ជាតិ
សង្គមជាតិ
ស.ស.យ.ក គាំទ្រការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីសន្តិភាព និងស្ថិរភាព
× សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញផ្សាយសេចក្តីថ្លែងការណ៍ដ៏កម្រមួយដែលទាក់ទងនឹងសង្គមនយោបាយ ដោយប្រកាសគាំទ្រសេចក្តីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។
មូលហេតុចំបងរបស់ចលនាយុវជនដ៏ធំមួយនេះដែលគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិ គឺដើម្បីស្ថិរភាព និងសន្តិភាព។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស.ស.យ.ក បានរំឮកឡើងវិញអំពីសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍ដែលបានកើតមាននៅកម្ពុជា និងបានរារាំងការអភិវឌ្ឍន៍របស់កម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះ៖«មេរៀនមួយដ៏សំខាន់សម្រាប់យុវជនយើងទាំងអស់គ្នាគឺថា កម្ពុជាមិនអាចប្រថុយប្រថានដោយយកសន្តិភាព និងស្ថិរភាព ជាការដកពិសោធន៍ណាមួយទៀតបានឡើយ»។
យុវជន ស.ស.យ.ក បានសរសេរថា ពួកគេជាសាក្សីនៃព្យាយាមថែរក្សាសន្តិភាព និងស្ថិរភាពរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ជាសន្តិភាពដែលពួកគេយល់ថា បានផ្តល់ឱកាសពេញលេញក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹងផ្ទាល់ខ្លួន និងបានចូលរួមកសាងសង្គមជាតិទៀតផង។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល សហភាពសហព័ន្ធយុវជនកម្ពុជាបានអំពាវនាវដល់ប្រជាជនខ្មែរ និងពិសេសយុវជន បង្ហាញសាមគ្គីភាព និងលើកតម្កើងសន្តិភាព និងស្ថិរភាព ក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com