អន្តរជាតិ
អតីត​អគ្គលេខាធិការ​អាស៊ាន មិន​ចង់ឃើញ​អាស៊ាន​បន្ត​ពឹងផ្អែក​ជំនួយ​បរទេស
17, Nov 2017 , 8:39 pm        
រូបភាព
លោក Surin Pitsuwan អតីតអគ្គលេខាធិការអាស៊ាន។ រូបថត AFP
លោក Surin Pitsuwan អតីតអគ្គលេខាធិការអាស៊ាន។ រូបថត AFP
ដោយ:
​អតីត​អគ្គលេខាធិការ​អាស៊ាន លោក Surin Pitsuwan បាន​លើកឡើងថា អាស៊ាន គួរតែមាន​មូលនិធិ​អភិ​ឌ្ឍ​ដែលជា​របស់​ខ្លួនឯង​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ ដូចជា​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​នោះ ។

 


​ក្នុង​វេទិការ អាស៊ាន​៥០​ឆ្នាំ​នៅ​ក្រុង​បាងកក ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៦ វិ​ច្ឆ​កា លោក​អតីត​អគ្គលេខាធិការ បាន​ថ្លែងថា អាស៊ាន​ត្រូវតែ​បញ្ឈប់​ពឹង​ផ្អែកលើ​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខ្លួនឯង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ ។

«​យើង​មិនអាច​រំពឹង​ទទួលបាន​ជំនួយ​សប្បុរសធម៌ ដូច​អ្វីដែល​យើង​ធ្លាប់​ទទួលបាន​ពីមុន​ឡើយ ។​... អ្វី ដែល​យើង​ត្រូវធ្វើ​នៅពេលនេះ នោះ​គឺ ពង្រឹងសមត្ថភាព​ឯករាជ្យ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​យើង ចង់​ប្រជែង​ជាមួយនឹង​ការវិនិយោគ​បរទេស ដូចជា​ឥណ្ឌា និង​ចិន​នោះ យើង​ត្រូវ​ផ្តល់​វិភាគទាន​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​។​» នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។

​លោក​អតីត​អគ្គលេខាធិកា​សញ្ជាតិ​ថៃ​រូបនេះ បានផ្តល់​អនុសាសន៍​ថា អាស៊ាន គួរតែបង្កើត​ឲ្យ​មានគំនិត​ផ្តួចផ្តើម​សម្រាប់​ការអភិវឌ្ឍ​មួយ ប្រមាណ ១០០ ប៊ី​លាន ដុល្លារ ដែល​ត្រូវ​គ្រប់គ្រង​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី ។ ហើយ​ជំនួយ​នេះដែរ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រទេស​ទាំងឡាយណា ដែល​ត្រូវ​ជំនួយ​បំផុត​ដើម្បី​ការអភិវឌ្ឍ៍ ។ តែ​លោក ក៏​ទទួលស្គាល់​ដែរ​ថា កម្រិត​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋ​អាស៊ាន​នៅមានកម្រិត ។

​សូម​ជម្រាប​ផងដែរ​ថា សមាជិក​អាស៊ាន​ទាំងអស់​មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ៕


Tag:
 អាស៊ាន​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com