អន្តរជាតិ
មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​ស​គាំទ្រ​គំនិត​ចិន​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា
20, Nov 2017 , 1:51 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព​៖ Xinhua)
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបភាព​៖ Xinhua)
​ចិន​បាន​លើកសំណើ​មួយ​ដែលមាន​បី​ដំណាក់កាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ភៀសខ្លួន​ពី​អំពើហិង្សា​នៅ​រដ្ឋ Rakhine ទៅកាន់​ទឹកដី​បង់​ក្លា​ដែ​ស ដោយ​ចាប់ផ្ដើម​ពីបទ​ឈប់​បាញ់​មុនគេ​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បានលើកឡើង​បែបនេះ ក្នុង​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ហើយ​បើតាម​លោក វ៉ាង យី ដំណាក់កាល​ទីមួយ​មាន​ស្រាប់​រួចហើយ ឯ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ក៏​គាំទ្រ​គំនិត​របស់​ចិន​ដែរ​។​



​ចេញពី​បង់​ក្លា​ដែ​ស រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ទៅដល់​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ លោក វ៉ាង យី បាន​ជួប​ជាមួយ​សមភា​គីមី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ដើម្បី​ពិភាក្សា​ទំនាក់ទំនង​ទ្វេភាគី និង​ដំណោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ លោក វ៉ាង បាន​ប្រាប់​លោកស្រី ស៊ូ​ជី ថា វិបត្តិ​មួយ​នេះ​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​ផ្ទាល់​រវាង​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ឯ​អន្តរជាតិ​ជា​អ្នក​សម្រួល​បរិយាកាស​ទូ​ទៅ​សម្រាប់​ការចរចា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ក្នុង​រដ្ឋធានី​ណៃ​ពិដោ ប្រមុខ​ការទូត​ចិន​បាន​ប្រាប់​លោកស្រី ស៊ូ​ជី ពី​ជំហរ​របស់​បង់​ក្លា​ដែ​ស​ដែល​សន្យា​បន្ត​ការចរចា​ទ្វេភាគី​លើ​បញ្ហា​នេះ​។ លោក វ៉ាង និយាយថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ជា​បញ្ហា​ស្មុគស្មាញ ជាប់​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ ពូជសាសន៍ និង​សាសនា ដែល​ចាំបាច់​ត្រូវការ​ដោះស្រាយ​បន្ទាន់​ផង និង​រយៈពេល​វែង​ផង​។ ហេតុនេះ ប្រមុខ​ការទូត​ចិន​បានស្នើ​ដំណោះស្រាយ​មាន​បី​ដំណាក់កាល​ដើម្បី​បញ្ចប់​បញ្ហា​។  

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ផ្សាយ​ថា ដំណាក់កាល​ដំបូង​នៃ​ច្រកចេញ​វិបត្តិ​មនុស្សធម៌​នេះ គឺជា​ការឈប់​បាញ់​។ ត្រង់ចំណុច​នេះ លោក វ៉ាង អះអាងថា បទ​ឈប់​បាញ់​មាន​រួច​អស់ហើយ ចំណែក​ការងារ​សំខាន់ គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការប្រយុទ្ធ​កើតឡើង​ទៀត​។ ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាង​ច្រើនជាង​កន្លះ​លាន​នាក់ រត់គេច​ទៅកាន់​ជំរំ​នៅ​បង់​ក្លា​ដែ​ស ព្រោះ​ការប៉ះទង្គិច​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​បានកើត​ឡើង​ខ្លាំង ឯ​ក្រុម​យោធា​ក៏​មិន​ប្រណី​ដៃ​អ្វី​ដែរ​ក្នុង​យុទ្ធនាការ​ហិង្សា​របស់ខ្លួន​នោះ​។​

​ចំពោះ​ដំណាក់កាល​ទី​ពីរ​វិញ រដ្ឋមន្ត្រីការបរទេស​ចិន​លើកឡើងថា មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​សត្រូវ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​អាច​អនុវត្តបាន ហើយ​សហគមន៍​អន្តរជាតិ​មាន​តួនាទី​ជួយ​បង្កើត​បរិយាកាស​សមស្រប​ឲ្យ​ភាគី​ទាំងពីរ​។ ក្នុងន័យនេះ ក្រុង​ប៉េកាំង​ទំនង​ចង់​ឲ្យ​ប្រទេស​ផ្សេង​នៅ​ស្ងៀម​សិន ជាជាង​លូកដៃ​ខុស​បរិបទ ដែល​អាចធ្វើ​ឲ្យ​ការចរចា​ល្អក់កករ ព្រោះ​ក្រុង​ណៃ​ពិដោ និង​ក្រុង​ដា​ក្កា ទើប​សម្រេចបាន​កិច្ចព្រមព្រៀង​ដំបូង​ស្ដី​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​។​

​ដំណាក់កាល​ចុងក្រោយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន គឺ​ការអភិវឌ្ឍ​តំបន់​រងគ្រោះ ដែល​ប្រើប្រាស់​ពេលវេលា​យូរ និង​ធនធាន​ជាច្រើន​។ នៅ​ដំណាក់កាល​នេះ ការកាត់បន្ថយ​ភាព​ក្រី​ក្រី ដែលជា​ឬ​សគល់​នៃ​បញ្ហា គឺជា​អាទិភាព​សំខាន់ ហើយ​ចិន​បានស្នើ​ឲ្យ​អន្តរជាតិ​ជួយ​មី​យ៉ាន់​ម៉ា​លើ​បញ្ហា​នេះ ខណៈ​ខ្លួន​ក៏​ត្រៀម​ជួយ​ដូចគ្នា​ដែរ​។ Rakhine ជា​រដ្ឋ​ក្រីក្រ​មួយ​របស់​មី​យ៉ាន់​ម៉ា ដែល​សម្បូរ​ដោយ​ជន​មូស្លីម តែ​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ដូច​ជនជាតិ​ផ្សេង​ឡើយ​៕


Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com