ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនAmru ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដំឡូងមីសរីរាង្គ ឲ្យក្រុមហ៊ុនថៃ
× ភ្នំពេញ៖ ក្រុមហ៊ុន Amru ដែលនាំមុខផ្នែកនាំចេញអង្ករ នៅថ្ងៃ១៧ខែវិច្ឆិកា បានចុះអនុស្សារណៈនៃការយោគយល់ (MOU) ជាមួក្រុមហ៊ុនថៃ Thai starch Company ដើម្បីផ្ដត់ផ្គង់ដំឡូងមីសរីរាង្គស្រស់ ចំនួន ៨ពាន់តោន នៅឆ្នាំដំបូង ដោយចាប់ផ្ដើមពីឆ្នាំ២០១៨ ខាងមុខ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru បានឲ្យដឹងថា តាមរយៈ MOU នេះ ក្រុមហ៊ុនលោកនឹងសហការជាមួយកសិករនៅខេត្តកំពង់ធំ និងឧត្តរមានជ័យ ច្រើនជាង១៥០០គ្រួសារ ក្នុងរយៈពេលសាកល្បង ៣ឆ្នាំ ដើម្បីផ្គត់ផ្គង់ដំឡូងមីឲ្យក្រុមហ៊ុនថៃ។ លោកបន្ថែមថា ឆ្នាំដំបូងឆ្នាំ២០១៨ ការផ្គត់ផ្គង់គ្រោងចំនួន ៨ពាន់តោន ហើយនឹងបង្កើនដល់ ២ម៉ឺនតោន ទៅ ៤ម៉ឺនតោន នៅឆ្នាំ២០២០ ។ លោកបញ្ជាក់ថា ក្រុមហ៊ុនទាំង២ រួមទាំងអង្គការអាល្លឺម៉ង់ GIZ នឹងផ្ដល់បច្ចេកទេសដល់កសិករទាំងនោះ។
លោក សុង សារ៉ន ឲ្យដឹងទៀតថា ការជ្រើសរើសផ្គត់ផ្គង់ដំឡូងមីសរីរាង្គនេះ ព្រោះថាវាអាចទប់ទល់នឹងការប្រកួតប្រជែង ជាមួយផលិផលដំឡូងមីរបស់ប្រទេសជិតខាងបាន និងផ្ដល់តម្លៃកាន់តែប្រសើរដល់អ្នកដាំដុះ។
ក្រៅពីដំឡូងមីសរីរាង្គ ក្រុមហ៊ុនថៃខាងលើនេះ ក៏គ្រោងទិញដំឡូងមីធម្មតា ជាច្រើនម៉ឺនតោនពីកសិករផងដែរ តែការទិញនេះ មិនស្ថិតក្រោមគម្រោងខាងលើនេះទេ។ នេះបើតាមលោក សុង សារ៉ន ៕
© រក្សាសិទ្ធិដោយ thmeythmey.com