ជាតិ
លោក ប្រាក់ សុខុន នឹង​ទៅ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ចន្ទ
18, Nov 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០​និង​ទី​២១ ខែវិច្ឆិកា​នេះ នៅ​ក្រុង​ណៃ​ពី​ដោ ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​,​ចិន​,​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ប្រមុខ​ប្រតិភូ​នៃ​ប្រទេស​ផ្សេងទៀត​។​



​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០​និង​ទី​២១ ខែវិច្ឆិកា​នេះ នៅ​ក្រុង​ណៃ​ពី​ដោ ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បន្ត​បញ្ជាក់ថា កិច្ចប្រជុំ​នេះ មាន​ប្រធានបទ​«​ការពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចី​ភាព​»​។ ប្រធានបទ​នេះ នឹង​ផ្តល់​កាលា​នុ​វន្ត​ភាព ដើម្បី​ស្វែងរក​របៀប និង​មធ្យោបាយ ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ សម្រាប់​ការជំរុញ​សន្តិភាព សុខដុមភាព ការអភិវឌ្ឍ និង​វិបុលភាព នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន និង​លោក Kyaw Tin អនុរដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការប្រឹក្សា​នយោបាយ រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​២​។ បន្ថែម​ពី​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោកស្រី អ៊ុង​សាន ស៊ូ​ជី​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​, លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​, លោក កា​ហ្ស៊ុ​យ​គី ណា​កា​ណេ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួនទៀត​។​

​សូមបញ្ជាក់ កម្ពុជា​បាន​ចូល​ជា​សមាជិក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំ​២០០៤ នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​៥​នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ធ្លាប់ជា​សម្របសម្រួល​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប សម្រាប់​អាស៊ាន​នៅ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១០ ៕


Tag:
 ប្រាក់ សុខុន​
  ​អាស៊ី​-​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com