អន្តរជាតិ
នាយករដ្ឋមន្រី្តនូវែលសេឡង់បដិសេធថា លោក ត្រាំ មិនបានច្រឡំលោកស្រីជាមួយភរិយាលោក ទ្រូដូ ឡើយ
× នាយករដ្ឋមន្ត្រីនូវែលសេឡង់បដិសេធថា ប្រធានាធិបតីអាមេរិក មិនបានច្រឡំលោកស្រីជាមួយភរិយាលោក ចាសស្ទីន ទ្រូដូ (Justin Trudeau) ឡើយក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅម៉ានីលកន្លងមក។ អ្វីដែលកើតឡើងនោះគឺ លោកស្រីគ្រាន់តែបានឆ្លើយតបលោក ត្រាំ ដែលចម្អកឲ្យខ្លួនរឿងបោះឆ្នោតកន្លងមកប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ដាលោកស្រី Jacinda Arderm បានទាត់ចោលពាក្យចរចាមអារ៉ាមថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ច្រឡំលោកស្រីថា ជាភរិយានាយករដ្ឋមន្ត្រីកាណាដាលោកស្រី Sophia ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកន្លងមក។
ការបកស្រាយរបស់លោកស្រីកើតឡើង ក្រោយមានការចុះផ្សាយថា លោក ត្រាំ ចំណាយពេលច្រើននាទីទម្រាំដឹងថា លោកស្រី Arderm ជានាយករដ្ឋមន្ត្រីនូវែលសេឡង់។ ក្នុងកិច្ចប្រជុំនោះលោក ទ្រូដូ បានណែនាំខ្លួនលោកស្រី Arderm ព្រោះវាជាវេទិកាប្រជុំធំបំផុតដែលលោកស្រីចូលរួមចាប់ពីឡើងកាន់តំណែងខែមុននោះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រីបានអះអាងថា វាគ្មានការយល់ច្រឡំដូច្នេះទេ ប៉ុន្តែវាមានមេដឹកនាំម្នាក់ (លោកស្រីបដិសេធបង្ហើបឈ្មោះ) ដែលយល់ខុសថា លោក ត្រាំ ច្រឡំលោកស្រីជាមួយភរិយាជាមួយភរិយាលោក ទ្រូដូ។ លោកស្រីក៏បានរៀបរាប់ពីរឿងរ៉ាវនានាដែលកើតឡើងប្រាប់មិត្តភក្តិខ្លួននៅនូវែលសេឡង់ ក្រោយពេលចប់កិច្ចប្រជុំដែរ។
លោកស្រីបានបង្ហាញអារម្មណ៍សោកស្តាយផងដែរដែលលោកស្រីបានរៀបរាប់រឿងរ៉ាវក្នុងកិច្ចប្រជុំប្រាប់គេឯង។ នេះក៏ដោយសារវាអាចបង្កឲ្យមានបញ្ហាទំនាស់ ឬប្រទាំងប្រទើសផ្នែកការទូតជាដើមផង។
Arderm ប្រាប់ត្រាំ ៖« ខ្ញុំជាប់ឆ្នោត គ្មានអ្នកបាតុកម្មឡើយ»
យ៉ាងណាក៏ដោយ រឿងដែលបានកើតឡើងពាក់ព័ន្ធលោក ដូណាល់ ត្រាំ គឺលោកបានចម្អកឲ្យលោកស្រីរឿងបោះឆ្នោតកន្លងមក។ ប៉ុន្តែលោកស្រីបានតបតទៅលោក ត្រាំ ថា លោកស្រីបានជាប់ឆ្នោតដោយគ្មានអ្នកបាតុកម្មតវ៉ាឡើយ។
លោកស្រីបានរៀបរាប់ប្រាប់សារព័ត៌មាននូវែលសេឡង់ New Zealand Herald ដូច្នេះថា៖ «ពេលខ្ញុំកំពុងឈររង់ចាំបង្ហាញខ្លួនក្នុងពិធីលាងសាយភោជន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្រុងម៉ានីលកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រាប់មនុស្សឈរនៅជិតខ្លួន និងចង្អុលខ្ញុំ ហើយនិយាយថា ‘ស្រី្តម្នាក់នេះបានធ្វើឲ្យប្រជាជននូវែលសេឡង់ជាច្រើននាក់មិនសប្បាយចិត្ត’»។
លោកស្រីបន្តថា៖ «ប៉ុន្តែខ្ញុំតបទៅវិញថា ‘លោកដឹងថា វាមានប្រជាជនប្រហែល ៤០ភាគរយប៉ុណ្ណោះដែលមិនពេញចិត្ត។ លោកដឹងទេថា វាគ្មានអ្នកណាម្នាក់បាតុកម្មឡើយ’»។
ក្រោយជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំមុន លោក ដូណាល់ ត្រាំ ប្រឈមបញ្ហាជាច្រើនជាពិសេសចលនាបាតុកម្មប្រឆាំងលោក និងមានការទាមទារឲ្យសភាទម្លាក់លោកពីតំណែងផង។
ដោយឡែកពេលសាកសួររឿងអារម្មណ៍លោកស្រីពេលជួបលោក ត្រាំ ជាលើកដំបូង លោកស្រីបានរៀបរាប់ដូច្នេះថា៖ «ត្រាំ ជាមនុស្សមិនប្រែប្រួល។ លោកជាមនុស្សតែមួយដូចដែលយើងឃើញទោះនៅទីណាក៏ដោយទាំងកាយវិកា និងឥរិយាបថ»៕
Tag:
ដូណាល់ ត្រាំ
ចាស្ទីន ទ្រូដូ
Jacinda Arderm
© រក្សាសិទ្ធិដោយ thmeythmey.com