កីឡាជាតិ
ជាតិ
លោក សៅ សុខា ប្រើ​កីឡដ្ឋាន​ខេត្តកំពត​ជា​សាលា​តម្រង់ទិស និង​ផ្តល់​៣៥​ម៉ឺន​ដុល្លារ​រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​
21, Nov 2017 , 7:59 am        
រូបភាព
លោក សៅ សុខា ពេលឡើងថ្លែងក្នុងពិធីបើកការប្រកួតជម្រើសជើងឯកយុវជន​និងយុវនារីនៅកីឡដ្ឋានខេត្តកំពត
លោក សៅ សុខា ពេលឡើងថ្លែងក្នុងពិធីបើកការប្រកួតជម្រើសជើងឯកយុវជន​និងយុវនារីនៅកីឡដ្ឋានខេត្តកំពត
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក សៅ សុខា គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា​៣៥​ម៉ឺន​ដុល្លារ​សាងសង់​បង្គោល​ភ្លើង​បំភ្លឺ​កីឡដ្ឋាន​ខេត្តកំពត​។ ការសាងសង់​បង្គោល​ភ្លើង​នេះ​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ការប្រកួត​របស់​កីឡាករ​ក្នុង​ពេលយប់​និង​ដើម្បី​ជួយ​ព​ន្លឿ​ន​គម្រោង​អភិវឌ្ឍន៍​កីឡាបាល់ទាត់​រយៈពេល​វែង​ទូទាំង​២៥​រាជធានី​-​ខេត្ត​។

 


​នា​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ជម្រើស​យុវជន U14, U16 និង​ជម្រើស​ជើងឯក​នារី​ឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃទី​១៩ វិច្ឆិកា នៅ​កីឡដ្ឋាន​ខេត្តកំពត​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានប្រកាស​ផ្តល់​ថវិកា​៣៥​ម៉ឺន​ដុល្លារ​សម្រាប់​សាងសង់​បង្គោល​ភ្លើង​ចំនួន​៤​ដើម្បី​បំភ្លឺ​កីឡដ្ឋាន​ខេត្តកំពត​។ ការផ្តល់ជូន​នេះ​បន្ទាប់ពី លោក មើលឃើញ​បង្គោល​ភ្លើង​បច្ចុប្បន្ន​មិនអាច​ផ្តល់​ភ្លើង​គ្រប់គ្រាន់​ក្នុងការ​បំភ្លឺ​ទីលាន​ដែល​បម្រើ​ឲ្យ​ការប្រកួត​របស់​កីឡាករ​នៅពេល​យប់​។



​ម្យ៉ាងទៀត​ការផ្តល់ជូន​នេះ ដើម្បី​ជួយ​ព​ន្លឿ​ន​ផែនការអភិវឌ្ឍន៍​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំង​២៥​រាជធានី​-​ខេត្ត ព្រោះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឯកភាព​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជ្រើស​រើសយក​កីឡដ្ឋាន​ខេត្តកំពត​ធ្វើជា​សាលា​តម្រង់​អភិវឌ្ឍន៍​កីឡាបាល់ទាត់​រយៈពេល​វែង​ប្រចាំ​ខេត្តកំពត​។   

«​ដោយសារ​ខ្ញុំ​មើលឃើញ​បង្គោល​ភ្លើង​បំភ្លឺ​កីឡដ្ឋាន​ខេត្តកំពត​បច្ចុប្បន្ន​មិន​គ្រប់ ខ្ញុំ​សុំ​ផ្ទេរ​គម្រោង​អភិវឌ្ឍន៍​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​មក​ធ្វើ​នៅ​កី​ដ្ឋា​ន​ខេត្តកំពត ព្រោះ​ទីនេះ​មាន​ទីលាន​ស្រាប់​។ អាស្រ័យហេតុនេះ​ដើម្បី​រួមចំណែក​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​អាជ្ញាធរ​ខេត្តកំពត​ខ្ញុំ​សុំ​ផ្តល់​បង្គោល​ភ្លើង​ចំនួន​៤​ដែលមាន​តម្លៃ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​ដើម្បី​ដាក់​បំភ្លឺ​នៅទីនេះ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​ទន្ទឹមនឹងនេះ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រូបនេះ បានចាត់ទុក​ព្រឹត្តិការណ៍​ប្រកួត​ជម្រើស​ជើងឯក​យុវជន និង​យុវនារី​ខាងលើ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល និង​យុវជន​នៃ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំងប្រទេស​ដែល​បាន​បង្កើតឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។​



«​កៅ​ពី​ការហ្វឹកហាត់​ជាមួយ​គ្រូ​ដែល​បានការ​បណ្តុះបណ្តាល​ពីស​ហ​ព័ន្ធ​កីឡាបាល់ទាត់ ការប្រកួត​នេះ​បាន​ជួយ​ដុះខាត់​និង​ពង្រឹង​បច្ចេកទេស​ដល់​កីឡាករ​កីឡាការិនី និង​ជួយ​អភិវឌ្ឍន៍​ធនធាន​ផ្នែក​កីឡាបាល់ទាត់​ដូចជា​គ្រូបង្វឹក អាជ្ញាកណ្តាល និង​ចៅក្រម​»​។ នេះ​ជាការ​លើកឡើង​របស់លោក សៅ សុខា ដែល​បាន​បន្ថែមថា វា​ជា​ផែនការ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងចំណោម​ផែនការមេ​ដែល​បាន​ដាក់ចេញ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។    

​ដោយ​មើលឃើញ​ពី​ប្រជាប្រិយភាព​របស់​វិស័យ​កីឡាបាល់ទាត់​កំពុងមាន​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ក្រៅពី​គោលដៅ​អភិវឌ្ឍន៍​ធនធាន​ថ្នាល ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ក៏​ផ្តោត​សំខាន់​លើ​ការរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គម​ផងដែរ​។ ជាមួយគ្នានេះ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជ្រាប​សារ​អប់រំ​មួយចំនួន​ដល់​កីឡាករ កីឡាការិនី និង​យុវជន​ទៀតផង​។



​សារ​ទាំងនោះ​រួមមាន យើង​នាំគ្នា​លេង​បាល់ទាត់​ហើយ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​, លេង​បាល់ទាត់​និយាយថា​ទេ​ចំពោះ​ជម្ងឺអេដស៍​និង​ជម្ងឺឆ្លង​, លេង​បាល់ទាត់​និយាយថា​ទេ​ចំពោះ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​, រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ជីវិត​យើង​ផ្ទាល់ និង​សុភមង្គល​គ្រួសារ​, ចូលរួម​ថែ​រក្ស​អនាម័យ បរិស្ថាន ដាំ​ដើមឈើ​ដើម្បី​ជីវិត​យើងទាំងអស់គ្នា​, យើង​នាំគ្នា​លេង​បាល់ទាត់​ដើម្បី​មិត្តភាព សុខភាព និង​ការអប់រំ និង​សន្តិភាព​នាំមក​នូវ​ការអភិវឌ្ឍ និង​មានឱកាស​លេង​បាល់ទាត់​ជាដើម​។

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន U14, U16 និង​ជម្រើស​ជើងឯក​នារី​មាន​៤០​ក្រុម​ចូលរួម​ដោយមាន​កីឡាករ​កីឡាការិនី​សរុប​ប្រមាណ​ជា​១​ពាន់​នាក់​។ ការប្រកួត​នេះ​ចាប់ពី​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៨៕




Tag:
 បាល់ទាត់​
  សៅ សុខា​
  តារាង​បាល់ទាត់​ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com