ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប កំពុង​ពិនិត្យមើល​ផ្លូវច្បាប់ ក្នុងការ​បែងចែក​អ​សនៈ​រដ្ឋសភា និង​ឃុំ​-​សង្កាត់ របស់​CNRP
17, Nov 2017 , 4:23 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​មួយចំនួន ដើម្បី​រៀបចំ​បែងចែក​កៅអី​រដ្ឋសភា និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​បក្ស និង​ហាម​ថ្នាក់ដឹកនាំ​១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។​



​មកដល់ពេលនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិនទាន់​ទទួលបាន​សាលដីកា​ជា​ផ្លូវការ​ពី​តុលាការ​កំពូល ឬ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នោះទេ ដូច្នេះ​គ​.​ជ​.​ប ក៏​មិនអាច​បែងចែក​អ​សនៈ​រដ្ឋសភា និង​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​។ នេះ​ការបញ្ជាក់​របស់​សមាជិក​គ​.​ជ​.​ប លោក ឯម សូផាត ដែល​បាន​បន្ថែមថា គ​.​ជ​.​ប ត្រូវអនុវត្ត​តាមផ្លូវ​ច្បាប់ មុន​សម្រេច​បែងចែក​អ​សនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​១៧ វិច្ឆិកា​នេះ លោក ឯម សូផាត បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចំពោះ​បញ្ហា​ចែក​អ​សនៈ យើង​កំពុង​សិក្សា និង​ពិនិត្យ​ក្នុងពេល​ឆាប់ៗ​នេះ នូវ​បទបញ្ជា​នីតិវិធី​បន្ថែម​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ទាំងបី ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើស​សមាជិកសភា ,​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ហើយ​គជប ជា​ស្ថាប័ន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មែន ប៉ុន្តែ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​»​។​

​បើតាម​លោក ឯម សូផាត មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កូតា​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​អាច​បន្តការងារ​របស់​ខ្លួន​ជា​ប្រក្រតី ដរាបណា​មាន​ការចេញ​លិខិតផ្លូវកា​រ​របស់​ក្រសួងមហាផ្ទៃ ទាក់ទង​នឹង​សមាសភាព​ដែល​ដាក់ជំនួស​មន្ត្រី​របស់ CNRP ដែល​ត្រូវបាន​រំលាយ​។​

​ទាក់ទង​នឹង​កៅអី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក្រសួងមហាផ្ទៃ បានស្នើ​អគ្គនាយកដ្ឋាន​រតនាគា​ជាតិ ឲ្យ​បង្កក​ប្រាក់ខែ​របស់​មន្ត្រី​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ ។ ក្រសួងមហាផ្ទៃ លើ​ហេតុផល​ថា ការ​បង្កក​ប្រាក់ខែ​នេះ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
អត្ថបទទាក់ទង

​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​យប់​ថ្ងៃទី​១៦ វិច្ឆិកា​នេះ អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​គណបក្ស​ផ្សេង យ៉ាងយូរ​២​សប្តាហ៍​ទៀត ទាំង​អាសនៈ​ក្នុង​រដ្ឋសភា និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ក្រៅពី​ប្រកាស​អំពី​កាលបរិច្ឆេទ​កំណត់​ថ្ងៃ​បែងចែក​អាសនៈ​បក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ សម្តេច ហ៊ុន សែន ក៏​មិន​ភ្លេច​បន្ត​អំពាវនាវ​ដល់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​គណបក្សនយោបាយរ​បស់​សម្តេច​ដែរ​។ សម្តេច​បញ្ជាក់ថា ឱកាស​នៅមាន​សម្រាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ថ្ងៃ​បែងចែក​អាសនៈ ហើយ​ពួកគេ​អាច​នៅ​រក្សា​ដំណែង​របស់​ខ្លួនគេ​ជា​ដដែល​។


Tag:
 គជប​
 ​ ឯម សូផាត
© រក្សាសិទ្ធិដោយ thmeythmey.com