អន្តរជាតិ
ទោះ​អស់តំណែង​ប្រធាន​បក្ស លោក មូ​ហ្កា​បេ នៅតែ​ក្រាញ​តំណែង​ប្រធានាធិបតី
20, Nov 2017 , 10:15 am        
រូបភាព
ប្រធានាធិបតីស៊ីមបាវ៉េ រ៉ូប៊ឺត មូហ្កាបេ ដែលរងសម្ពាធគ្រប់ទិសទី (រូបភាព៖ Xinhua)
ប្រធានាធិបតីស៊ីមបាវ៉េ រ៉ូប៊ឺត មូហ្កាបេ ដែលរងសម្ពាធគ្រប់ទិសទី (រូបភាព៖ Xinhua)
​មេដឹកនាំ​ចាស់ជរា​របស់​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ ដែល​ត្រូវ​យោធា​ឃុំខ្លួន​ក្នុងផ្ទះ​ជាច្រើន​ថ្ងៃ​មកហើយ​នោះ បាន​បដិសេធ​ចាកចេញ​ពី​កៅអី​ប្រធានាធិបតី​ដែល​អង្គុយ​៣៧​ឆ្នាំ​មកហើយ​។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក មូ​ហ្កា​បេ និយាយថា ស៊ីម​បា​វ៉េ ត្រូវតែ​វិលត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​វិញ​។ ប៉ុន្តែ​លោក មូ​ហ្កា​បេ បាន​បាត់​ការគាំទ្រ​ស្ទើរ​ទាំងស្រុង​ទៅហើយ ព្រោះ​សូម្បីតែ​បក្ស​កាន់អំណាច Zanu-PF ក៏​សម្រេច​បញ្ចប់​តំណែង​ប្រធាន​បក្ស​របស់លោក​ស្រេច​ទៅហើយ​។​



​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន នៅ​ថ្ងៃទី​១៩ បក្ស​កាន់អំណាច​នៅ​ស៊ីម​បា​វ៉េ Zanu-PF បាន​បោះឆ្នោត​ទម្លាក់​លោក រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ ចេញពី​តំណែង​ប្រធាន​បក្ស​។ ការបោះឆ្នោត​នេះ សំឡេង​អបអរ​ក្អាកក្អាយ​បាន​ផ្ទុះឡើង​ក្នុង​កិច្ចប្រជុំ ជាមួយនឹង​ការ​រាំច្រៀង និង​ក្ដី​រំពឹងថា លោក មូ​ហ្កា​បេ នឹង​បោះបង់​តំណែង​ប្រធានាធិបតី​តាម​សម្រួល​មិន​ខាន​។ មិន​ត្រឹមតែ​ខ្លួនឯង​ឡើយ សូម្បី​ភរិយា ហ្គ្រេ​ស មូ​ហ្កា​បេ ក៏​អស់តំណែង​ក្នុង​បក្ស​ដែរ​។ 

​យ៉ាងណាមិញ លោក មូ​ហ្កា​បេ ដែលមាន​វ័យ​៩៣​ឆ្នាំ​ទៅហើយនោះ បាន​ទាត់ចោល​ការសម្រេចចិត្ត​របស់​បក្ស និង​បានប្រកាសថា លោក​នឹងមិន​ទៅណា​ឡើយ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ត្រូវបាន​ទម្លាក់​ពី​តំណែង​ប្រធាន​បក្ស លោក​បានធ្វើ​ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍ តែ​មិនបាន​និយាយ​អ្វី​សោះ​ទាក់ទង​នឹង​ការលាលែង​ពី​តំណែង​ប្រធានាធិបតី​។ មន្ត្រី​បក្ស​កាន់អំណាច​ម្នាក់​និយាយថា លោក មូ​ហ្កា​បេ ទំនង​មិនដឹង​រឿង​អ្វី​ទេ ទើប​និយាយ​បែបនេះ​។

​ក្នុង​សុន្ទរកថា​២០​នាទី ប្រធានាធិបតី​ដែល​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស​រូបនេះ បានទទួល​ស្គា​ល់ពី​ការរិះគន់​ពី​សំណាក់​បក្ស​កាន់អំណាច Zanu-PF យោធា និង​ប្រជាជន​ទូទៅ ប៉ុន្តែ​លោក​អះអាងថា រឿងរ៉ាវ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មកនេះ គ្មាន​ឥទ្ធិពល​លើ​លោក​ដែលជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ឡើយ​។ លើសពីនោះ លោក​ក៏​សន្យា​ដឹកនាំ​សន្និបាត​បក្ស​នៅ​ខែក្រោយ​ដែរ ទោះជា​ទើបត្រូវ​បាន​បក្ស​ទម្លាក់​ពី​តំណែង​ក្ដី​។​

​ត្រូវ​ចុះចេញ​ត្រឹម​ថ្ងៃទី​២០ បើ​មិន​ចង់​បោះឆ្នោត​ទម្លាក់​ដោយ​សភា​

​ក្រោយ​កិច្ចប្រជុំ​របស់ខ្លួន បក្ស Zanu-PF បាន​ទុកពេល​ឲ្យ​លោក មូ​ហ្កា​បេ ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា ដើម្បី​លាលែង​ពី​តំណែង​ប្រធានាធិបតី បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ប្រឈមមុខ​ការបោះ​ឆ្នោត​ទម្លាក់​នៅ​សភា​មិន​ខាន​។ ការដាក់​លក្ខខណ្ឌ​បែបនេះ ជា​ជម្រើស​មួយ​ក្នុងការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ព្រោះ​ក្រុម​យោធា​លែង​ឈរ​ខាង​លោក មូ​ហ្កា​បេ ទៅហើយ ខណៈ​អតីត​អនុ​ប្រធានាធិបតី​ដែល​ត្រូវ​បណ្ដេញចេញ គឺ​លោក Emmerson Mnangagwa បាន​ក្លាយជា​មេដឹកនាំ​បក្ស​ថ្មី​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុងករណី​លោក មូ​ហ្កា​បេ នៅតែ​ក្រាញ​អំណាច​ទៀត ហើយ​មិន​ចុះចេញ​តាម​សម្រួល​នៅ​ថ្ងៃទី​២០ ទេ នោះ​ដំណើការ​បោះឆ្នោត​ទម្លាក់​លោក​ពី​តំណែង​នឹង​ចាប់ផ្ដើម ពេល​សភា​ប្រជុំ​នៅ​ថ្ងៃទី​២១ តែម្ដង​។ លោក Chris Mutsvangwa មេដឹកនាំ​ចលនា​យុទ្ធជន​សង្គ្រាម អះអាងថា ផែនការ​ទម្លាក់​លោក មូ​ហ្កា​បេ នឹងត្រូវ​ធ្វើឡើង​ដោយ​ចៀស​មិន​រួច ហើយ​បាតុកម្ម​ដ៏​ធំ​មួយ​នឹង​កើត​មាននៅ​ថ្ងៃទី​២២ ខែ​វិ​ច្ឆ​កា​ផងដែរ​។​

​កាលពី​ចុង​សប្ដាហ៍​មុន ក្រុមបាតុករ​ក្លៀវក្លា​រាប់ពាន់នាក់​ដើរ​តាម​វិថី​នានា​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ ទាមទារ​ឱ្យ​ប្រធានាធិបតី មូ​ហ្កា​បេ ចុះ​ចេញពី​តំណែង​។ ពួកគេ​កាន់​បដា​ដែលមាន​សរសេរថា «​មូ​ហ្កា​បេ ត្រូវ​ចុះ​ចេញពី​តំណែង​!» និង​ថា «​មិនមែនជា​រដ្ឋប្រហារ​ទេ ក៏ប៉ុន្តែ​ជាការ​ធ្វើឱ្យ​ស្ថានការណ៍​ត្រជាក់​»​។ បាតុករ​ជាច្រើន​បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ និង​ចាត់ទុក​ព្រឹត្តិការណ៍​កម្រ​នេះ ជាការ​រំដោះជាតិ​លើក​ទី​ពីរ​ទៅទៀត​។​


Tag:
 ស៊ីម​បា​វ៉េ​
  រ៉ូ​ប៊ឺ​ត មូ​ហ្កា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com