ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​តំណាងរាស្ត្រ CNRP ក៏​មិនអាច​ទទួល​ប្រាក់​បំណាច់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះដែរ​
21, Nov 2017 , 9:19 am        
រូបភាព
អតីតតំណាងរាស្ត្រ CNRP មួយចំនួន បានថតរូបរួមគ្នា​នា​ទិវាបុណ្យឯករាជ្យជាតិ​កន្លងមក។ រូបថត ហ្វេសប៊ុក លោក ឡុង រី
អតីតតំណាងរាស្ត្រ CNRP មួយចំនួន បានថតរូបរួមគ្នា​នា​ទិវាបុណ្យឯករាជ្យជាតិ​កន្លងមក។ រូបថត ហ្វេសប៊ុក លោក ឡុង រី
​ភ្នំពេញ​៖ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប ពុំ​អាច​បើកប្រាក់​បំណាច់ ក្នុង​ខែវិច្ឆិកា​នេះ បានឡើយ​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បញ្ជាក់ថា អ្នក​ទាំង​៥៥​រូបនោះ លែងមាន​ឈ្មោះ​ជា​តំណាងរាស្ត្រ​ទៀតហើយ ក្រោយ​គណបក្ស​ខ្លួន ត្រូវ​តុលាការ​កំពូល រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដូច្នេះ ប្រាក់​បំណាច់ ត្រូវ​កាត់ផ្តាច់ ចាប់ពីពេលនោះ តែម្តង​។​



​លោក ឡេង ប៉េងឡុង បន្តថា សូម្បីតែ​ប្រាក់​បំណាច់ ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ ក៏​មិនអាច​បើក​បានដែរ​។ មុន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយចោល ពួកគាត់ បានធ្វើការ ក្នុងនាម​ជា​តំណាងរាស្ត្រ បាន​កន្លះ​ខែ​ដែរ ដូច្នេះ​ពួកគាត់ អាច​បើកប្រាក់​បំណាច់ ដោយ​គិត​ត្រឹមតែ​រយៈពេល​កន្លះ​ខែ​នេះ​បានទេ​? លោក ឡេង ប៉េងឡុង ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​បើក​មិន​បានទេ​។ ធ្វើការ​អី​? មិនដែល​ចូលធ្វើការ​ផង​ហ្នឹង ធ្វើ​តែ​ខាងក្រៅ​»​។

​បើតាម​លោក ឡេង ប៉េងឡុង ប្រាក់​បំណាច់​បច្ចុប្បន្នរ​បស់​តំណាងរាស្ត្រ គឺ​ប្រមាណ​ជា​១៥​លាន​រៀល ក្នុង​១​ខែ​។ ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ ពី​អតីត​អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ដោយសារតែ​មិន​លើក​ទូរ​សព្ទ​។​
អត្ថបទទាក់ទង

​មិន​ត្រឹមតែ​តំណាងរាស្ត្រ​នោះទេ សូម្បីតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​អស់ពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនអាច​បើក​ប្រាក់ខែ​បានដែរ  ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ តទៅ​។ ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​រតនាគារជាតិ បង្កក​ប្រាក់ខែ​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សំអាងថា គណបក្ស​នេះ ត្រូវបាន​រំលាយចោល​ហើយ​៕


Tag:
 CNRP
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com