ជាតិ
សាលាឧទ្ធរណ៍ ឲ្យ​លោក គឹម សុខ ជាប់ឃុំ​ដដែល​
17, Nov 2017 , 10:39 pm        
រូបភាព
លោក គឹម សុខ ពេលត្រូវបានបញ្ជនទៅតុលាការកាលពីថ្ងៃទី១០ ខែសីហា។ រូបថត AFP
លោក គឹម សុខ ពេលត្រូវបានបញ្ជនទៅតុលាការកាលពីថ្ងៃទី១០ ខែសីហា។ រូបថត AFP
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​រង​បណ្តឹង​ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​មួយឆ្នាំ​កន្លះ​ដដែល​។ សាលាឧទ្ធរណ៍ បានចេញ​សាលដីកា​សម្រេច​យ៉ាង​ដូច្នេះ បន្ទាប់ពី​បើកសវនាការ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ​។



​សាលាឧទ្ធរណ៍ យល់ថា ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ឲ្យ​លោក គឹម សុខ ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​កន្លះ គឺ​ត្រឹមត្រូវ​តាមច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទូច ថា​រិ​ទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​លោក គឹម សុខ ពិត ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន ទើប​សាលាឧទ្ធរណ៍ តម្កល់​សាលក្រម​របស់​សាលាដំបូង ទុកជាបានការ​»​។ 

​ប៉ុន្តែ លោក ជូ​ង ជូ​ងី មេធាវី​របស់លោក គឹម សុខ អះអាងថា លោក មិនអាច​ទទួលយកបាន​ទេ ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ហើយ​នឹងដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល ដើម្បី​បន្ត​តវ៉ា នៅក្នុង​សំណុំ​រឿងនេះ​។ លោក​មេធាវី បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​យល់ថា សាលាឧទ្ធរណ៍ មិនបាន​ផ្តល់​យុត្តិធម៌​ឲ្យ​កូនក្តី​របស់ខ្ញុំ​ទេ​»​។​

​រហូតមកដល់​ពេលនេះ លោក គឹម សុខ បាន​ជាប់ពន្ធនាគា​ររ​យៈ​ពេល​ជាង​១0​ខែ​ហើយ ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» ដែល​ប្តឹង​ដោយ​មេធាវី​របស់​សម្តេច ហ៊ុន សែន​។ បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​៕


Tag:
 គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com