ពីនេះ ពីនោះ
ឧបករណ៍​នេសាទ​ដែលមាន​វត្តមាន​ក្នុង​បឹង​ទន្លេសាប​យូរហើយ​
20, Nov 2017 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រូបភាព​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ La Pêche dans les eaux douces du Cambodge បោះពុម្ព​ក្នុង​ឆ្នាំ ១៩៤០ សម័យ​បារាំង​ដាក់​អាណានិគម​គ្រប់គ្រង​ឥណ្ឌូចិន គឹជា​ជនជាតិ​បារាំងសែស​ម្នាក់​ឈរ​ថត​ក្បែរ «​លប​ណ​, លប​ឡុ​ក ឬ លប​រ៉ាវ​» ដ៏​ធំ​នៅ​បឹង​ទន្លេសាប​។ «​លប​ណ​, លប​ឡុ​ក ឬ លប​រ៉ាវ​» គឺជា​ឧបករណ៍​នេសាទ​ដ៏​ធំ ដែល​អ្នកនេសាទ​ដាក់​ក្នុង​លំហរ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដោយមាន​របាំង​ព្រួល​ឬ​ស្សី​រាង​ដូច​ព្រួញ​ដ៏​ធំ និង​វែង​ជា​ជំនួយ​នាំ​ផ្លូវ​ឲ្យ​ត្រី​ចូល​លប​។



របាំង​ទាំងនោះ​អាចមាន​ប្រវែង​ពី ២០០​ម ទៅ ៥០០​ម ខណៈ​នៅតាម​ព្រៃ​លិច​ទឹក ឬ​ក្នុង​ទន្លេ អាចមាន​ប្រវែង​ចាប់ពី ៥០​ម ទៅ ២០០​ម​។ មូលហេតុ​ដែល​នាំ​ឲ្យ​លប​នេះ​មានឈ្មោះ​បី គឺ​ដោយសារ​ការនិយម​ហៅ​ទៅតាម​តំបន់ ដូចជា​អ្នកនេសាទ​នៅ​កំពង់ធំ​ហៅថា «​លប​ឡុ​ក​» នៅ​បាត់ដំបង​ហៅថា «​លប​រ៉ាវ​» រីឯ​បណ្តា​ខេត្ត​ផ្សេងៗ ហៅថា «​លប​ណ​» តែ​ជាទូទៅ វា​ស្ថិតនៅក្នុង​បឹង​ទន្លេសាប​ដូចគ្នា​។ អ្នកនេសាទ​ប្រើប្រាស់ «​លប​ណ​, លប​ឡុ​ក ឬ លប​រ៉ាវ​» នេះ សម្រាប់​ពពួក​ត្រី ត្រី​ឆ្តោរ - ត្រី​ឌៀប (Channa micropeltes), ត្រី​ឆ្កោក (Cyclocheilichthys enoplos), ត្រី​ប្រា (Pangasius spp),  ត្រី​រៀល (Henicorhynchus spp)  ត្រី​ឆ្ពិន (Barbonymus gonionotus) ត្រី​ខ្មាន់ (Hampala spp) ជាដើម​។ រូបភាព​ដកស្រង់​ចេញពី​សៀវភៅ La Pêche dans les eaux douces du Cambodge),

(​អត្ថបទ Chhut Chheana / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com