី​បញ្ហា​នៅ​ស៊ី​រី​។ ការណ៍​នេះ​ក៏បង្ក​ជា​សង្គ្រាមពាក្យសម្ដី​រវាង​តំណាង​អាមេរិក និង​រុស្ស៊ី​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។ ក្រោយ​ការបោះឆ្នោត ប្រេសិត​រុស្ស៊ី​លោក Vassily Nebenzia បានបង្ហាញ​ការមិនសប្បាយចិត្ត និង​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ប្រទេស​ដែល​ជំទាស់​គំនិត​របស់​រុស្ស៊ី​។ លោក Nebenzia និយាយថា សំណើ​របស់​រុស្ស៊ី​មាន​គោលដៅ​ពង្រឹងគុណភាព​ការស៊ើបអង្កេត​ប៉ុណ្ណោះ​។​

​ការបោះឆ្នោត​វ៉េតូ ធ្វើ​ឲ្យ​តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley ចោទ​រុស្ស៊ី​ថា​បានសម្លាប់​សេចក្ដីសម្រេច​ដែល​គាំទ្រ​ដោយ​សមាជិក​ជាច្រើន និង​ជាការ​បំពាន​អំណាច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​រារាំង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​នៅ​ថ្ងៃ​អនាគត​។ លោកស្រី Haley បន្តថា ទង្វើ​របស់​រុស្ស៊ី​ជាការ​បង្អាក់​ការប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុង​ស្វែងរក​អ្នកទទួល​ខុស​លើ​ការប្រើប្រាស់​អាវុធ​គីមី​ពិតប្រាកដ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com