ជាតិ
សង្គមជាតិ
ក្រសួង​ព័ត៌មាន ហាម​ការផ្សាយ​ស្ប៉ត​គ្រឿង​ស្រវឹង ដែលមាន​ស្ត្រី​លើក​ដប ឬ​កែវស្រា ចាប់ពី​ឆ្នាំ​២០១៨​ទៅ​
19, Nov 2017 , 8:59 am        
រូបភាព
​ស្ប៉ត​គ្រឿង​ស្រវឹង ដែល​បង្ហាញ​ពី​សកម្មភាព​ស្ត្រី​លើក​កែវស្រា ឬ​ដប​ស្រា នឹងត្រូវ​រង​ការហាម​ចាក់ផ្សាយ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ រយៈពេល​មួយខែ ឬ​១​ឆ្នាំ​។ មុននឹង​អនុវត្ត​វិធានការ​នេះ ចាប់ពី​ឆ្នាំ​២០១៨​ទៅ ក្រសួង​បាន​ទុកពេល​៣ ទៅ​៤ ខែ ដើម្បី​ឲ្យ​ម្ចាស់​ផលិត​ស្រា ឬ​ស្រា​បៀរ​ទាំងអស់ កែសម្រួល​ខ្លឹមសារ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​របស់ខ្លួន​ឲ្យ​ល្អប្រសើរ ចៀសវាង​ការផលិត​ស្ប៉ត​ដែលមាន​ខ្លឹមសារ​អវិជ្ជមាន ឬ​មាន​លក្ខណៈ​ឃោសនា​អូសទាញ ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ទទួលទាន​គ្រឿង​ស្រវឹង​។​



​ក្រសួង​ព័ត៌មាន នឹង​ហាម​ផ្សាយ​ស្ប៉ត​គ្រឿង​ស្រវឹង​រយៈពេល​មួយខែ បើ​ស្ប៉ត​ទាំងនោះ​មិន​គោរព​តាម​សេចក្ដីណែនាំ និង​គោលការណ៍​របស់​ក្រសួង ទាក់ទង​នឹង​ការផលិត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម និង​រយៈ​១​ឆ្នាំ បើ​នៅតែ​បំពាន​គោលការណ៍​របស់​ក្រសួង​។ លោក លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បញ្ជាក់​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ រួច​បន​ត្ថា ការអនុវត្ត​នេះ នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៨​តទៅ ហើយ​ក្រសួង​ទុក​រយៈ​ពេលដែល​នៅសល់​នេះ ដើម្បី​ឲ្យ​ម្ចាស់​ផលិត​ស្រា ឬ​ស្រា​បៀរ​ទាំងអស់ កែសម្រួល​ខ្លឹមសារ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​របស់ខ្លួន​។

​បើតាម​លោក ផុស សុវណ្ណ ចាប់ពី​ឆ្នាំ​២២០១៨ រាល់​ស្ប៉ត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ត្រូវបាន​តម្រូវ​ឲ្យ​យកមក​ចុះបញ្ជី​ការ នៅ​ក្រសួង​ជាមុន មុននឹង​ផ្សព្វផ្សាយ​ស្ប៉ត​ទាំងនោះ​។ នៅក្នុង​ស្ប៉ត​ទាំងអស់ ហាម​មាន​ស្ដ្រី​ដាក់​ភ្ជាប់​ជាមួយនឹង​ការ​ពិសា​ស្រា ឬ​ស្រា​បៀរ​។ លោក ផុស សុវណ្ណ ពន្យល់​បន្ថែម​ដូច្នេះ​៖«​តាម​ការផ្សាយ​ទូទៅ ឃើញថា​ពាណិជ្ជកម្ម​មាន​រូបភាព​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​លើក​ដប​ស្រា​បៀរ ដើម្បី​ទាក់ទាញ​អីចឹង​ទៅ យើង​ចង់​ឲ្យ​មាន​រូបភាព​ហ្នឹង​ទេ​។ ជាក់ស្តែង​គោលដៅ​របស់​យើង គឺ​យើង​ចង់​ឲ្យ​ផ្សាយ​តែ​ឡូហ្គោ​ទេ ប៉ុន្តែ​យើង​គិតថា​ជំ​ហ៊ាន​ដំបូង មិនអាច​ជោគជ័យ​ទេ អីចឹង​យើង​ធ្វើ​មួយ​ជំ​ហ៊ានៗ​សិន​»​។

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក៏​ស្នើ​ឲ្យ​ក្រុមហ៊ុនផលិតស្រាបៀរ និង​ផលិត​គ្រឿង​ស្រវឹង​ទាំងអស់ ចូលរួម​សហការ​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​ដោយ​ការទទួលខុសត្រូវ ចៀសវាង​ការផលិត​ផល​ស្ប៉ត​ដែលមាន​ខ្លឹមសារ​អវិជ្ជមាន ដែល​បង្ហាញ​ពី​ការផ្ដល់​រង្វាន់ ឬ​ស្ប៉ត​ដែលមាន​លក្ខណៈ​ឃោសនា​អូសទាញ​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​យុវជន ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ជាដើម​៕


Tag:
 គ្រឿង​ស្រវឹង​
 ​ ស្ប៉ត​
 ​ ផុស សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com