ជាតិ
សេដ្ឋកិច្ច
កម្ពុជា-មីយ៉ាន់ម៉ា ចុះMOUដើម្បីជំរុញលំហូរភ្ញៀវវទេសចរ រវាងប្រទេសទាំង២ រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
× កម្ពុជា-មីយ៉ាន់ម៉ា កាលពីនៅថ្ងៃទី១៧ ខែវិច្ឆិកា បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ស្ដីពីសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៧-២០២០ សំដៅជំរុញលំហូរទេសចរជាតិ និងទេសចរប្រទេសទី៣ ទៅតំបន់អង្គរកម្ពុជា និងទីក្រុងបាហ្គានមីយ៉ានម៉ា។ MOU ត្រូវបានចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នៅសណ្ឋាគារសុខាសៀមរាប។
អនុស្សារណៈ រវាងក្រសួងទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ា នាពេលនេះ គឺផ្ដោតសំខាន់លើផែនការកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណរវាងប្រទេសទាំង២ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញលំហូរទេសចរទៅវិញទៅមក និងទេសចរប្រទេសទី៣។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ដែលបានស្រង់សម្តីរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ទិត ចន្ថា នាពិធីចុះMoU។ តាមរដ្ឋលេខាធិការក្រសួងទេសចរណ៍ MoUនេះ ក៏ផ្តោតលើកិច្ចសហប្រតិបត្តិការទេសចរណ៍ «អង្គរ-បាហ្គាន រាជធានីបុរាណពីរគោលដៅ ទេសចរណ៍តែមួយ»ដែរ។
ក្រសួងទេសចរណ៍ប្រទេសទាំង២ នឹងជំរុញឲ្យមានការហោះហើរត្រង់បន្ថែមទៀត ពីទីក្រុងបាហ្គាន ទៅមកខេត្តសៀមរាប ខណៈបច្ចុប្បន្នមានជើងហោះហើរត្រង់ពីភ្នំពញទៅ រដ្ឋរង់ហ្គូនស្រាប់។ នេះបើតាមក្រសួងទេសចរណ៍ ដែលបញ្ជាក់ទៀតថា ភាគីទាំង២ នឹងជំរុញឲ្យមានការផ្សព្វផ្សាយពីទេសចរណ៍ ការអប់រំបណ្ដុះបណ្ដាលជំនាញ ការផ្លាស់ប្តូរទស្សនកិច្ច ផ្លាស់ប្តូរព័ត៌មាន និងបទពិសោធពីគ្នាទៅវិញទៅមក ទាំងផ្នែករដ្ឋ និងឯកជនផង៕
Tag:
កម្ពុជា-មីយ៉ាន់ម៉ា
MOU
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com