បទយកការណ៍ / បទសម្ភាសន៍
លោក សយ សាវុធ៖ អ្នកដឹកនាំដែលជោគជ័យ ចោមរោមដោយការ«គោរព»ចេញពីចិត្តបុគ្គលិក
× លោក សយ សាវុធ ជាគ្រូបណ្តុះបណ្តាលស្ពីពីភាពជាអ្នកដឹកនាំ មើលឃើញថាអ្នកដឹកនាំដែលជោគជ័យ ជាបុគ្គលដែលនាំបុគ្គលិក ទៅសម្រចចក្ខុវិស័យដែលស្ថាប័នចង់បាន។ អ្នកដឹកនាំដែលល្អ ជាមេដឹកនាំដែលមានអត្តចរិតល្អ មានបទពិសោធន៍ និងចំណេះដឹង អមដោយមុខតំណែង និងដែលមានចោមរោមដោយយការគោរព ស្រឡាញ់ ចេញពីចិត្តរបស់បុគ្គលិក នេះជាបញ្ជាក់របស់ លោក សយ សាវុធ ដែលនឹងរៀបរាប់យ៉ាងលម្អិត នៅក្នុងបទសម្ភាសជាមួយ លោក ទីន សុខលីម អ្នកកាសែត នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ខាងក្រោមនេះ។
សូមអញ្ជើញអានដូចតទៅ៖
លោក ទីន សុខលីម៖ តើអ្វីជាភាពជាអ្នកដឹកនាំជោគជ័យ?
លោក សយ សាវុធ៖ អ្នកដឹកនាំដែលជោគជ័យ ជាបុគ្គលដែលមានសមត្ថភាព ដែលអាចជះឥទ្ធិពល ដល់ក្រុមការងារ សម្រេចនៅចក្ខុវិស័យដែលស្ថាប័នចង់បាន។ ឥទ្ធិពលនេះ កើតចេញពីខាងក្នុងខ្លួនអ្នកដឹកនាំ ដែលមានពីអត្តចរិតរបស់អ្នកដឹកនាំផ្ទាល់ បទពិសោធន៍ និងចំណេះដឹង និងមុខតំណែង។
លោក ទីន សុខលីម៖ ប្រសិនបើនៅក្នុងស្ថាប័នមួយ មានថ្នាក់ដឹកនាំដែលមានអត្ថចរិតមិនល្អ តើអាចឥទ្ធិពលអវិជ្ជមានអ្វីខ្លះដល់ស្ថាប័ន?
លោក សយ សាវុធ៖ ស្ថាប័នមានផ្សេងៗគ្នា។ ចំពោះក្រុមហ៊ុនបុគ្គលថ្នាក់ដឹកនាំ ដែលមានអត្តចរិតមិនល្អ ប្រហែលជាពិបាកក្នុងការកាន់តំណែងធំណាស់។ បុគ្គលបែបនេះ អាចនឹងមានឱកាសក្លាយជាអ្នកដឹកនាំ ប្រសិនបើស្ថាប័ននោះ មិនសូវមានបេក្ខជនដែលមានសមត្ថភាពមកប្រជែង ប៉ុន្តែគេអាចនឹងព្រមយកយើងសិន ទោះបីជាយើងអន់ចរិតក៏ដោយ ដើម្បីឲ្យកាន់តំណែងតែមួយរយៈប៉ុណ្ណោះ។ បើយើងដឹងខ្លួនឯងថាអន់ចរិត យើងគួរតែទទួលស្គាល់ និងកែប្រែវា ពីព្រោះថាយើងមានចំណេះដឹង និងបទពិសោធន៍គ្រាន់តែអន់ចរិត វាមិនពិបាកកែប្រែទេ គ្រាន់តែទាមទារឲ្យយើងមានវិន័យខ្លួនឯងខ្លាំង។ ប្រសិនបើយើងស្ទើរចរិត ហើយបណ្តែតបណ្តាយ ថ្ងៃណាមួយយើងនឹងរបូតតំណែងនោះ។
លោក ទីន សុខលីម៖ តើបុគ្គលម្នាក់ៗ គួរធ្វើខ្លួនបែបណា ដើម្បីក្លាយជាអ្នកដឹកនាំ ដែលជោគជ័យ?
លោក សយ សាវុធ៖ ចំពោះបុគ្គលដែលចង់ក្លាយជាអ្នកដឹកនាំដែលល្អ គួរដុសខាត់ខ្លួនឯងឲ្យល្អ ទាំងអត្តចរិត សមត្ថភាព និងធ្វើខ្លួនឲ្យអ្នកដទៃស្រលាញ់ ចូលចិត្ត ចង់រាប់អាន សហការ និងមានគុណតម្លៃមួយច្បាស់លាស់។ បន្ទាប់មកត្រូវរស់នៅ និងរក្សាគុណតម្លៃនោះជាប្រចាំ។ ការរស់នៅជាមួយនឹងគុណតម្លៃខ្លួនឯង ជាប្រចាំនេះហើយ វានឹងជះឥទ្ធិពលដល់ក្រុមការងារ និងអ្នកដទៃ។
លោក ទីន សុខលីម៖ ក្នុងការដឹកនាំជាក់ស្តែង ឃើញថាថ្នាក់ដឹកនាំមួយចំនួន បង្ហាញអាកប្បកិរិយាស្លូតពេក ស្រួលពេកចំពោះបុគ្គលិក ធ្វើឲ្យមិនខ្លាច និងមិនខំធ្វើការ។ ថ្នាក់ដឹកនាំផ្សេងទៀត ធ្វើកាច ម៉ឹងម៉ាត់ចំពោះបុគ្គល បែរជាបុគ្គលិកខ្លាច និងស្អប់ទៅវិញ។ ក្នុងនាមជាអ្នកដឹកនាំ តើគួរធ្វើខ្លួនបែបណា ដើម្បីឲ្យអ្នកនៅក្រោមបង្គាប់ស្រលាញ់ចូលចិត្ត និងប្រឹងប្រែងធ្វើការ?
លោក សយ សាវុធ៖ យើងមិនគួរធ្វើឲ្យបុគ្គលិកយើងខ្លាចនោះទេ ប៉ុន្តែយើងត្រូវធ្វើឲ្យបុគ្គលគោរពយើង ហើយការគោរព យើងក៏មិនអាចទាមទារ ឬដុំឲ្យគេគោរពយើងបានដែរ គឺវាចេញពីក្នុងចិត្ត។ គេជឿយើង គេទុកចិត្ត និងគោរពយើង លុះត្រាតែយើងមានប្រយោជន៍សម្រាប់គេ។ មានប្រយោជន៍យ៉ាងម៉េច? មានន័យថា យើងដឹងថាគេត្រូវការអ្វី? អ្នកខ្លះ ម៉ឹងម៉ាត់ចំពោះបុគ្គលិកមែនទែន ប៉ុន្តែបុគ្គលិកគាត់នៅតែគោរព និងស្រលាញ់គាត់។ ដោយសារអ្នកដឹកនាំ និងបុគ្កលិកយល់គ្នា ស្គាល់គ្នាច្បាស់៕
Tag:
សយ សាវុធ
អ្នកដឹកនាំ
ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com