អន្តរជាតិ
អាមេរិក​ទទូច​ឲ្យ​រដ្ឋ​អាហ្វ្រិក​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
18, Nov 2017 , 8:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ទទូច​ឲ្យ​បណ្ដា​រដ្ឋ​អាហ្វ្រិក​ចាត់វិធានការ​បន្ថែម​ទៀត​លើ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​។ កូរ៉េខាងជើង ដែល​រង​គំនាប​អន្តរជាតិ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ នៅមាន​សេសសល់​មិត្តភក្តិ​មួយចំនួន​នៅ​អាហ្វ្រិក ប៉ុន្តែ​ពេលនេះ​អាមេរិក​ក៏បាន​ស្នើ​ឲ្យ​ប្រទេស​នេះ​បែរខ្នង និង​ដាក់ទណ្ឌកម្ម​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​



​ចំពោះមុខ​សម​ភាគី​មកពី​តំបន់​អាហ្វ្រិក​ជាង​៣០​ប្រទេស ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន បាន​និយាយថា វា​ជា​បញ្ជា​ដែល​ប្រទេស​ទាំងអស់​ដាក់ទណ្ឌកម្ម​លើ​របប​ដែល​បង្ក​អស្ថិរភាព​។ ក្នុងជំនួប​ថ្ងៃទី​១៧ ខែវិច្ឆិកា លោក ធី​ល័​រ​សិន បញ្ជាក់ថា ប្រទេស​ទាំងអស់​រួមទាំង​ប្រទេស​បង្ហាញ​វត្ត​មាននៅ​អាមេរិក​ពេលនេះ ត្រូវតែ​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​យុទ្ធនា​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដើម្បី​ឲ្យ​រដ្ឋ​នេះ​ជ្រើសរើស​ផ្លូវ​ដែល​ល្អ​ជាង​នេះ​។

​ដូច​បានដឹង​ស្រាប់​ហើយ កូរ៉េខាងជើង​កំពុង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​របស់ខ្លួន សំដៅ​ផលិត​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក ដោយ​អះអាងថា នេះ​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នយោបាយ​បង្ករឿង​របស់​អាមេរិក​។ ការប្រឈមមុខគ្នា​កើនឡើង​ខ្ពស់ ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពីរ​គ្រាប់​ក្នុង​ខែកក្កដា និង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ខែកញ្ញា ដែលជា​ការធ្វើ​តេស្ត​លើក​ទី​៦​មកហើយ​។​

​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សប្បាយ​ចិត្តនឹង​សកម្មភាព​របស់​កូរ៉េខាងជើង ហើយ​បានដាក់​ទណ្ឌកម្ម​ឯកតោភាគី​ផង និង​តាម​យន្តការ​អង្គការសហប្រជាជាតិ​ផង​ដើម្បី​បញ្ឈប់​មហិច្ឆតា​ក្រុង​ព្យុងយ៉ាង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក ធី​ល័​រ​សិន បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាហ្វ្រិក​ថា ពួកគេ​គួរ​ចាត់​វិធា​ការ​ផ្សេងៗ​លើ​កូរ៉េខាងជើង​ដូចជា​ការទម្លាក់​ទំនាក់ទំនង​ការទូត  ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម បណ្ដេញ​ពលករ​កូរ៉េខាងជើង និង​តាម​វិធីសាស្ត្រ​ផ្សេងទៀត​។​

​សព្វថ្ងៃនេះ របប​ក្រុង​ព្យុងយ៉ាង​មាន​ទំនាក់ទំនង​យោធា​ជិតស្និទ្ធ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេសមួយ​ចំនួន​នៅ​អាហ្វ្រិក​ដូចជា​អ៊ូ​ហ្ក​ង់​ដា និង​ស៊ូដង់​ជាដើម​។ ស្ថិតក្រោម​យុទ្ធនាការ​អន្តរជាតិ ប្រទេស​អាហ្វ្រិក​ខ្លះ​ក៏បាន​ងាក​ចេញពី​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​ដែរ​។ នៅ​ថ្ងៃទី​១៧ ខែ​វិ​ច្ឆ​កា ក្រោយ​ជួប​ជាមួយ​មន្ត្រី​អាមេរិក មន្ត្រី​ទូត​ស៊ូដង់​បានប្រកាសថា ខ្លួន​នឹង​ផ្អាក​រាល់​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងជើង​។​

​ជាមួយគ្នា​នោះ ប្រមុខ​ការទូត​អាមេរិក ក៏​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​កូរ៉េខាងជើង​។ ក្រោយ​សកម្ម​ភាពព្រហើន​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​សេចក្ដីសម្រេច​ដើម្បី​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង ប៉ុន្តែ​រដ្ឋ​មួយ​នេះ​នៅតែ​អះអាងថា ទណ្ឌកម្ម​មិនអាច​បង្ខំ​ឲ្យ​ខ្លួន​បោះបង់​នុយក្លេអ៊ែរ​ឡើយ​៕


Tag:
 ​អាមេរិក​
  អាហ្វ្រិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com