ជាតិ
AFD គ្រោង​ជំនួយ​ជាង​២៣៦​លាន​ដុល្លារ ឲ្យ​ក្រសួង​ធនធានទឹក អភិវឌ្ឍ​គម្រោង​ស្ដារ​ប្រព័ន្ធធារាសាស្ត្រ
18, Nov 2017 , 3:20 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) បានគ្រោង​កញ្ចប់​ជំនួយ ទឹកប្រាក់​ប្រមាណ​២០០​លាន​អឺរ៉ូ  ស្មើ​ជាង ២៣៦ លាន​ដុល្លារ ដល់​ក្រសួង​ធនធានទឹក ដើម្បី​អភិវឌ្ឍ​គម្រោង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ធា​រា​សស្ត្រ និង​ព្រែក​នាំ​ដីល្បាប់​នានា សម្រាប់​ជំ​ហ៊ាន​ទី​២​។ គម្រោង​នេះ មាន​រយៈពេល ៨​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​ទៅ​។​



​ការផ្ដល់​ជំនួយ​ជាង ២៣៥​លាន​ដុល្លារ​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​រវាង លោក Vatché PAPAZIAN នាយក​គម្រោង​ទទួលបន្ទុក​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ជីវចម្រុះ នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD) និង​លោក លឹម​គានហោ រដ្ឋមន្ត្រីក្រសួង​ធន​ធា​ទឹក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក ក្រសួង​ធនធានទឹក​។



​នៅក្នុង​ជំនួប​នេះ លោក Vatché PAPAZIAN បញ្ជាក់ថា AFD បានគ្រោង​កញ្ចប់​ថវិកា​ប្រមាណ ២០០​លាន​អឺរ៉ូ ស្មើនឹង​ជាង ២៣៥​លាន​ដុល្លារ ដែលជា​គម្រោង​ជំហាន​ទី​២ នឹងត្រូវ​អនុវត្ត​សម្រាប់​រយៈពេល​៨​ឆ្នាំ និង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨ តទៅ​។ «​គម្រោង​ជំហាន​ទី​២​នេះ ត្រូវអនុវត្ត​ក្នុង​រយៈពេល​៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដោយ​បែង​ចែកជា ៤ ដំណាក់កាល​។ សម្រាប់​ដំណាក់កាល​ទី​១ (២០១៨-២០១៩) ក្រសួង​ធនធានទឹក នឹងមាន​កញ្ចប់​ថវិកា ប្រមាណ​ពី ៧១.៥​ទៅ ៧៣.៥ លាន​អឺរ៉ូ សម្រាប់​អនុវត្តន៍​គម្រោង​»​។ នេះ​បើតាម លោក Vatché PAPAZIAN​ដដែល​។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ប្រតិភូ AFD នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ចំពោះ​ទីភ្នាក់ងារ AFD ដែល​បាន​យកចិត្តទុកដាក់ ឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា លោក Vatché PAPAZIAN បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​រយៈពេល ១០​ថ្ងៃ ដើម្បី​វាយតម្លៃ​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ និង​ព្រែក​នានា​ជំហាន​ទី​១ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុវត្ត ក្រោម​ហិរញ្ញប្បទាន​ពី AFD និង​ក៏បាន​វាយតម្លៃ លើ​ទីតាំង​គម្រោង​ថ្មី ដែលជា​ការអនុវត្ត​ក្នុង​ជំហាន​ទី​២ ដែល​នឹង​ចាបផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០១៨ តទៅ​នេះដែរ​៕


Tag:
 លឹម គានហោ​
  Vatché PAPAZIAN
  ជំនួយ​
© រក្សាសិទ្ធិដោយ thmeythmey.com