ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្លាក​ផ្សេងៗ​របស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រុះរើ​បន្ទាប់ពី​មាន​បញ្ជា​ពី​ក្រសួងមហាផ្ទៃ​
18, Nov 2017 , 2:22 pm        
រូបភាព
ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិមុនរុះរើ(ថតនៅថ្ងៃទី១៦ ខែវិច្ឆិកា)
ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិមុនរុះរើ(ថតនៅថ្ងៃទី១៦ ខែវិច្ឆិកា)
ដោយ:
​ស្លាក បដា និង​ពាក្យស្លោក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំងប្រទេស​កម្ពុជា កំពុង​ត្រូវបាន​រុះរើ​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ ក្រោយពី​មាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ពី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ មិនតែប៉ុណ្ណោះ​ស្នាក់ការ​កណ្ដាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​រុះរើ​ស្លាក បដា ពាក្យស្លោក​របស់​គណបក្ស​ខ្លួន ចេញពី​អគារ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះដែរ​។



​ដល់​ថ្ងៃ​ដែល​ស្លាក បដា និង​ពាក្យស្លោក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រុះរើ​ចេញពី​ទីកន្លែង​ដែល​ធ្លាប់មាន​ក្នុងប្រទេស​កម្ពុជា​ហើយ​។ នេះ​ជាការ​អនុវត្ត​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​តម្រូវ​ឲ្យ​រាជធានី ខេត្ត​ទាំងអស់ អនុវត្តតាម​សាលដីការ​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ស្នាក់ការ​កណ្ដាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រុះរើ​ស្លាក បដា​ផ្សេងៗ​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៨ តែម្ដង​។ សាលា​រាជធានី​ឲ្យ​ដឹងថា បុគ្គលិក​ស្នាក់ការ​បក្ស​បាន​រុះរើ​ដោយ​ខ្លួនឯង បន្ទាប់ពី​មានការ​ជូនដំណឹង​ពី​សាលា​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថា​ការរុះរើ​នេះ​ធ្វើឡើង​ទូទាំងប្រទេស តប​តាម​ការបញ្ជា​ពី​ក្រសួងមហាផ្ទៃ មិនមែន​មានតែ​រាជធានី​ភ្នំពេញ​នោះទេ​។ សាលា​រា​ធានី​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ការរុះរើ​នេះ នឹងត្រូវ​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​ដើម្បី​បញ្ចប់ តែ​ក្នុងករណី​ដែល​ស្នាក់ការ​ណាមួយ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង​នោះ សាលា​រាជធានី​នឹង​អនុវត្តតាម​បញ្ជា​ដែល​បានកំណត់​។ លោក មាស​ភក្តី ពន្យល់​ដូច្នេះ​៖«​ដោយសារតែ​យើង​ទើបតែ​បាន​លិខិត​កាលពី​ម្សិលមិញ​ដែរ ឥលូវ​នេះ​យើង​កំពុងតែ​ជូនដំណឹង​ទៅ​ស្នាក់ការ​គណបក្ស​ទូទាំង​រាជ​ធា​នៅ​ភ្នំពេញ ជាមួយ​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ឲ្យ​ចុះ​រុះរើ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​។ បើសិនជា​គេ​មិន​អនុវត្តតាម​ទេ យើង​និង​ធ្វើតាម​បញ្ជា​ដែល​បានកំណត់​»​។​

​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ការចុះ​រុះរើ​នេះ ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ជាបន្ទាន់ ដោយ​តម្រូវ​ឲ្យ​ស្នាក់ការ ឬ​អគារ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រុះរើ​ស្លាក បដា ឬ​ពាក្យស្លោក    ផ្សេងៗ​របស់ខ្លួន​ចេញពី​អគារ​។ ចំណែក​ស្លាក ឬ​បដា នៅតាម​ទីសាធារណៈ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​រុះរើ​ជាបន្ទាន់​។ លើសពីនេះ ក្រសួងមហាផ្ទៃ​បាន​ហាម​មិន​ឲ្យ​មាន​សកម្មភាព​ណា​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​ឡើយ​។ មិនតែប៉ុណ្ណោះ​ក្រសួងមហាផ្ទៃ ក៏​តម្រូវ​ឲ្យ​មានការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អនុវត្ត​សាលដីការ​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​រាជធានី ខេត្ត​នីមួយៗ​។​

​សូមបញ្ជាក់ថា តាម​អំណាច​នៃ​សាលដីកា​របស់​តុលាការ​កំពូល គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ជា​ស្ថាពរ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ សាលដីការ​នេះ ក៏បាន​ដកហូត​សិទ្ធិ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ទាំង​១១៨​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ និង​នយោបាយ​ឡើយ​៕


Tag:
 សង្គម​
 ​ គណបក្ស​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com