អន្តរជាតិ
គ្រាន់តែ​ចេញ​មុន​២០​វិនាទី ក្រុមហ៊ុន​រថភ្លើង​ជប៉ុន​ចេញមុខ​សុំទោស​ជា​សាធារណៈ​
18, Nov 2017 , 11:25 am        
រូបភាព
ដោយ: ធីតា
​រថភ្លើង​ជប៉ុន មាន​ភាពល្បីល្បាញ​បំផុត​ចំពោះ​ការ​ទៀងទាត់​ពេលវេលា​ចេញដំណើរ ប៉ុន្តែ​កំហុស​បច្ចេកទេស​មួយ​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​រថភ្លើង​ដែល​ស្ថិត​ស្ថានីយ​ក្បែរ​ក្រុង​តូ​ក្យូ បានចេញ​ដំណើរ​មុន​កាលកំណត់​២០​វិនាទី​។​



​រថភ្លើង Tsukuba Express ត្រូវ​ចាក​ចេញពី​ស្ថានីយ៍ Minami Nagareyama ទៅ Tsukuba នា​ថ្ងៃ​អង្គារ​កន្លងមក នៅ​ព្រឹក​ម៉ោង​៩.៤៤.៤០ ប៉ុន្តែ​វា​បែរ​បានចេញ​ដំណើរ​មុន​២០​វិនាទី ពោលគឺ​វេលា​ម៉ោង ៩.៤៤.២០ វិញ​។​

​ចំពោះ​លឿន​២០​វិនាទី មុន​កាលកំណត់​នេះ ក្រុមហ៊ុន Metropolitan Intercity Railway បានចេញ​សេចក្តី​ថ្លែង​ការសុំ​ទោស​ជា​សាធារណៈ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដោយបាន​អះអាងថា វា​ជា​កំហុស​របស់​មន្ត្រី​ដែល​មិនបាន​ផ្ទៀង​ផ្ទាល់​ពេលវេលា​នៃ​ការចេញដំណើរ​។​

​សេចក្តីថ្លែងការណ៍​បាន​អះអាង ថា​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត ឬ​បញ្ហា​អវិជ្ជមាន​នានា បើទោះបីជា​ពួកគេ​មិន​ទទួលបាន​នូវ​បណ្តឹង​ណាមួយ​ក៏ដោយ​។​

​អ្នកដំណើរ​ទាំង​អស់មិ​ន​មានប្រតិកម្ម​អ្វី​នោះឡើយ ដោយ​ពួកគេ​សុទ្ធតែ​បាន​ទៅដល់​គោលដៅ​របស់ខ្លួន​។ រថភ្លើង Tsukuba Express មាន​ល្បឿន​ជាង​១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​ចាប់​បើក​ដំណើរការ​តាំងពី​ឆ្នាំ​២០០៥​មក ដោយ​ផ្ទុក​អ្នកដំណើរ​ជាង​២៣០ ០០០​នាក់​ជា​រៀងរាល់ថ្ងៃ​។​

​ការចេញមុខ​សុំទោស​ចំពោះ​ការខុស​ពេលវេលា​២០​វិនាទី បង្ហាញ​ពី​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន ដែលមាន​ឈ្មោះ​ល្បីល្បាញ​លើ​ការ​ទៀងទាត់​ពេលវេលា​នៃ​ការចេញដំណើរ និង​ការ​ទៅដល់​ស្ថានីយ៍​៕


Tag:
 ជប៉ុន​
  រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com