ជាតិ
ព្រះរាជអាជ្ញាចោទអតីតអ្នកសារព័ត៌មានអាស៊ីសេរីថា ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស
× អតីតអ្នកព័ត៌មានអាស៊ីសេរីទាំង២នាក់ គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ»តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។ តាមបទចោទនេះ អ្នកទាំង២ ប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។
ព្រះរាជអាជ្ញាសាលាដំបូងបានសម្រេចចោទ អតីតអ្នកព័ត៌មានអាស៊ីសេរីទាំង២នាក់ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ»តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។ នេះបើតាម លោក កែវ វ៉ាន្នី មេធាវីការពារក្តី ឲ្យបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២នាក់នេះ ដែលបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។ តាមមេធាវីដដែល តុលាការនឹងបន្តឃុំខ្លួនកូនក្តីរបស់លោក ២រូប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ។
មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ចែងថា«បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ»។
សូមបញ្ជាក់ថា អតីតអ្នកយកព័ត៌មានរបស់វិទ្យអាស៊ីសេរី ២នាក់ គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ម៉ារ៉ាឌី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមហេតុផលថា ពួកគេបានរៀបចំបើកអាជីវកម្មថតរូបមិនបានសុំច្បាប់អនុញ្ញាត និង លួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស។
ប៉ុន្តែអតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន បានលើកឡើងថា លោកបានជួលបន្ទប់ផ្ទះសំណាក់មួយនេះ ដើម្បីបើកជាស្ទូឌីយូសម្រាប់ច្រៀងខារ៉ាអូខេ ថតវីដេអូក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីបុណ្យផ្សេងៗ និងគ្រោងរៀបចំថតចម្រៀងសម្រាប់លក់ កម្សាន្តជាគ្រួសារប៉ុណ្ណោះ។ នេះបើតាមកំណត់ហេតុរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានសួរនាំលោក អ៊ួន ឈិន៕
© រក្សាសិទ្ធិដោយ thmeythmey.com