Bonn៖ អង្គការសុខភាពពិភពលោក (WHO) និង លេខាធិការដ្ឋាននៃអនុញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCC Secretariat) បានចុះអនុស្សារនៈយោគយល់គ្នាមួយក្នុងសន្និសីទអាកាសធាតុលើកទី២៣ (COP23) នៅអាល្លឺម៉ង់។ ស្ថាប័នអន្តរជាតិទាំងពីរប្តេជ្ញាចិត្តដោះស្រាយបញ្ហាសុខភាពសាធារណៈដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
ខណៈដែលការជជែកគ្នារកដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុនៅបន្ត ប្រជាជននៅបណ្តាប្រទេសកំពុងអភិវឌ្ឍបានរងគ្រោះរួចទៅហើយដោយសារផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុនោះ។ ផលប៉ះពាល់លើសុខភាពជាកង្វល់ដ៏ធំរបស់បណ្តាប្រទេសក្រីក្រទាំងនោះ។
នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ អង្គការសុខភាពពិភពលោកបានសម្រេចចុះកិច្ចព្រមព្រៀងជាមួយលេខាធិការដ្ឋានប្រែប្រួលអាកាសធាតុដើម្បីបន្តដោះស្រាយបញ្ហាសុខភាពសាធារណៈដែលរងផលប៉ះពាល់ពីការឡើងកម្តៅនៃផែនដី។
លេខាធិការ នៃអនុញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលោកស្រី Patricia Espinosa បានថ្លែងដូច្នេះថា៖ «ខ្ញុំរីករាយដែលស្ថាប័នទាំងពីរពង្រឹងសម្ព័ន្ធភាពឲ្យកាន់តែខ្ពស់។ កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសត្រូវការភាគីទាំងអស់ចូលរួម ប្រសិនយើងចង់សង្គ្រោះផែនដី ធានាសុខុមាលភាពប្រជាជន និងផែនដីនៅពេលអនាគត»។
លោកស្រីបានឆ្លៀតរំលឹកផងដែរពីផលប៉ះពាល់ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុលើសុខភាពប្រជាជនលើពិភពលោក ដែលវាបញ្ជាក់ថា ពិភពលោកមិនអាចព្រងើយកន្តើយឬបង្អែរបង្អង់យូរបានឡើយ។
«ប្រជាជនជាច្រើនបានជួបបញ្ហាប្រឈមផ្នែកសុខភាពព្រោះការប្រែប្រួលអាកាសធាតុ ដូចជាបំពុលខ្យល់ រលកកម្តៅ បំពុលទឹក និងអាកាសធាតុមិនទៀងទាត់ផ្សេងទៀត។ បើយើងចួលរួមទាំងអស់គ្នា យើងអាចសម្រេចគោលដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយយើងក៏អាចចួលរួមចំណែកលើកស្ទូយសុខុមាលភាពប្រជាជនរាប់ពាន់លាននាក់ដែរ»។
អនុស្សារណៈយោគយល់គ្នាដែលត្រូវបានបង្កើតរួមគ្នារវាងស្ថាប័នអន្តរជាតិទាំងពីរនេះនឹងជួយរួមចំណែកគាំទ្រប្រទេសនានាលើពិភពលោកក្នុងការពង្រឹងប្រសិទ្ធភាពសុខាភិបាលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជារួមវានឹងជំរុញការកសាងភាពអត់ធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាគាំទ្រប្រទេសដែលមានប្រព័ន្ធសុខភិបាល ខ្សោយនោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធានាបានថា ពិភពលោកអាចសម្រេចគោលដៅអភិវឌ្ឍដោយចីរភាពនៅក្នុងឆ្នាំ ២០៣០ ខាងមុខផង។
ដោយឡែក អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus កត់សម្គាល់ផងដែរថា ការដោះស្រាយបញ្ហាសុខាភិបាលដែលរងការគំរាមកំហែងដោយការប្រែប្រួលអាកាសធាតុនេះជារឿងសំខាន់សម្រាប់ពិភពលោក។
«ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមធំបំផុតចំពោះសុខភាពរបស់យើងទាំងអស់គ្នា។ សុខភាពក្មេងជំនាន់ក្រោយទូទាំងពិភពលោកគឺពឹងលើយើងទាំងអស់គ្នាដែលត្រូវចាប់ផ្តើមរកដំណោះស្រាយនៅពេលនេះ»។
ដោយសារការប្រែប្រួលអាកាសធាតុ ពិភពលោកនឹងប្រឈមកំណើនគ្រោះមហន្តរាយធម្មជាតិដូចព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត កង្វះអាហារូបត្ថម្ភ រលកកម្តៅ និងបញ្ហាផ្សេងទៀតដែលគំរាមកំហែងសុខភាពប្រជាជនជាពិសេសជនងាយរងគ្រោះនិងក្រីក្រផង។ របាយការណ៍ស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបង្ហាញថា ចន្លោះពីឆ្នាំ ២០៣០ ដល់ ២០៥០ ចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ២៥ម៉ឺននាក់រាល់ឆ្នាំដោយសារបញ្ហានេះ៕