អន្តរជាតិ
UN ៖ រ៉ូ​ហ៊ីង​យ៉ា បន្ត​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​តាម​«​ក្បូន​»
20, Nov 2017 , 3:57 pm        
រូបភាព
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាបន្តភៀសខ្លួន​ទៅបង់ក្លាដែស។ រូបថត UNHCR Andrew McConnell
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាបន្តភៀសខ្លួន​ទៅបង់ក្លាដែស។ រូបថត UNHCR Andrew McConnell
ដោយ:
​បើទោះបីជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អះអាងថា ស្ថានភាព​នៅក្នុង​រដ្ឋ Rakhine បាន​មាន​ស្ថិរភាព​ឡើងវិញ​ហើយក៏​ដោយ នៅតែមាន​ជនភៀសខ្លួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ បាន​បន្ត​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​ដដែល ។ ពួកគេ ត្រូវ​ធ្វើដំណើរ​ជាមួយនឹង​មធ្យោបាយ​ដ៏​គ្រោះថ្នាក់​ដើម្បី​ទៅដល់​បង់​ក្លា​ដែ​ស ។



« ដោយសារ​មិនមាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​លើ​ការឆ្លងកាត់​ច្រកព្រំដែន ជនភៀសខ្លួន​រាប់ពាន់នាក់ (​ពីរ​ដ្ឋ​Rakhine របស់​មី​យ៉ាន់​ម៉ា​) បានធ្វើ​ក្បូន​អំពី​ឬ​ស្សី និង​កំប៉ុង​ផ្លា​ស្ទីក ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ជិះ​ឆ្លងកាត់​ទន្លេ​ដើម្បី​ទៅដល់​បង់​ក្លា​ដែ​ស​។​» នេះ​គឺជា​ការអះអាង​របស់​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ នៅ​ចុង​សប្តាហ៍​មុន ។

​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​ជនភៀសខ្លួន លោក William Spindler គិត​ចាប់ពី​មានការ​វាយប្រហារ​គ្នា​នៅក្នុង​រដ្ឋ​Rakhine នៅ​ចុងខែ​សីហា​មក មាន​ជនភៀសខ្លួន​ជាង​មួយរយ​នាក់​ហើយ បាន​លិចលង់ ដោយ​ការធ្វើដំណើរ​តាម​ទូក និង​ក្បូន​ក្នុង​ដំណើរ​មកកាន់​បង់​ក្លា​ដែ​ស ។

​លោក បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ធ្វើដំណើរ​ពី​មី​យ៉ាន់​ម៉ា ទៅ​បង់​ក្លា​ដែ​ស ត្រូវ​ចំណាយពេល​រាប់​គីឡូ​ម៉ែត​ឯណោះ ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​បញ្ជាក់​ពី​តួលេខ​ចុងក្រោយ​នៃ​ជនភៀសខ្លួន​ថា មកទល់ពេលនេះ មាន​ជន​ភ​សៀ​ខ្លួន​ប្រមាណ ៦២០,០០០ នាក់​ហើយ បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា មកកាន់​បង់​ក្លា​ដែ​ស ។

​សូមជ្រាប​ដែរ​ថា ថ្មីៗ​នេះ ស្ថាប័ន​ក្រោម​អង្គ​ការសហការ​សហប្រជាជាតិ ដែល​រួមមាន មហាសន្និបាត និង​ក្រុមប្រឹក្សាសន្តិសុខ និង​រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បានចេញ​សេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេច​ជា​បន្តបន្ទាប់​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បញ្ចប់​ហិង្សា និង​ធានា​ឲ្យ​បាន​ការពារ​សិទ្ធិមនុស្ស​ដល់​ជនរងគ្រោះ​នៅក្នុង​រដ្ឋ Rakhine ។​

​តប​ជាមួយនឹង​ការបន្ទោស និង​សេចក្តីថ្លែងការណ៍​នានា​ដែលជា​សម្ពាធ​របស់​សហ​គម​ន៍​អន្តរជាតិ រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ក៏បាន​អះអាង​ដែរ​ថា ស្ថានភាព​រង​ការប៉ះពាល់​បានល្អ​ប្រសើរ​វិញ​ហើយ ។ ជាងនេះទៅទៀត មី​យ៉ាន់​ម៉ា ក៏បាន​សុំ​ចិត្ត​ឲ្យ​សហគមន៍​អន្តរជាតិ ផ្តល់​លទ្ធភាព​ឲ្យ​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​ជាក់ស្តែង​នោះ មី​យ៉ាន់​ម៉ា កំពុងតែ​ចរចា​ជាមួយនឹង​បង់​ក្លា​ដែ​ស​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​មកកាន់​តំបន់​ដើម​វិញ​ផងដែរ ៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com