អន្តរជាតិ
ចិន​-​ហ្វីលីពីន សន្យា​មិន​ប្រើ​កងកម្លាំង​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
17, Nov 2017 , 10:19 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ស្តាំ) ទៅចាប់ដៃនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នាជំនួបនៅម៉ានីលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ រូបថត AFP
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ស្តាំ) ទៅចាប់ដៃនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នាជំនួបនៅម៉ានីលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ រូបថត AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្រមព្រៀងគ្នា​ក្នុង​ការមិន​ប្រើប្រាស់​កងទ័ព​ដើម្បី​ដោះស្រាយ​ភាពចម្រូងចម្រាស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង ដោយ​ភាគី​ទាំងពីរ យក​ផលប្រយោជន៍​នៃ​កិច្ចសហប្រតិបត្តិការ​ជា​រឿង​អាទិភាព ។​



​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាំ​ង និង​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ នៅ​ថ្ងៃ​១៦ វិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​អធិបតេយ្យ ដោយ​ភាគី​ទាំងពីរ បាន​អះអាង​ជាថ្មី ពី​សារៈសំខាន់​នៃ​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ភាគី​ទាំងពីរ ក៏បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​បាន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី លី យ៉ាង​ដូច្នេះ​ថា​៖« មិនគួរ​ឲ្យ​មាន​ឡើយ​នូវ​ហិង្សា ឬ​ការ​គំរាម​ប្រើប្រាស់​ហិង្សា​នៅ​តំបន់​ជម្លោះ ហើយ ជម្លោះ​នេះ ក៏​គួរតែ​ត្រូវ​ដោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​រវាង​ប្រទេស​ពាក់ព័ន្ធ​ដែលមាន​អធិបតេយ្យ​តែម្តង​»​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន ។ នា​ជំនួប​កំពូល​នៃ​កិច្ចប្រជុំ​អាស៊ាន​-​ចិន ដែលមាន​ហ្វីលីពីន​ជា​ម្ចាស់ និង​ទើបតែ​បញ្ចប់​ថ្មីៗ​នេះ អាស៊ាន​-​ចិន បាន​ព្រមព្រៀងគ្នា​ក្នុងការ​ចាប់ផ្តើម​ការចរចា​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​គ្រប់គ្រង​ស្ថានភាព​ផ្សេងៗ​នៅ​ទីនោះ ។​

​អ្វី​គួរកត់សម្គាល់ ពីក្រោយ​នៃ​ការ​ត្រូវ​រូ​វ​គ្នា នោះ​គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច​រវាង​ភាគី​ទាំងពីរ ។ នៅ​ថ្ងៃ​១៥ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី លី និង​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ក៏បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ ។ ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ចំនួន​១៤​ដែល​ពាក់ព័ន្ធ​លើ​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។

​ជាងនេះទៅទៀត​នោះ តាមរយៈ​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី លី ក៏បាន​សន្យា​ផ្តល់ជំនួយ​ប្រមាណ ជាង​២០ លាន​ដុល្លារ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​ស្តារ និង​សាងសង់​ឡើងវិញ​នៅ​តំបន់​រង​ការវាយប្រហារ Marawi របស់​ហ្វីលីពីន ដែល​ទើបតែ​ត្រូវបាន​រដ្ឋាភិបាល​ហ្វីលីពីន​រម្តោះ​បាន​ពី​ក្រុម​ឧទ្ទាម​កាលពីពេល​ថ្មីៗ​នេះ ៕


Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិខ​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com