អន្តរជាតិ
អាជ្ញាធរ​ចិន​ប្រាប់ ប្រជាជន​ថា បើ​ចង់​ឈប់​ក្រ ត្រូវ​ដក​រូប​ព្រះ​ដាក់​រូប លោក ស៊ី ជិន​ភីង
20, Nov 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​បាន​ណែនាំ​ប្រជាជន​ខ្លួន​ឲ្យ​ដក​រូប​ព្រះ​យេស៊ូ​គ្រឹ​ស្ត ដោយ​ជំនួស​ដោយ​រូបលោក ស៊ី ជិន​ភីង វិញ ស្របតាម​គោលនយោបាយ​លុបបំបាត់​ភាពក្រីក្រ​របស់ខ្លួន​ផង​។ វា​ហាក់ដូចជា​យុទ្ធសាស្ត្រ​ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាជន​ពី​ការជឿ​លើ​ព្រះ​ឲ្យ​ជឿជាក់​លើ​បក្ស​វិញ​ប៉ុណ្ណោះ​។



​ស្រុក Yugan ស្ថិតក្នុង​ខេត្ត Jiangxi ត្រូវបាន​គេ​ចាត់ទុកជា​តំបន់​ដែល​រុំ​ព័ទ្ធ​ដោយ​ភាពក្រីក្រ ហើយ​សម្បូរ​ដោយ​សហគមន៍​ប្រជាជន​គោរព​សាសនា​គ្រឹ​ស្ត​ផង​។ ប្រជាជន​ជាង ១១​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប ១​លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ខណៈដែល​អ្នក​កាន់សាសនា​គ្រឹ​ស្ត​មាន​រហូតដល់​ជិត ១០​ភាគរយ​។  រដ្ឋាភិបាល​តំបន់​បាន​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ ដោយ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​លុបបំបាត់​ភាព​ក្រ​ក្រ​នេះ​។​

​យោងតាម​សារព័ត៌មាន South China Morning Post វា​មានរឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​កើតឡើង ដោយ​អាជ្ញាធរ​បាន​ណែរ​នាំ​ឲ្យ​ប្រជាជន​ខ្លួន​ដក​រូប​ព្រះ​យេស៊ូ​ដែល​ពួកគេ​គោរព​ប្រណិប័តន៍ ដោយ​ដាក់​រូបលោក ស៊ី ជិន​ភីង ជំនួស​វិញ​។ វា​ដូចជា​រឿង​ដែល​ធ្លាប់​កើតឡើង​ពេលដែល​រូបលោក ម៉ៅ សេទុង ត្រូវបាន​គេ​ដាក់តាំង​នៅតាម​ផ្ទះ​ប្រជាជន​ចិន​ដែរ​។​

​អាជ្ញាធរ​អះអាងថា ប្រជាជន​នៅក្នុង​ទីក្រុង Yugan បាន​ស្ម័គ្រចិត្ត​ដក​រូបភាព​ព្រះ​ចេញ ហើយ​ដាក់​រូបលោក​ស៊ី ជិន​ភីង​ជំនួស​វិញ​។ ប៉ុន្តែ​ប្រជាជន​បាន​អះអាងថា ប្រជាជន​គ្មាន​ជម្រើស​ក្រៅពី​ដក​រូប​ចេញ​ឡើយ​។ នេះ​ក៏ដោយ​សារ បើ​មិន​ធ្វើតាម ពួកគេ​មិន​ទទួលបាន​ជំនួយ​កាត់បន្ថយ​ភាពក្រីក្រ​ឡើយ​។
​លោក Liu ជា​ពលរដ្ឋ​ស្ថិតក្នុង​ក្រុង Yugan បាន​អះអាង​ដូច្នេះ​៖ «​គ្រួសារ​ជាច្រើន​មាន​ជំនឿ​លើ​ព្រះ ហើយ​ពួកគេ​មិន​ចង់​យកចេញ​ទេ​។ ប៉ុន្តែ​វា​គ្មាន​វិធី​ផ្សេ​ឡើយ​។ ប្រសិនជា​ពួកគេ​មិន​ព្រមធ្វើ​ទេ ពួកគេ​នឹងមិន​ស្ថិតក្នុង​បញ្ជី​ទទួលបាន​ជំនួយ​លុបបំបាត់​ភាពក្រីក្រ​ឡើយ​»​។​

​តាមពិតទៅ ប្រជាជន​ដែល​ប្រណិប័តន៍​សាសនា​គ្រឹ​ស្ត​នៅក្នុង​ប្រទេស​ចិន​ស្ទើរតែ​កើនឡើង​លើស​ចំនួន​សមាជិក​បក្ស​កុម្មុយនីស្ត​ដែលមាន ៩០​លាន​នាក់​ទូទាំងប្រទេស​ហើយ​។ ដូច្នេះហើយ ការអនុវត្ត​គោលនយោបាយ​នេះ​ជា​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​ប្រជាជន​ងាក​មក​ជឿជាក់​លើ​បក្ស​វិញ​។​

​ដោយឡែក ប្រធាន​បក្ស​ក្រុង Huangjinbu លោក Qi Yan បាន​អះអាងថា វា​គ្មាន​ការបង្ខំ​ឲ្យ​ប្រជាជន​បោះបង់​សាសនា​ដើម្បី​ទទួលបាន​ជំនួយ​ឡើយ​។ ប៉ុន្តែ​អ្វីដែល​អាជ្ញាធរ​ប្រឹង​ធ្វើ​គឺ​ជួយ​ណែនាំ​ប្រជាជន​ឲ្យ​បាន​យល់ច្បាស់​ពី​បញ្ហា​ប្រឈម និង​ជួយ​ពួកគេ​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​។​

​លោក​ពន្យល់ថា ប្រជាជន​នៅក្នុង​តំបន់​ហាក់បីដូចជា​ងប់​ង​ល់​ខ្លាំង​នឹង​ជំនឿ​សាសនា ដោយ​មិន​យល់ច្បាស់​ពី​បញ្ហា​ដែល​កើតឡើង​។ ពួកគេ​គិតថា គោរព​សាសនា អាចជួយ​ពួកគេ​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​ដ​ង្កា​ត់​នានា និង​អាចជួយ​ស្រោចស្រង់​ជីវភាព​គេ​បាន​ផង​។​

«​ប្រជាជន​ក្រីក្រ​ជាច្រើន​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​ភាព​ក្រ​ក្រ ព្រោះតែ​ក្រុមគ្រួសារ​ពួកគេ​មាន​ជំងឺ​ដ​ង្កា​ត់​ច្រើន​។ ខ្លះ​ជឿជាក់ថា ព្រះ​យេស៊ូ​ជួយ​ព្យាបាល​ជំងឺ​ពួកគេ​បាន​។ ប៉ុន្តែ​យើង​ព្យាយាម​ប្រាប់​ពួកគេ​ថា ឆ្លង​ជំងឺ​គឺជា​រឿង​សុខភាព​របស់​មនុស្ស ហើយ​អ្នក​ដែល​អាចជួយ​ពួកគេ​បាន​មាន​ត្រឹមតែ​បក្ស​កុម្មុយនីស្ត និង​អគ្គលេខាធិការ​បក្ស​លោក ស៊ី ជិន​ភីង ប៉ុណ្ណោះ​»​។ លោក Qi Yan បានបញ្ជាក់​ដូច្នេះ​។​


Tag:
 ស៊ី ជិន​ភីង​
  Yugan
  Jiangxi
  យេស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com