កីឡាជាតិ
ជាតិ
ការប្រកួត​បាល់ទាត់​ត្រៀម​ស៊ី​ហ្គេម និង​ក្រោយ​ស៊ី​ហ្គេម ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​
18, Nov 2017 , 4:59 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ចំនួន​៣ គឺ​ការប្រកួត​ជម្រើស​ជើងឯក​យុវជន U14 យុវជន U16 និង​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏​នឹងដាក់​ឲ្យ​ប្រើប្រាស់​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​របស់​ខេត្ត នៅ​ថ្ងៃអាទិត្យ​នេះ​ផងដែរ​។​



​ការប្រកួត​បាល់់ទាត់​ចំនួន​៣ ដែល​រៀបចំ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ រួមមាន​ការប្រកួត​ជម្រើស​ជើងឯក​យុវជន U14, U16 និង​ជម្រើស​ជើងឯក​នារី​ឆ្នាំ​២០១៧ បើក​យុទ្ធនា​ការប្រកួត​វគ្គ​ជម្រុះ នា​ថ្ងៃអាទិត្យ ទី​១៩ ខែវិច្ឆិកា នេះ នៅ​កីឡដ្ឋាន​ខេត្តកំពត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ សាលា​តម្រង់ទិស​កីឡាបាល់ទាត់​របស់​ខេត្តកំពត ដែលជា​ផែនការអភិវឌ្ឍន៍​កីឡាបាល់ទាត់​រយៈពេល​វែង​របស់ខ្លួន នៅថ្ងៃនោះ​ដែរ​។ ពិធី​បើក​ការប្រកួត ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អភិបាល​ខេត្តកំពត នឹង​ចាប់ផ្តើម​ពី​ម៉ោង​៣​រសៀល​តទៅ​។​

​បន្ទាប់ពី​ពិធី​បើក​ការប្រកួត ក៏មាន​ការប្រកួត​បើកឆាក​រវាង​ក្រុមយុវជន U16 ខេត្តកំពត​ជាមួយ​យុវជន U16 ខេត្តកោះកុង នៅ​ម៉ោង​៣​កន្លះ​។ ព្រឹត្តិការណ៍​ដែល​បានចាប់ផ្តើម​ព្រម​គ្នា នៅ​ថ្ងៃទី​១៩ វិច្ឆិកា ទាំង​៣​ខាងលើ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ដូចគ្នា​។​

​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចាត់ទុក​ព្រឹត្តិការណ៍​ខាងលើ ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​រយៈពេល​វែង សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ក្រោយ​ឆ្នាំ​២០២៣៕


Tag:
 បាល់ទាត់​
  យុវជន U14
  U16
  បាល់ទាត់​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com