ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នៅតែជឿថា ទោះបីជាត្រូវបាន​រំលាយ តែ CNRP នៅតែមានដង្ហើម​
20, Nov 2017 , 10:21 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន ទប់​ទល់នឹង​សម្ពាធ​អន្តរជាតិ មិន​បានយូរ​នោះទេ ហើយ​ចុងក្រោយ ត្រូវតែ​បង្ខំចិត្ត កែលម្អ​ស្ថានការណ៍​នយោបាយ ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរ​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញ​ដូច្នេះ ស្របពេល​សម្តេច ហ៊ុន សែន ប្រកាស​ខ្លាំងៗ​ថា មិន​បារម្ភ​ពី​សម្ពាធ​និង​ការផ្តាច់​ជំនួយ​របស់​ប​រទេស​។



​សម្រាប់​លោក សម រង្ស៊ី គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​និមិត្តសញ្ញា​ព្រះអាទិត្យ មិនទាន់​បាត់​រូប​ពី​ប្រទេស​កម្ពុជា​នោះទេ ហើយក៏​មិនទាន់​អស់​ផ្លូវ​ដើរ​ដែរ ទោះជា​ត្រូវ​តុលាការ​កំពូល ប្រកាស​រំលាយចោល ដោយ​បិទផ្លូវ​តវ៉ា​ក៏ដោយ​។ លោក សន្និដ្ឋានថា យ៉ាងយូរ​រយៈពេល​បី​ខែ​ទៀត ដំណោះស្រាយ​អំពី​បញ្ហានយោបាយ​នៅ​កម្ពុជា នឹង​កើតមានឡើង ហើយនឹង​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លេច​រូបរាង​ឡើងវិញ​។
      
​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ថែមទាំង​ហ៊ាន​ប្រកាស​សាជាថ្មី​ទៀតថា ក្នុងអំឡុង​បី​ខែ​នេះ លោក និង​តំណាងរាស្ត្រ រួមទាំង​សហការី​មួយចំនួន ដែល​កំពុង​គេចខ្លួន​ទៅ​ក្រៅប្រទេស នឹង​អាច​វិល​មក​កម្ពុជា ដើម្បី​ចាប់ផ្តើម​បំផុស​ចលនា​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ងើប​ឡើងវិញ​។ លោក មើលឃើញ​ស្ថានការណ៍​នយោបាយ​ថា នឹង​អាច​ប្រែប្រួល​ទៅរក​ភាពល្អប្រសើរ​បែបនេះ ដោយ​សំអាង​លើ​សម្ពាធ​អន្តរជាតិ​។​

លោក សម រង្ស៊ី លើកឡើងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា មិនអាច​អត់ទ្រាំ​នឹង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​បានទេ​។ លោក សង្កត់ធ្ងន់ថា ការ​ផ្តាច់ជំនួយ និង​ការដាក់​សម្ភា​ធ​តាម​ទម្រង់​ផ្សេងៗ​របស់​សហគមន៍​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​រក​ដំណោះស្រាយ​ណាមួយ​ជាមិនខាន​។

ក្នុង​វេទិកា​មួយ ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កាណាដា ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២0១៧ លោក សម រង្ស៊ី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​តែ​សម្ពាធ​អន្តរជាតិ ឈានទៅដល់​ការដាក់ទណ្ឌកម្ម​ជាក់ស្តែង នាំមក​នូវ​ផលវិបាក​សម្រាប់​លោក ហ៊ុន សែន ពេលនោះ លោក ហ៊ុន សែន ដឹងខ្លួន នឹងមាន​ដំណោះស្រាយ​ហើយ​។ ពេល​ហ្នឹង យើង ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​។ ទៅ​ជួប​ជាមួយ​សកម្មជន​យើង ទៅ​បង្កើត បំផុសបំផុល គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​»​។

​គណបក្ស​សង្គ្រោះ​ជាតិ អាចមាន​ច្រកចេញ ហើយ​កើតឡើង​ម្តងទៀត តាមរបៀប​ណា​នោះ ពុំមាន​ការបញ្ជាក់​ពី​លោក សម រង្ស៊ី ឡើយ​។ ប៉ុន្តែ លោក អះអាងថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ មិនអាច​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ​។ លោក បន្តថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត រដ្ឋាភិបាល​កម្ពុជា នឹង​មិនមាន​ភាពស្រប​ច្បាប់ ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ទទួលស្គាល់​ដែរ​។

អត្ថបទទាក់ទង

ក្រោយ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​អន្តរជាតិ​នានា បាន​ព្រមាន​ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាក​កម្ពុជា ដោយមាន​សហរដ្ឋអាមេរិក ជា​អ្នក​ចេញមុខ​មុនគេ​។ សហរដ្ឋអាមេរិក សង្កត់ធ្ងន់ថា ខ្លួន នឹង​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ប្រទេស​មហាអំណាច​មួយ​នេះ ថែមទាំង​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​ផងដែរ ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា មិន​ធ្វើ​ឲ្យ​ស្ថានការណ៍ វិល​ទៅ​ប្រក្រតីភាព ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។

យ៉ាងណាក៏ដោយ ការដាក់​សម្ពាធ និង​ការផ្តាច់​ជំនួយ​របស់​ស​ហគ​មន៍​អន្តរជាតិ មិនអាច​កម្លាច​សម្តេច ហ៊ុន សែន ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នោះទេ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២0១៧ សម្តេច ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​សហគមន៍​អន្តរជាតិ ដោយ​សំដៅលើ​សហរដ្ឋអាមេរិក​ខ្លាំងជាងគេ ជុំវិញ​ការព្រមាន​ដាក់​សម្ពាធ​និង​ផ្តាច់ជំនួយ​មកលើ​កម្ពុជា​។

ដោយ​មិន​ខ្លាច​ចំពោះ​ការព្រមាន​ខាងលើ សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាមេរិក ផ្តាច់ជំនួយ មក​កម្ពុជា​ទាំងអស់​តែម្តង​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«​មិនអាច​ឱនក្បាល ធ្វើ​ឲ្យ​បាត់​ឯករាជ្យ អធិបតេយ្យ​ជាតិ គ្រាន់តែ​ចង់បាន​ជំនួយ​តិចតួច​នោះទេ​»​។

ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ លោក សម រង្ស៊ី ហាក់​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​ឃោសនា​ពី​យុទ្ធសាស្ត្រ​និង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅកាន់​អ្នកគាំទ្រ នៅក្រៅ​ប្រទេស​។ ប៉ុន្មាន​ថ្ងៃនេះ លោក សម រង្ស៊ី រួមទាំង​សហការី​របស់លោក បានធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ប្រទេស​នានា​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​វេទិកាសាធារណៈ និង​ការជួបជុំ​ជាមួយ​អ្នកគាំទ្រ​។ ពី​បរទេស លោក នៅតែ​អំពាវនាវ​ដដែលៗ មកកាន់​មន្ត្រី​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​សាមគ្គី​គ្នា ហើយ​រក្សា​ជំហរ​ឲ្យ​បាន​រឹងមាំ ដោយ​មិនត្រូវ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ​។

ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ លោក សម រង្ស៊ី មិនដែល​ភ្លេច​នោះទេ ក្នុងការ​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​ធរមាន និង​ដំណើរការ​ដោយ​ស្របច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលា​យល​ចោល តែ​នៅលើ​ក្រដាស់​តែប៉ុណ្ណោះ​។

ទោះជា​លោក សម រង្ស៊ី រួមទាំង​សហការី​របស់លោក អះអាង​ពី​ក្រៅប្រទេស​បែបនេះ​ក្តី ប៉ុន្តែ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា ហាក់​ស្ងប់ស្ងាត់​ទៅៗ ដោយ​គេ​ពុំ​បានឃើញ​សកម្មភាព​អ្វី​ទាល់តែសោះ ចាប់តាំងពី​ថ្ងៃទី​១៦ ខែវិច្ឆិកា មក​។

គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីថ្លែងការណ៍​តែម្តង​ប៉ុណ្ណោះ ដោយ​ប្រកាស​មិន​ទទួលស្គាល់ ដែល​ខ្លួន ត្រូវបាន​រំលាយចោល ក្រោម​អំណាច​នៃ​សាលដីកា​បិទផ្លូវ​តវ៉ារ​បស់​តុលាការ​កំពូល​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ប្រសិនបើ​ពួកគេ នៅតែ​បន្តធ្វើ​សកម្មភាព និង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល ហើយ​ក្រសួងមហាផ្ទៃ លុបឈ្មោះ​ចេញពី​បញ្ជី​ហើយ​នោះ​៕






© រក្សាសិទ្ធិដោយ thmeythmey.com