អន្តរជាតិ
ចិន ផ្តល់​អនុសាសន៍​បី​ចំណុច​ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុងស្រុក​
21, Nov 2017 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ឆ្វេង) ជួបជាមួយ​លោក​ប្រធានាធិបតីមីយ៉ាន់ម៉ា Htin Kyaw នៅក្រុង Naypydaw នាថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ឆ្វេង) ជួបជាមួយ​លោក​ប្រធានាធិបតីមីយ៉ាន់ម៉ា Htin Kyaw នៅក្រុង Naypydaw នាថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានលើកឡើង​ពី​ដំណោះស្រាយ​បី​ជំហាន​ដល់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅក្នុង​រដ្ឋ Rakhine ដែល​បាននិងកំពុង​តែ​ទទួល​ការបន្ទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ។ ក្រុង​ប៉េកាំង ក៏បាន​មាន​សង្ឃឹមថា អនុសាសន៍​នេះ នឹង​ទទួលបាន​ការស្វាគមន៍​ពី​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ដែលជា​ភាគី​ពាក់ព័ន្ធ​ខ្លាំង​បំផុត​នោះ ។



​ទំនងជា​មិនអាច​ទ្រាំ​មើល​នឹង​ភ្នែក​ចំពោះ​វិបត្តិ​ដែល​បានកើត​មាននៅ​ក្នុងប្រទេស​ជិតខាង​របស់ខ្លួន គឺ​មី​យ៉ាន់​ម៉ា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​១៩ វិច្ឆិកា បានលើកឡើង​ជា​អនុសាសន៍​បី​ចំណុច​សម្រាប់​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ដើម្បី​បញ្ចប់​ចំណុច​វិវាទ​លើ​វិបត្តិ​ជនភៀសខ្លួន នៅក្នុង​រដ្ឋ Rakhine ។

​បើតាម​ប្រភពព័ត៌មាន Reuters លោក​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បានស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា តាមរយៈ «​ការពិគ្រោះ​យោបល់​» ហើយ​មី​យ៉ាន់​ម៉ា ក៏​គួរតែ​ធានា​ឲ្យ​បាន​នូវ «​បទ​ឈប់​បាញ់​មួយ​» ។ រីឯ​ចំណុច​ទី​បី និង​ចំណុច​ចុងក្រោយ​នោះ ភាគី​ពាក់ព័ន្ធ គួរតែមាន​ដំណោះស្រាយ ដែល​អាចអនុវត្ត​ក្នុង​រយៈពេល​វែង​ផងដែរ ។

​បើតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​ការប៉ះទង្គិច​នៅ​ខែសីហា​មក មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ជាង​៦០​ម៉ឺន​នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដោយ​ពួកគេ បាន​អះអាងថា ពួកគេ រង​ការគំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ ។ បច្ចុប្បន្ន មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ក៏​កំពុងតែ​ចរចា​គ្នា​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ទៅ​ត្រលប់​ទៅកាន់​ប្រភពដើម​ផងដែរ ។​

​ជុំវិញ​បញ្ហា​នេះដែរ មី​យ៉ាន់​ម៉ា បាន​រង​នូវ​ការបន្ទោស និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ច្រើន ។ គួរកត់សម្គាល់​ដែរនោះ ស្ថាប័ន​ក្រោម​ដំបូល​អង្គការ​សហការ​សហប្រជាជាតិ ដែល​រួមមាន មហាសន្និបាត និង​ក្រុមប្រឹក្សាសន្តិសុខ សុទ្ធសឹងតែ​បានចេញ​សេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេច​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បញ្ចប់​ហិង្សា និង​ធានា​ឲ្យ​បាន​ការពារ​សិទ្ធិមនុស្ស​ដល់​ជនរងគ្រោះ​នៅក្នុង​រដ្ឋ Rakhine ៕


Tag:
 មី​យ៉ាន់​ម៉ា​
  ចិន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com