អន្តរជាតិ
យោធាស៊ីមបាវ៉េលូកដៃក្នុងនយោបាយ ព្រោះមូហ្កាបេចង់ផ្ទេរតំណែងឲ្យប្រពន្ធ? លោក រ៉ូបឺត មូហ្កាបេ និងភរិយាក្នុងថ្ងៃខួបកំណើត៩៣ឆ្នាំរបស់លោក មូហ្កាបេ (រូបភាព៖ Xinhua)
× ក្រុមយោធាស៊ីមបាវ៉េបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយការត្រួតត្រាអំណាចនៅក្នុងប្រទេសនៅដើមសប្ដាហ៍នេះ តែបដិសេធថា ការពង្រាយកងទ័ពក្នុងរដ្ឋធានីហារ៉ារ៉េមិនមែនជារដ្ឋប្រហារឡើយ។ យោធាស៊ីមបាវ៉េហៅសកម្មភាពរបស់ខ្លួនជាប្រតិបត្តិការស្វែងរកឧក្រិដ្ឋជននៅជុំវិញប្រធានាធិបតីចាស់វស្សា រ៉ូបឺត មូហ្គាបេ ។ ហេតុអ្វីបានជាក្រុមយោធាចូលលូកលាន់ក្នុងនយោបាយពេលនេះ? នរណាជាតួអង្គសំខាន់?
យោធាស៊ីមបាវ៉េដឹកនាំដោយមេបញ្ជាការកងទ័ព Constantino Chiwenga បានដាក់ប្រធានាធិបតីវ័យ៩៣ឆ្នាំ រ៉ូបឺត មូហ្កាបេ ឲ្យស្ថិតក្នុងក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈមន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានឃាត់ខ្លួនទុកនៅបន្ទាយទាហាន។ នេះជារឿងភ្ញាក់ផ្អើលមួយក្នុងនយោបាយរដ្ឋតំបន់អាហ្វ្រិកខាងត្បូងមួយនេះ ដែលស្ថិតក្រោមការគ្រប់គ្រងលោក មូហ្កាបេ ផ្ទាល់ តាំងពីការទទួលបានឯករាជ្យឆ្នាំ១៩៨០ មក។
មកទល់ពេលនេះ ស្ថានការណ៍នយោបាយស៊ីមបាវ៉េនៅស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល ខណៈលោក មូហ្កាបេ បានជួបជាមួយលោកឧត្តមសេនីយ៍ Chiwenga នៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីស្វែងរកច្រកចេញវិបត្តិថ្មីស្រឡាងមួយនេះ។ ប៉ុន្តែជំនួបទល់មុខលើកដំបូងក្រោយយោធាក្ដាប់អំណាច មិនបានផលអ្វីទេ ដោយលោក មូហ្កាបេ ត្រូវបានរាយការណ៍ថា នៅតែក្រាញមិនបោះបង់តំណែងប្រធានាធិបតីឡើយ។
នយោបាយស៊ីមបាវ៉េដើរមកដល់ចំណុចនេះ ចាប់ផ្ដើមចេញពីការបណ្ដេញលោក Emmerson Mnangagwa ចេញពីតំណែងអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។ លោក Mnangagwa ត្រូវគេចាត់ទុកជាបេក្ខជនដែលអាចស្នងតំណែងលោក មូហ្កាបេ ។ ការបញ្ចប់តំណែងលោក Mnangagwa អាចជាការវែកផ្លូវឲ្យភរិយាលោក មូហ្កាបេ គឺលោកស្រី ហ្គ្រេស មូហ្កាបេ (Grace Mugabe) ឡើងកាន់តំណែងបន្តនៅថ្ងៃអនាគត។
តួអង្គក្នុងល្បែងនយោបាយស៊ីមបាវ៉េ
តាមការរៀបរាប់ខាងលើ វិបត្តិនយោបាយស៊ីមបាវ៉េមានតួអង្គសំខាន់ដូចជា ប្រធានាធិបតី មូហ្កាបេ, ស្ត្រីទីមួយ ហ្គ្រេស, មេបញ្ជាការកងទ័ព Chiwenga និងអតីតអនុប្រធានាធិបតី Mnangagwa ។ សាច់រឿងនៃវិបត្តិនេះ គឺបើលោក មូហ្កាបេ មិនបញ្ឈប់លោក Mnangagwa ដើម្បីបើកផ្លូវឲ្យលោកស្រី ហ្គ្រេស ទេ នោះលោក Chiwenga ក៏មិនគ្មានផ្លូវលូកលាន់កិច្ចការនយោបាយ និងចាប់បង្ខំឲ្យលោក មូហ្កាបេ បោះបង់គំនិតផ្ដល់អំណាចឲ្យប្រពន្ធរបស់ខ្លួនដែរ។
មានសញ្ញាជាច្រើនបង្ហាញថា ប្រធានាធិបតីវ័យចំណាស់ស៊ីមបាវ៉េសម្រេចចិត្តជ្រើសរើសភរិយាខ្លួនឲ្យបន្តតំណែងកំពូល។ ដោយសារសុខភាពលោក មូហ្កាបេ កាន់តែទ្រុឌទ្រោម លោកស្រី ហ្គ្រេស ដែល ជាប្រធានចលនាស្ត្រីបក្សកាន់អំណាច Zanu-PF ក៏កាន់តែចេញមុខខ្លាំងដែរ ហើយជាមួយគ្នានេះ លោក Mnangagwa ក៏កាន់តែលែងស្ថិតក្នុងក្រសែភ្នែកមេកើយរបស់ខ្លួនទៀតដែរ។ មួយថ្ងៃមុនលោក Mnangagwa អស់តំណែង លោកស្រី ហ្គ្រេស បានហៅលោក Mnangagwa ជាសត្វពស់។
លោក Mnangagwa មានលទ្ធភាពខ្ពស់ក្នុងការបន្តតំណែងពីលោក មូហ្កាបេ ព្រោះលោកជាមនុស្សជំនិតរបស់លោក មូហ្កាបេ តាំងពីមុនដណ្ដើមបានឯករាជ្យទៅទៀត។ អតីតអនុប្រធានាធិបតីរូបនេះធ្លាប់កាន់តំណែងជាច្រើន និងទទួលបន្ទុកកិច្ចការសន្តិសុខជាតិផងដែរ។ ប៉ុន្តែដោយសារជាប់ឈ្មោះជាអ្នកបង្ក្រាបឥតប្រណីលើក្រុមបាតករសម័យក្រោយឯករាជ្យ សមាជិកបក្ស Zanu-PF ជំនាន់ក្រោយមិនសូវចូលចិត្តលោកឡើយ តែមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមយោធា។
ហេតុអ្វីបានជាក្រុមយោធាចូលលូកលាន់ក្នុងនយោបាយពេលនេះ?
ជាការពិត ស្ថានភាពនយោបាយស៊ីមបាវ៉េប្រែជាក្ដៅគគុកបែបនេះ ដោយសារតែការបញ្ចប់តំណែងលោក Mnangagwa តែម្ដង។ ភ្លាមៗបន្ទាប់ពីការសម្រេចចិត្តរបស់លោក មូហ្កាបេ ក្រុមយោធាមិនទាន់មានសកម្មភាពអ្វីទេ ប៉ុន្តែនៅថ្ងៃទី១៣ ខែវិច្ឆកា លោក Chiwenga បានព្រមានអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងលោក Mnangagwa តែមិនបាននិយាយចំឈ្មោះលោកស្រី ហ្គ្រេស ឡើយ។ មេទ័ពរូបនេះព្រលយពាក្យថា យោធានឹងអន្តរាគមន៍ ។
ពីរថ្ងៃក្រោយការព្រមាននេះ រថក្រោះយោធាក៏បង្ហាញវត្តមានក្នុងរដ្ឋធានី ហើយយោធាក៏ចូលកាន់កាប់ស្ថានីយ៍ទូរទស្សន៍រដ្ឋដែរ។ ឧត្តមសេនីយ៍យោធា Sibusiso Moyo បានអះអាងថា វត្តមានកម្លាំងមិនមែនជាការប្លន់អំណាចទេ តែប្រតិបត្តិការស្វែងរកឧក្រិដ្ឋជននៅជុំវិញប្រធានាធិបតីទៅវិញ។ ឧក្រិដ្ឋជននោះ ទំនងជាសំដៅដល់លោកស្រី ហ្គ្រេស តែម្ដង ព្រោះលោកស្រីកាន់តែមានឥទ្ធិពលខ្លាំងឡើងក្នុងប្រទេស។
តាមពិតទៅ ក្រុមយោធាប្រឆាំងបេក្ខភាពលោកស្រី ហ្គ្រេស ព្រោះលោកស្រីជាមនុស្សជំនាន់ក្រោយ ដែលគ្មានបទពិសោធន៍ក្នុងសង្គ្រាមដណ្ដើមឯករាជ្យ។ ខុសពីលោកស្រី ហ្គ្រេស លោក Mnangagwa ជាយុទ្ធជនតស៊ូប្រកៀកស្មាជាមួយលោក មូហ្កាបេ ដើម្បីឯករាជ្យប្រទេសពីអាណានិគមអង់គ្លេស ដែលយោធាយល់ថាសក្តិសមសម្រាប់ជំនួសតំណែងលោក មូហ្កាបេ ។ ក្នុងការចរចានៅថ្ងៃទី១៦ ក្រុមយោធាទំនងជាបានបញ្ចុះបញ្ចូលឲ្យលោក មូហ្កាបេ លាលែង រួចផ្ទេរតំណែងឲ្យលោក Mnangagwa ប៉ុន្តែសំណើនេះត្រូវបានបដិសេធទៅហើយ៕
Tag:
ស៊ីមបាវ៉េ
រ៉ូបឺត មូហ្កាបេ
ហ្គ្រេស មូហ្កាបេ
© រក្សាសិទ្ធិដោយ thmeythmey.com