ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នយោបាយជាតិ
លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង សុំលាលែងពី គ.ជ.ប ពីឆ្វេងទៅស្តាំ៖ លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង
× តាមរយៈលិខិតរួមគ្នាមួយផ្ញើទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៣នាក់ រួមមានលោក គួយ ប៊ុនរឿន ជាអនុប្រធាន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង បានដាក់ពាក្យសុំលាលែងពីស្ថាប័នមួយនេះ។ មន្ត្រីទាំងបីរូបដែលសុទ្ធតែត្រូវបានស្នើដោយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុន ឈុន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅល្ងាចថ្ងៃទី២0 ខែវិច្ឆិកានេះថា លិខិតលាលែងខាងលើគឺជាការពិត ហើយក៏ត្រូវបានបញ្ជូនកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភារួចហើយដែរ។ លោក លើកឡើងយ៉ាងដូច្នេះថា៖«មូលហេតុ ដែលខ្ញុំ លាលែង គឺដូចអ្វីដែលខ្ញុំ ធ្លាប់បញ្ជាក់ពីមុនអ៊ីចឹង។ ទីមួយ ដោយសារមិនអាចការពាររឆន្ទៈប្រជាពលរដ្ឋបាន ទីពីរ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ហើយទីបី ខ្ញុំ មិនអាចនៅក្នុងគ.ជ.ប ហើយយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋជាង៣លាននាក់ បានបោះឆ្នោតឲ្យ ទៅចែកឲ្យគណបក្សដទៃ ដែលប្រជាពលរដ្ឋ មិនបានបោះឆ្នោត ឲ្យនោះទេ។ ខ្ញុំ មិនអាចក្បត់ឆន្ទៈប្រជាពលរដ្ឋបានទេ»។
ការយកអាសនៈនៃគណបក្សដែលជាប់ឆ្នោត ទៅចែកឲ្យគណបក្សផ្សេងៗ ដែលមិនជាប់ឆ្នោត ត្រូវបានមតិជាតិនិងអន្តរជាតិ រិះគន់ថា ជាការំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ជាពិសេស រំលោភឆន្ទៈប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សមួយ ដែលខ្លួនបានសម្រេចចិត្តរួចហើយ។ នេះជាខ្លឹមសារក្នុងលិខិត ដែលលោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង បានសរសេរទៅកាន់សម្តេច ហេង សំរិន។
អ្នកទាំងបី បានប្រាប់សម្តេច ហេង សំរិន ក្នុងលិខិតនោះយ៉ាងដូច្នេះថា៖«ដោយមូលហេតុ ដូចបានជម្រាបជូនខាងលើនេះហើយ ទើបបានជាយើងខ្ញុំ ជាអនុប្រធាន សមាជិក សមាជិកា ក្នុងនាមជាអាជ្ញាកណ្តាលរៀបចំការបោះឆ្នោត មិនអាចនៅបន្តធ្វើកិច្ចការ នៅក្នុងស្ថាប័នរៀបចំការបោះឆ្នោតនេះ តទៅទៀតបានឡើយ ពីព្រោះវា ក្បត់ឧត្តមគតិ មនសិការ របស់យើងខ្ញុំ និងក្បត់ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ»៕
© រក្សាសិទ្ធិដោយ thmeythmey.com