ជាតិ
ចៅក្រមស៊ើបសួរ មិនទាន់បញ្ចប់ការសាកសួរអតីតអ្នកសារព័ត៌មានអាស៊ីសេរីនៅឡើយ
× ចៅក្រមស៊ើបសួរ នៅមិនទាន់សម្រេចយ៉ាងណា ជុំវិញសំណុំរឿងអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំង២រូបនៅឡើយក្រោយចំណាយពេលសាកសួរជាង៥ម៉ោង។ នេះបើតាម លោក កែវ វ៉ាន្នី មេធាវីការពារក្តី ឲ្យបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២នាក់នេះ ដែលថ្លែងប្រាប់អ្នកកាសែត។
តាមលោក កែវ វ៉ាន្នី ចៅក្រមស៊ើបសួរ នៅមិនទាន់បញ្ចប់ការសាកសួរកូនក្តីរបស់លោកនៅឡើយ។ លោក ថ្លែងដូច្នេះ៖« មកដល់ពេលនេះ គឺគាត់បានសាកសួរតែ លោក អ៊ួន ឈិន ដោយសារពេលវេលាខ្លី ហើយលោក អ៊ួន ឈិន ក៏សួរមិនទាន់បានពេញលេញនៅឡើយ គាត់នឹងសាកសួរបន្ថែមនៅលើកក្រោយ។ ចំណែកលោក លោក យាង សុធារិន ចៅក្រមស៊ើបសួរ មិនទាន់បានសួរចម្លើយនៅឡើយទេ»។
ចៅក្រមបានចេញ សម្រេចបញ្ជូនអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំង២រូប ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃសសិន រង់ចាំការសាកសួរបន្តទៀត ប៉ុន្តែចៅក្រម នៅមិនទាន់កំណត់ពេលសាកសួរបន្តទៀតនៅឡើយ។ នេះបើតាមមេធាវីដដែល។
សូមបញ្ជាក់ថា លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ធ្វើចារកម្ម» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ។ តាមបទចោទនេះ អ្នកទាំង២ ប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។
អតីតអ្នកយកព័ត៌មានរបស់វិទ្យអាស៊ីសេរីទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ម៉ារ៉ាឌី ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមហេតុផលថាពួកគេបានរៀបចំបើកអាជីវកម្មថតរូប មិនបានសុំច្បាប់អនុញ្ញាត និងលួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com