បទយកការណ៍ / បទសម្ភាសន៍
លោក សយ សាវុធ៖ បុគ្គលដែលប៉ិនទាក់ទងនឹងខ្លួនឯង អាចស្មោះត្រង់នឹងអ្នកដទៃ
× លោក សយ សាវុធ ជាគ្រូបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដែលមានពិសោធន៍ជាច្រើនឆ្នាំ។ លោក សាវុធ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា ជោគជ័យរបស់បុគ្គលម្នាក់ ផ្តើមចេញពីភាពប៉ិនប្រសប់នៃការប្រាស្រ័យទាក់ទងរបស់បុគ្គលនោះ។ មានន័យថា មុននឹងពូកែទំនាក់ទំនងជាមួយអ្នកដទៃ បុគ្គលនោះត្រូវពូកែទំនាក់ទំនងនឹងខ្លួនឯងជាមុនសិន ត្រូវដឹងថាខ្លួនឯងត្រូវការអ្វី? ចូលចិត្តខ្លួនឯងប៉ុណ្ណា? ស្មោះត្រង់នឹងខ្លួនឯងប៉ុណ្ណាសិន ទើបអាចស្មោះត្រង់នឹងអ្នកដទៃបាន។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញអានបទសម្ភាសរវាង លោក ទីន សុខលីម អ្នកកាសែត នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក សយ សាវុធ ដូចតទៅ៖
លោក ទីន សុខលីម៖ តើអ្វីទៅជាទំនាក់ទំនង? តើវាមានសារៈសំខាន់បែបណា?
លោក សយ សាវុធ៖ ការទំនាក់ទំនង ជាការផ្សារភ្ជាប់ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឬក្រុមមនុស្សផ្សេងទៀត។ មែនទែនទៅមនុស្សយើង មិនអាចរស់នៅបាន តែម្នាក់ឯងបានទេ ហើយជីវិតអាចវែង ឬក៏អាចខ្លី។ ប្រសិនបើយើងចង់រស់នៅមានន័យ លុះត្រាតែយើង ទទួលជោគជ័យបានច្រើន ហើយដើម្បីជោគជ័យបាន ត្រូវផ្តើមចេញពីយើងពូកែប្រាស្រ័យទាក់ទង បើមិនដូច្នេះ ធ្វើឲ្យយើងមិនអាចសម្រេចសមិទ្ធផលបានច្រើន។
លោក ទីន សុខលីម៖ តើបុគ្គលម្នាក់ៗ ធ្វើខ្លួនបែបណាទើបពូកែទំនាក់ទំនង?
លោក សយ សាវុធ៖ ខ្ញុំគិតថាការទំនាក់ទំនងសំខាន់ណាស់ និងដើម្បីឲ្យយើងជោគជ័យក្នុងការទំនាក់ទំនង គឺផ្តើមចេញពីការទំនាក់ទំនង ជាមួយនឹងខ្លួនឯងជាមុនសិន។ ទំនាក់ទំនងនឹងខ្លួនឯង មានន័យថាខ្លួនឯងត្រូវការអ្វី? ចូលចិត្តខ្លួនឯងប៉ុណ្ណា? យើងស្មោះត្រង់នឹងខ្លួនឯងប៉ុណ្ណា? អ្វីជាគុណតម្លៃរបស់យើង? យើងចង់ឲ្យអ្នកដទៃនិយាយបែបណាពីយើង? បន្ទាប់មកយើងត្រូវរស់នៅជាមួយគុណតម្លៃនោះ។ មនុស្ស ជាទូទៅមិនបានចាប់អារម្មណ៍នឹងទំនាក់ទំនងជាមួយនឹងខ្លួនឯងនេះទេ ប៉ុន្តែបែរជាទៅគិតតែពីគេ ស្រលាញ់គេ ចាប់អារម្មណ៍គេ និងទំនាក់ទំនងនឹងគេ។ មែនទែនទៅ មុននឹងយើងយកចិត្តទុកដាក់ និងទំនាក់ទំនងល្អនឹងគេបាន យើងត្រូវខ្លាំង នឹងទាក់ទងខ្លួនឯងជាមុន ហើយមនុស្សម្នាក់ ដែលយើងត្រូវរក្សាទំនាក់ទំនង និងរក្សាសន្យាឲ្យបានច្រើនបំផុតនោះ គឺខ្លួនឯង។ យើងត្រូវស្រលាញ់ ស្មោះត្រង់ និងច្បាស់លាស់នឹងខ្លួនឯងឲ្យបានច្រើនជាមុនសិន នោះទើបយើងអាចស្មោះត្រង់នឹងអ្នកដទៃបាន។
លោក ទីន សុខលីម៖ តើយើងត្រូវរក្សាទំនាក់ទំនងល្អដោយរបៀបណា?
លោក សយ សាវុធ៖ យើងត្រូវធ្វើវាជាប្រចាំ។ អ្វីក៏ដោយប្រសិនបើយើងបង្កើតវា ដោយមិនធ្វើវាជាប្រចាំទេ វានឹងរសាត់បាត់អស់។ មួយទៀតយើងត្រូវមានក្តីស្រមៃ។ ថ្ងៃអនាគតយើងចង់ក្លាយទៅមនុស្សបែបណា?មានការងារយ៉ាងដូចម្តេច? ការងារនេះ វាជះឥទ្ធិពលខ្លាំងមែនទែន អីចឹងយើងដាច់ខាត ត្រូវតែល្អជាមួយនឹងខ្លួនឯង និងបន្ទាប់មកជាមួយអ្នកដទៃ។ គេជឿ និងទុកចិត្តយើង លុះត្រាតែយើងទុកចិត្តនឹងខ្លួនឯង។
លោក ទីន សុខលីម៖ តើអ្វីដែលធ្វើឲ្យបុគ្គលម្នាក់ៗ មានបញ្ហាក្នុងការទំនាក់ទំនង?
លោក សយ សាវុធ៖ បើតាមបទពិសោធន៍ និងការសង្កេតរបស់ខ្ញុំ បុគ្គលដែលមានបញ្ហាក្នុងទំនាក់ទំនង គឺដោយសារពួកគេមានបញ្ហាជាមួយខ្លួនឯង។ ពួកគាត់មិនល្អនឹងខ្លួនឯង មិនគោរព ឲ្យតម្លៃ និងពេលចិត្តខ្លួនឯង។ មួយទៀតអាចមកពីគាត់គ្មានក្តីស្រមៃទៅអនាគត ព្រោះមនុស្សដែលមានទំនាក់ទំនងល្អ គេមានក្តីស្រមៃ និងថែរក្សាសុខភាពឲ្យល្អ ដែលធ្វើឲ្យប្រាកដថា គេអាចនឹងសម្រេចក្តីស្រមៃនោះ។ ប៉ុន្តែចំណុចនេះ ខ្ញុំពិបាកនឹងឧទាហរណ៍ពីព្រោះថាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មានផ្សេងៗគ្នា។ ប៉ុន្តែខ្ញុំអាចកំណត់ប្រភពបញ្ហានោះ មកពីខាងណា? គឺមកពីបរិយាកាសការងារ និងការរស់នៅរបស់ពួកគេ។ ដូច្នេះយើងត្រូវសួរខ្លួនឯង ថាតើយើងរស់នៅកន្លែងដែលមានមជ្ឈដ្ឋានល្អហើយ ឬនៅ? ប្រសិនបើមិនល្អ យើងគួរតែដកខ្លួនចេញ ទៅរកបរិយាកាសដែលធ្វើឲ្យអារម្មណ៍ល្អ។
លោក ទីន សុខលីម៖ បុគ្គលដែលមានបញ្ហាក្នុងការទំនាក់ទំនង តើពួកគេត្រូវដោះស្រាយយ៉ាងណា?
លោក សយ សាវុធ៖ ចំពោះបុគ្គលដែលមានបញ្ហាផ្ទាល់ខ្លួន គួរតែរកមិត្តភក្តិ ឬបងប្អូន ដែលអាចជជែកគ្នា ពិភាក្សាបាន ពីព្រោះអ្នកដែលមានបញ្ហា ចង់បានគ្នាការផ្តល់យោបល់ កម្លាំងចិត្ត។ បុគ្គលដែលពូកែប្រាស្រ័យទាក់ទង ក៏ជាមនុស្សដែលពូកែស្តាប់ដែរ ហើយមនុស្សដែលពូកែដោះស្រាយបញ្ហានោះ ក៏ពូកែស្តាប់ដែរ។ ស្តាប់រហូតដឹងថាអ្នកនោះ មានបញ្ហាអ្វីពិតប្រាកដ។ មួយវិញទៀត សម្រាប់ភាគីដែលមានបញ្ហា គួរតែចេះអធ្យាស្រ័យគ្នា និងពិភាក្សារកដំណោះស្រាយ។ ហើយបើអាចគួររកភាគីទី៣ ដើម្បីមួយសម្របសម្រួលបញ្ហា ប្រសិនបើភាគីនីមួយៗ មិនអាចសម្របសម្រួលគ្នា៕
Tag:
សយ សាវុធ
ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com