អន្តរជាតិ
រដ្ឋអឺរ៉ុបប្រកាសបន្ថែមជំនួយហិរញ្ញវត្ថុទ្រទ្រង់ប្រទេសក្រីក្របន្សាំនឹងការប្រែប្រួលអាកាសធាតុ នាយកប្រតិបត្តិមូលនិធិ Adaptation Fund លោកស្រី Naoko Ishii (រូបភាព៖ គណនី Twitter ផ្លូវការរបស់មូលនិធិ Adaptation Fund)
× (Bonn)៖ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ បណ្តារដ្ឋអឺរ៉ុបមួយចំនួនបានប្រកាសបន្ថែមជំនួយដល់កម្មវិធីមូលនិធិបន្សាំ (Adapation Fund) នឹងការប្រែប្រួលអាកាសធាតុ។ ស៊ុយអែត, បែលហ្ស៊ិក អ៊ីតាលី អៀកឡង់ និងអាល្លឺម៉ង់ជាដើមសុទ្ធតែបានប្រកាសផ្តល់ថវិកាបន្ថែមជួយប្រទេសក្រីក្របន្សាំនឹងការប្រែប្រួលអាកាសធាតុ។
ថ្ងៃព្រហស្បតិ៍ទី ១៦ វិច្ឆិកា នៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ
រដ្ឋាភិបាលស៊ុយអែតប្រកាសផ្តល់ជំនួយបន្ថែមដល់កម្មវិធីមូលនិធិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (Adaptation Fund ) ក្នុងទំហំទឹកប្រាក់ ២១លានដុល្លារអាមេរិក និងមូលនិធិសម្រាប់ជួយដល់ប្រទេសក្រីក្រ (LDCF)ក្នុងទំហំទឹកហិរញ្ញវត្ថុដូចគ្នា។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានស្ថាប័ន
Global Environment Facility។
ស្របពេលជាមួយគ្នានោះដែរ បែលហ្ស៊ិកក៏សម្រេចផ្តល់ជំនួយបន្ថែមក្នុងទំហំទឹកប្រាក់ ៧លានអឺរ៉ូសម្រាប់មូលនិធិជួយប្រទេសក្រីក្រ ស្របពេលដែលតំបន់ Wallonia ស្ថិតនៅភាគខាងត្បូងប្រទេសបែលហ្ស៊ិកប្រកាសផ្តល់ជំនួយ ៣,២៥ លានអឺរ៉ូទៅកាន់មូលនិធិខាងលើ។
កាលបើកសន្និសីទ COP23
អាល្លឺម៉ង់បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទំហំ ១០០លានអឺរ៉ូជួយគាំទ្រប្រទេសក្រីក្រអនុវត្តកម្រោងបន្សាំ ក្នុងនោះ ៥០លានអឺរ៉ូត្រូវផ្តល់ឲ្យកម្មវិធីមូលនិធិបន្សាំ(AF) និងមូលនិធិសម្រាប់ជួយប្រទេសក្រីក្រ។ គេឃើញប្រទេសអ៊ីតាលី និងអៀកឡង់សុទ្ធតែប្រកាសផ្តល់ជំនួយគាំគម្រោងបន្សាំដូចគ្នា។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល នាយកប្រតិបត្តិនៃស្ថាប័ន GEF លោកស្រី Naoko Ishii បានថ្លែងអំណរគុណដល់បណ្តាប្រទេសខាងលើដែលបានផ្តល់ជំនួយបន្ថែមគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
«ប្រទេសក្រីក្រ និងប្រទេសងាយរងគ្រោះក៏ដូចជាសហគមន៍ដែលប្រឈមបញ្ហាខ្លាំងជាងគេ។ ខ្ញុំចង់ថ្លែងអំណរគុណដល់ជប៉ុន ស៊ុយអែត អ៊ីតាលី អៀកឡង់ បែលហ្សិក និងតំបន់ Wallonia ដែលបានជួយគាំទ្រ និងប្តេជ្ញាចិត្តជួយប្រទេសក្រីក្រកសាងសមត្ថភាពដែលធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»។ លោកស្រី Naoko បានបញ្ជាក់ដូច្នេះ។
សូមបញ្ជាក់ថា បណ្តាប្រទេសដែលជាភាគីទៅអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុចំនួន ១៩៤ បានឯកភាពគ្នាបង្កើតមូលនិធិសម្រាប់ប្រទេសក្រីក្រ (LDCF) កាលពីឆ្នាំ ២០១១។ មូលនិធិនេះស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន Global Environment Facility (GEF) ដើម្បីជួយទ្រទ្រង់បណ្តាប្រទេសនានាដែលរងគ្រោះខ្លាំងដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ។មកដល់បច្ចុប្បន្ន មូលនិធិនេះគាំទ្រការអនុវត្តគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុចំនួន យ៉ាងហោចណាស់ ២៥០នៅក្នុងប្រទេស ៥១ នៅទូទាំងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com