អន្តរជាតិ
ប្រធានសភាឥណ្ឌូណេស៊ីត្រូវឃាត់ខ្លួនក្នុងមន្ទីរពេទ្យ ព្រោះជាប់ពាក់ព័ន្ធអំពើពុករលួយ ប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ដែលអង្គុយលើរទេះរុញ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង (រូបភាព៖ AP)
× ប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ត្រូវបានចាប់ឃាត់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា ជុំវិញករណីអំពើពុករលួយ។ លោក Novanto ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យក្រុងហ្សាការតាដើម្បីព្យាបាលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងមួយកន្លែងដោយមន្ត្រីគណៈកម្មការប្រឆាំងអំពើពុករលួយ។ លោក Novanto បានបដិសេធរាល់ការចោទប្រកាន់ខាងលើ និងមិនបានចូលខ្លួនតាមការកោះហៅជាច្រើនលើក ក្រោមលេសមានអភ័យឯកសិទ្ធសភា។
គណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី (KPK) បានចាប់ខ្លួនប្រធានសភា Setya Novanto ដល់មន្ទីរតែម្ដងលើសំណុំរឿងអាស្រូវពុករលួយដែលមានទំហំប្រាក់ដល់ទៅ១៧០លានដុល្លារក្នុងការធ្វើអត្តសញ្ញាណបណ្ណអេឡិចត្រូនិច។ លោក Novanto បានគេចវេសមិនបង្ហាញខ្លួនតាមការហៅជាច្រើនសប្ដាហ៍មក ហើយកាលពីសប្ដាហ៍មុនក៏ចូលព្យាបាលរបួសក្នុងមន្ទីរពេទ្យក្រោយជួបគ្រោះចរាចរណ៍រួចមក។
បើតាមសារព័ត៌មាន Today លោក Novanto ត្រូវបានឃុំខ្លួននៅឯស្នាក់របស់ KPK ក្នុងរដ្ឋធានី ហ្សាការតា។ អនុប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ លោក Laode Muhammad Syarif និយាយថា លទ្ធផលពីគ្រូពេទ្យបានបង្ហាញពីស្ថានភាពល្អប្រសើររបស់លោក Novanto ដែលមិនចាំបាច់ទទួលបានព្យាបាលក្នុងមន្ទីរពេទ្យឡើយ។ ដូច្នេះ ការឃាត់ខ្លួននេះក៏មិនចាំបាច់ពន្យារពេលអ្វីទៀតដែរ។
ប្រធានសភាឥណ្ឌូណេស៊ីរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្ដាលសប្ដាហ៍មុន ខណៈកំពុងជិះរថយន្តសំដៅទីស្នាក់ការគណៈកម្មការប្រឆាំងអំពើពុករលួយ។ លោក Fredrich Yunadi ជាមេធាវី និយាយថា ប្រធានគណបក្ស Golkar រូបនេះ បានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់។ ជាមួយនឹងអាវកាក់ពណ៌ទឹកក្រូចសម្រាប់ជនត្រូវឃាត់ខ្លួន លោក Novanto និយាយទាំងអង្គុយលើរទេះរុញថា លោកមិននឹកស្មានមានការចាប់ខ្លួនទាំងយប់ឡើយ ហើយលោកគួរមានពេលដើម្បីព្យាបាលជំងឺសិន។
ជុំវិញសំណុំរឿងពុករលួយនេះ តុលាការពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស្វែងរកការពិតកាលពីខែមីនា។ ប៉ូលិសប្រឆាំងអំពើពុករលួយអះអាងថា មនុស្សប្រហែល៨០នាក់ ដែលភាគច្រើនជាសមាជិកសភា និងក្រុមហ៊ុនធំៗ បានកេងចំណេញថវិកាចំនួនមួយភាគបីនៃថវិកាទាំងអស់សម្រាប់ចំណាយក្នុងគម្រោងបង្កើតអត្តសញ្ញាណបណ្ណអេឡិចត្រូនិចសម្រាប់ប្រជាជនឥណ្ឌូណេស៊ីជាង២៥៥លាននាក់។
លោក Novanto ជាប់ឈ្មោះជាជនសង្ស័យក្នុងករណីអំពើពុករលួយដ៏ធំនេះក្នុងខែកក្កដា តែលោកក៏បានបដិសេធជាហូរហែររហូតមកដែរ។ ចំណែកឯសម្ព័ន្ធមិត្តនយោបាយរបស់លោក Novanto ក៏បានស្នើឲ្យលោកគោរពតាមច្បាប់រដ្ឋដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានប្រាប់ឲ្យលោក Novanto គោរពតាមនីតិវិធីច្បាប់ ស្របពេលដែលលោកអនុប្រធានាធិបតូ យូសូហ្វ កាឡា ដែលជាសមាជិកបក្ស Golkar ដែរ បានប្រាប់ឲ្យលោក Novanto ត្រៀមខ្លួនប្រឈមមុខផ្លូវច្បាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com