ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP ប្រាប់​ទៅ គ​.​ជ​.​ប ថា ខ្លួន​មិន​ទទួលយក​អាសនៈ​របស់ CNRP ឡើយ​
20, Nov 2017 , 5:12 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បដិសេធ​ក្នុងការ​ទទួលយក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​សម្រេច​រំលាយ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។ ការមិន​ព្រមយក​នេះ ធ្វើឡើង​ស្របពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រាប់​ឲ្យ​គណបក្សនយោបាយ​ចំនួន​៦ រៀបចំ​ឈ្មោះ​បេក្ខជន​ទទួលយក​អាសនៈ​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​



​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​នោះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ទទួលបាន​អាសនៈ​រដ្ឋសភា អាសនៈ​ក្រុមប្រឹក្សា​ស្រុក អាសនៈ​ឃុំ​-​សង្កាត់​មួយចំនួន របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។​

​ប៉ុន្តែ​យ៉ាងណា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)  មិន​ទទួលយក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្លួន​អាច​ទទួលបាន​តាមរយៈ​ការបែងចែក ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ឡើយ​។ លិខិត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចុះហត្ថលេខា​ដោយ លោក អ៊ី សាំង​ឡេង អនុប្រធាន​បក្ស ដែល​បាន​ផ្ញើ​ទៅ គ​.​ជ​.​ប បានបញ្ជាក់​ដូច្នេះ​ថា​៖«​សូមបញ្ជាក់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា គណបក្ស​នឹងមិន​ទទួលយក​អាសនៈ​ណាមួយ ដែល​ផ្ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឡើយ​»​។​

​បន្ថែម​ពីលើ​នេះ​អគ្គលេខា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​លោក ចិន ថុ​ន បាន​និយាយថា មូលហេតុ​គណបក្ស​លោក មិន​ទទួលយក​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​គណបក្ស​មិនគួរ​ទៅ​អង្គុយ​កៅអី​នោះទេ​។ លោក ចិន ថុ​ន បាន​លើកយក​ពាក្យសម្តី​លោក ខឹម វាសនា ប្រធាន​គណបក្ស ប្រាប់​សារព័ត៌មាន​ថ្មី​ថា​៖«​ប្រសា​ស​ន៏​ដ៏​មានតម្លៃ​របស់​ប្រមុខ​បក្ស​(​ខឹម វាសនា​) ធ្លាប់បាន​លើកឡើងថា យើង​មិន​សាក​សម​ទៅធ្វើជា​អ្នកតំណាង​ឲ្យ​ពលរដ្ឋ​(​អ្នកគាំទ្រ​CNRP)​ទាំង​នោះទេ ហើយ​មនុស្ស​ទាំងនោះ ក៏​មិន​សាក​សម​ឲ្យ​យើង​ទៅ​បម្រើ​ពួកគាត់​ដែរ …»​។​

​តាម​វិសោធនកម្ម​ច្បាប់​ខាងលើនេះ អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា​ក្នុងអំឡុងពេល​យ៉ាងយូរ​៧​ថ្ងៃ លើកលែងតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ គណបក្សនយោបាយ​ទាំង​៦ ដែល​ត្រូវ​ទទួលបាន​អាសៈ​ពី​ការបែងចែក​នេះ រួមមាន​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។
អត្ថបទទាក់ទង

​ចំណែក​អាសនៈ​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥,០០៧  របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹងត្រូវ​បែងចែក​ទៅ​គណបក្ស​ផ្សេង យ៉ាងយូរ​២​សប្តាហ៍​ខាងមុខ​ដែរ​៕


Tag:
 LDP
  CNRP
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com