អន្តរជាតិ
«​ញ៉ាំ​ចេក​» ក្នុង​ឃ្លី​ប​ចម្រៀង​ធ្វើ​ឲ្យ​តារាចម្រៀង​អេ​ហ្ស៊ី​បម្នាក់​ត្រូវបាន​ចាប់ខ្លួន​
20, Nov 2017 , 9:39 am        
រូបភាព
ដោយ: ធីតា
​តារាចម្រៀង​អេ​ហ្ស៊ី​ប​ឈ្មោះ Shyma ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​កន្លងមក ដោយសារ​ក្នុង​បទ​ចម្រៀង​ថ្មី​មួយ​របស់​នាង​មាន​សកម្មភាព «​ញ៉ាំ​ចេក​»​។ ប៉ូលិស​បាន​លើកឡើងថា ឃ្លី​ប​បែបនេះ ជំរុញ​ឲ្យ​មាន​អំពើ​អបាយមុខ​ផ្សេងៗ ។​



​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «Andy Zoroof» («​ខ្ញុំ​មាន​បញ្ហា​») របស់​តារាចម្រៀង Shyma ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ជាពិសេស​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​របស់​អេ​ហ្ស៊ី​ប​។ នៅក្នុង​ឃ្លី​ប​ចម្រៀង នាង Shyma ដើរតួ​ធ្វើជា​គ្រូបង្រៀន​នៅក្នុង​ថ្នាក់​មួយ​ដែលមាន​សិស្ស​ប្រុស​ក្មេងៗ ។ នាង​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី រួមទាំង​យក​ចេក​មក​ញ៉ាំ​ហើយ​នៅលើ​ផ្ទាំង​ក្តារ​ខៀវ គេ​ឃើញ​មាន​សរសេរ​លេខ ៦៩ ដែល​បង្កប់ន័យ​អាសអាភាស​។​



​យោងតាម​ការផ្សាយ​រប​ស់កា​សែត​អេ​ហ្ស៊ី​ប Youm7 មន្ត្រីប៉ូលិស​អេ​ហ្ស៊ី​ប បាន​អះអាងថា មាន​មនុស្ស​ជាច្រើន​បាន​ប្តឹង​ប្រឆាំងនឹង​ឃ្លី​ប​ក្នុង​បទ​ចម្រៀង «Andy Zoroof» ។ ទោះបីជា​យ៉ាងណាក៏ដោយ មិនទាន់មាន​ការចោទប្រកាន់​ផ្លូវការ​ណាមួយ​ឡើយ​ពី​តុលាការ​ប្រឆាំងនឹង​ការសម្តែង​របស់ Shyma​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នាង Shyma មិនមាន​ប្រតិកម្ម​តប​តទៅ​នឹង​ការរិះគន់​នោះឡើយ​។ នាង​បានសរសេរថា​៖ «​ខ្ញុំ​សុំ​ការ​អភ័យទោស​ពី​អ្នក​ទាំងអស់គ្នា​ដែល​ត្រូវបាន​រំខាន​ដោយ​ឃ្លី​ប​វីដេអូ​នេះ និង​ជា​ឃ្លី​ប​មិន​សមរម្យ​»​។ តារាចម្រៀង​វ័យ​២១​ឆ្នាំ​រូបនេះ ក៏​មិន​ស្មាន​ដែរ​ថា ការសម្តែង​របស់ខ្លួន ទទួលបាន​ប្រតិកម្ម​អវិជ្ជមាន​បែបនេះ​។​

​កាលពី​ឆ្នាំ​២០១៥ តុលាការ​មួយ​របស់​អេ​ហ្ស៊ី​ប​ក៏​ធ្លាប់បាន​កាត់​ទស​អ្នករាំ​ម្នាក់​ផងដែរ ដោយ​ដាក់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​ចៅក្រម​រកឃើញថា នាង​បាន​ថត​ឃ្លី​ប​មួយ​ដែល​ជំរុញ​ឲ្យ​មាន​អំពើ​អបាយមុខ​ផ្សេងៗ​៕



Tag:
 ប្លែកៗ​
  អេ​ហ្ស៊ី​ប
© រក្សាសិទ្ធិដោយ thmeythmey.com