អន្តរជាតិ
តើ​ប្រទេស​ស៊ីម​បា​វ៉េ​នឹង​ទៅជា​យ៉ាងណា​នៅពេលនេះ​?
18, Nov 2017 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
​អស់​រយៈពេល​យ៉ាងហោចណាស់​មួយ​ទសវត្សរ៍​មកនេះ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​កំពុងតែ​ធ្លាក់ចុះ សេដ្ឋកិច្ច និង​ប្រព័ន្ធ​សុខាភិបាល​កំពុងតែ​ចុះ​ដុនដាប ការបោះឆ្នោត​មិនត្រូវ​បានទទួល​ស្គាល់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​មិនបាន​ដូច​អ្វីដែល​រដ្ឋាភិបាល​បាន​សន្យា នៅពេលដែល​ស៊ីម​បា​វ៉េ​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៨០​។​



​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចលនា​បាតុកម្ម​បានកើត​ឡើង និង​ស្ងប់​ទៅវិញ អ្នកសារព័ត៌មាន​និយាយ​លាតត្រដាង និង​ត្រូវបាន​បំបិទមាត់​ទៅវិញ ហើយ​ប្រជាពលរដ្ឋ​ស៊ីម​បា​វ៉េ​ជិត​មួយ​លាន​នាក់ បាន​សុំ​សិទ្ធិ​ជ្រកកោន​ដោយ​ហេតុផល​នយោបាយ នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​នៅក្បែរ​ខាង​។​

​ទោះជា​យ៉ាងនេះ​ក្តី វា​ហាក់ដូចជា​មិនមាន​អ្វីដែល​អាច​តតាំង​នឹង​អំណាច​គ្រប់គ្រង​របស់​មេ​ដឹកនាំ​ស៊ីម​ប៉ា​វេ ដែល​គេ​ស្គាល់​តែមួយគត់​គឺ លោក Robert Mugabe នោះឡើយ​។​

​ប៉ុន្តែ​បន្ទាប់មក នៅពេលដែល​ប្រធានាធិបតី​វ័យ​ចំណាស់​រូបនេះ បាន​បណ្តាញ​អនុ​ប្រធានាធិបតី​ចេញពី​តំណែង និង​បាន​បង្ហាញថា លោក​នឹង​ប្រគល់​តំណែង​អនុ​ប្រធានាធិបតី​នេះ​ទៅ​ឲ្យ ភរិយា​របស់លោក ដែល​មិនមាន​ប្រជាប្រិយភាព គឺ​លោកស្រី Grace Mugabe ប្រមុខ​យោធា​នៅ​ស៊ីម​បា​វ៉េ បាន​ព្រមាន​ថា លោក​នឹង «​ធ្វើ​អន្តរាគមន៍​» ដរាបណា លោក​ប្រធានាធិបតី Mugabe បញ្ឈប់​ការប៉ុនប៉ង​កម្ទេច​ក្រុម​អ្នកគាំទ្រ លោក​អតីត​អនុ​ប្រធានាធិបតី នៃ​គណបក្សកាន់អំណាច​នេះ​។​

​អ្នកវិភាគ​លោក Piers Pigou នៃ​អង្គការ​វិបត្តិ​អន្តរជាតិ (International Crisis Group) និយាយថា កាលៈទេសៈ​នេះ​ជា​ចំណុច​របត់​មួយ​។​

​លោក Pigou បាន​និយាយថា​៖ «​ពិតណាស់ អ្វីមួយ​នឹងត្រូវ​កើតឡើង ជាពិសេស​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វិវត្តន៍​កាលពី​សប្តាហ៍​មុននេះ និង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅពេលដែល​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង​ជាង​មុន​... លោក [​ប្រមុខ​យោធា​] នឹង​ចូលធ្វើ​អន្តរាគមន៍ ហើយ​ខ្ញុំ​គិតថា មនុស្ស​មួយចំនួន​គិតថា នេះ​គ្រាន់តែ​ជា ការព្រមាន​បញ្ឆោត​តែប៉ុណ្ណោះ ដោយ​លោក​នឹងមិន​ធ្វើ​អន្តរាគមន៍​នោះទេ ហើយ លោក Mugabe នឹង​នៅតែ​រក្សា​ការគ្រប់គ្រង​ស្ថានភាព​ដដែល​»​។​

​ឥឡូវនេះ គឺ​ច្បាស់​ណាស់​ថា លោក​ឧត្ដមសេនីយ៍ Constantino Chiwenga មិនមែន​និយាយ​លេង​នោះទេ​។ បន្ទាប់ពី​រថក្រោះ​ត្រូវបាន​គេ​ឃើញ​បើក​ចូល​រដ្ឋធានី​ហា​រ៉ា​រ៉េ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ ហើយ​ទាហាន​បាន​ចូល​កាន់កាប់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ កាលពីពេល​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ពុធ​។​

​អ្នកនាំពាក្យ​យោធា​លោក ឧ​ត្ត​ម​សេនីយ៍​ទោ SB Moyo បានធ្វើ​សេចក្តីថ្លែងការណ៍ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ដូច្នេះ​ថា​៖ «​លោក Mugabe និង​គ្រួសារ​របស់គាត់​មាន​សុវត្ថិភាព ហើយ​សន្តិសុខ​របស់​ពួកគេ​ត្រូវបាន​ធានា​។ យើង​គ្រាន់តែ​ចាត់វិធានការ​សំដៅលើ​ជន​ទុច្ចរិត ដែល​នៅ​ជុំវិញ​លោក​ប្រធានាធិបតី​តែប៉ុណ្ណោះ ដែល​អ្នក​ទាំងនោះ​កំពុងតែ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស ដើម្បី​យក​ជន​ទាំង​នោះមក​ប្រឈមមុខ​នឹង​ច្បាប់​»​។​

​ប៉ុន្តែ​រឿងរ៉ាវ​ចម្រូងចម្រាស​នេះ​ប្រហែលជា​ទើបតែ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ គណបក្សកាន់អំណាចរ​បស់​ប្រទេស​ស៊ីម​បា​វ៉េ បានបញ្ជាក់​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា អតីត​អនុ​ប្រធានាធិបតី​លោក Mnangagwa នឹង​ត្រឡប់​ចូលមក​ដឹកនាំ​រដ្ឋាភិបាល ដូចដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​

​ទោះបីយ៉ាងណា​ក៏ដោយ លោក Pigou និយាយថា ការផ្លាស់ប្តូរ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ តែ​ឯកឯង មិនអាច​ដោះស្រាយ​បញ្ហា​នានា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​បាន​នោះទេ​។​

​លោក Pigou បាន​មានប្រសាសន៍ថា​៖ «​ពិតណាស់ ឥឡូវនេះ អ្វីៗ​ភាគច្រើន​គឺ អាស្រ័យទៅលើ​បុគ្គល​មាន​ឥទ្ធិពល​នៅក្នុង​ឆាកនយោបាយ​ណា​ម្នាក់​ចូលកាន់​អំណាច​។ ហើយ​យើង​ជឿថា បុគ្គល​នោះ​គឺ លោក Mnangagwa ហើយ​លោក​នឹងត្រូវ​គេ​ឲ្យ​ចូលកាន់​តំណែង​វិញ​។ តើ​លោក Mnangagwa នឹង​បើកឱកាស​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ឬទេ​? ពីព្រោះ​ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​ថា ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​នៅ​ប្រទេស​ស៊ីម​ប៉ា​វេ​គឺ អាក្រក់​ខ្លាំង ដែល​ការណ៍​នេះ​ត្រូវការ ការអន្តរាគមន៍ ដែលមាន​លើសពី​ឆាកនយោបាយ​ធម្មតា​នេះ​ទៅទៀត​»​។​

​ពិតណាស់ មនុស្ស​គ្រប់គ្នា​ងឿងឆ្ងល់​ថា តើ​មាន​អ្វី​នឹង​កើតឡើង​ទៅលើ​លោក Mugabe និង​ភរិយា នៅក្នុង​រឿងរ៉ាវ​ចម្រូងចម្រាស​នេះ​។ អ្នកវិភាគ​តិចតួច​ប៉ុណ្ណោះ​គិតថា លោក Mugabe និង​ភរិយា​របស់លោក នឹង​ប្រឈមមុខ​នឹង​កំហឹង​តបត​ពី​សំណាក់​ប្រជាពលរដ្ឋ​ស៊ីម​បា​វ៉េ​។ អ្នកវិភាគ​លោក Alex Magaisa នៃ​សាកលវិទ្យាល័យ University of Kent ព្យាករណ៍​ថា លោក Mugabe និង​គ្រួសារ​របស់លោក​នឹងមិន​ត្រូវ​រង​ការប៉ះពាល់​ខ្លាំង​ដោយសារ​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ​លោក​គិតថា ក្រុម​អ្នកគាំទ្រ​លោក Mugabe យូរអង្វែង នឹង​ប្រឈមមុខ​នឹង​ពេលវេលា​ដ៏​លំបាក​មួយ​។​

​លោក Magaisa បាន​និយាយថា​៖ «​ប្រហែល​ពួកគេ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស ដើម្បី​បញ្ចៀស​ការ​មាន​ចន្លោះប្រហោង​អំណាច​មួយ ដែល​នាំ​ឲ្យ​មានការ​ប្រឈម​ខ្លាំង​។ ប៉ុន្តែ​ខ្ញុំ​គិតថា អ្នក​ដែល​គាំទ្រ​លោក​ប្រធានាធិបតី Mugabe និង​ភរិយា​របស់លោក​នឹង​ប្រឈម​នឹង​ការលំបាក​នៅក្នុង​របប​ដឹកនាំ​ថ្មី​»​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ពាក្យស្លោក «​លោក Mugabe និយាយ​ត្រូវ​» គឺជា សំឡេងគាំទ្រ​លោក​ប្រធានាធិបតី ដែល​ចេញពី​សំណាក់​ក្រុមអ្នកមានអំណាច​នៅក្នុង​ប្រទេស​ស៊ីម​បា​វ៉េ​។ អ្នក​ដែល​ហ៊ាន​ធ្វើការ​ចោទសួរ​ណាមួយ​ទៅលើ​មេដឹកនាំ​ដ៏​មានអំណាច​រូបនេះ ត្រូវបានធ្វើ​គេ​ទុក្ខ​បុក​ម្នេញ ឬ​ដាក់ពិន័យ​។​

​ប៉ុន្តែ​ឥឡូវនេះ ស្រប​ពេលដែល​បុរស​ខ្លាំង​នៅ​ស៊ីម​បា​វ៉េ​រូបនេះ​កំពុងតែ​រក្សា​ភាពស្ងប់ស្ងាត់ សំណួរ​ផ្សេងៗ​ត្រូវបាន​ចោទសួរ​ឡើង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com