អន្តរជាតិ
ក្រុម​សមាជិកសភា​រុស្សី​និយាយថា​ស្ថាប័ន​សារព័ត៌មាន​របស់​អាមេរិក​ចំនួន​៩ អាច​ត្រូវ​បង្ខំ​ឲ្យ​ចុះឈ្មោះ​ជា «​‍​ភ្នាក់ងារ​បរទេស​»
17, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​រុស្សី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ព្រមាន​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៩ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក​ថា ស្ថាប័ន​សារព័ត៌មាន​ទាំងនេះ ប្រហែលជា​នឹងត្រូវ​បានកំណត់​ថា​ជា «​‍​ភ្នាក់ងារ​បរទេស​» ក្រោម​បញ្ញត្តិ​ថ្មី​មួយ ជាការ​សងសឹក​ចំពោះ​ការទាមទារ​របស់​អាមេរិក ដែល​តម្រូវ​ឲ្យ​ស្ថានីយទូរទស្សន៍ RT ដែល​រដ្ឋាភិបាល​រុស្សី​ជា​អ្នក​ឧបត្ថម្ភ ចុះឈ្មោះ​ជា «​‍​ភ្នាក់ងារ​បរទេស​» ក្នុង​សហរដ្ឋអាមេរិក​។​



​ក្រសួងយុត្តិធម៌​រុស្សី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ជូនដំណឹង​ដល់​ស្ថាប័ន​សារព័ត៌មាន VOA វិទ្យុ​អឺរ៉ុប​សេរី​ឬ​វិទ្យុ​សេរីភាព (Radio Free Europe/Radio Liberty) និង​ស្ថាប័ន​សារព័ត៌មាន​ថ្នាក់​តំបន់​ចំនួន​៧​ទៀត ដែល​សកម្ម​ក្នុងប្រទេស​រុស្សី ថា ស្ថាប័ន​ទាំង​៩​នេះ អាច​រង​ផលប៉ះពាល់​។​

​ក្រសួងយុត្តិធម៌​រុស្សី ក៏បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ស្ថាប័ន​ទាំងនេះ នៅលើ​គេហទំព័រ​របស់ខ្លួន​ផងដែរ រួមទាំង​សេចក្តីថ្លែងការណ៍​មួយ​ដែល​និយាយថា ការផ្លាស់ប្តូរ​នេះ ទំនង​អាច​ក្លាយទៅជា​ច្បាប់​«​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​ន‍េះ​»​។​

​រដ្ឋសភា​រុស្សី បានអនុម័ត​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពង្រីក​វិសាលភាព​ច្បាប់​ឆ្នាំ​២០១២ ដែល​តម្រង់​គោលដៅ​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល ដោយ​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បន្ថែមទៀត​ទៅក្នុង​ច្បាប់​នេះ​។​

​ការប្រកាស​ថា​ជា​ភ្នាក់ងារ​បរទេស​នេះ នឹង​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ទាំងអស់ បង្ហាញ​ជាប្រចាំ​ពី​គោលបំណង​របស់​ពួកគេ សេចក្ដី​ពិស្ដារ​ទាំងស្រុង​នៃ​ប្រភព​ថវិកា​និង​ចំនួន​បុគ្គលិក​ជាដើម​។​

​ស្ថាប័ន​សារព័ត៌មាន​ទាំង​៩​នេះ ក៏​អាច​នឹង​តម្រូវ​ឲ្យ​ដាក់​បង្ហាញ​នៅលើ​បណ្តាញ​សង្គម​និង​គេហទំព័រ​របស់​ស្ថាប័ន​ទាំងអស់នេះ​ផ្ទាល់ ដោយ​ឲ្យ​គេ​មើលឃើញ​ក្នុងប្រទេស​រុស្សី​ថា ស្ថាប័ន​ទាំងនេះ គឺជា​«​ភ្នាក់ងារ​បរទេស​»​។​

​ការធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​មានការ​រាំងខ្ទប់​គេហទំព័រ​ដោយ​មិនចាំបាច់​ឆ្លងកាត់​តុលាការ ប្រសិនបើ​រដ្ឋាភិបាល​រុស្សី​យល់ថា គេហទំព័រ​ទាំងនោះ មិនល្អ​។​

​នាយិកា VOA គឺ​លោកស្រី Amanda Bennett បាន​មានប្រសាសន៍ថា​៖ «​‍​នៅពេលនេះ យើង​មិនអាច​និយាយថា​តើ​ការតម្រូវ​នេះ នឹងមាន​ផលប៉ះពាល់​បែបណា​ទៅលើ​ប្រតិបត្តិ​រាយការណ៍​ព័ត៌មាន​របស់​យើង​នៅក្នុង​ប្រទេស​រុស្សី​នោះទេ​។​»

​លោកស្រី​នាយិកា​បន្តថា «​‍​អ្វីដែល​យើង​អាចនិយាយបាន​គឺថា តាមច្បាប់ VOA សំឡេង​សហរដ្ឋអាមេរិក​គឺជា​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ឥត​លម្អៀង​និង​ផ្នែក​លើ​ការពិត ហើយ​យើង​នឹង​នៅតែ​ប្ដេជ្ញា​រក្សា​គោលការណ៍​ទាំងនេះ​ដដែល​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com