អន្តរជាតិ
អាមេរិក​ដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​
21, Nov 2017 , 10:15 am        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា បានសម្រេច​ចិត្ត​ដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​។ ចំណាត់ការ​នេះ នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន​ដាក់ទណ្ឌកម្ម​ច្រើន​ទៀត​លើ​របប​ក្រុង​ព្យុងយ៉ាង បន្ថែម​ពីលើ​ទណ្ឌកម្ម​រាប់សិប​មាន​ស្រាប់​មកហើយ​នោះ​។ ច្បាស់​ណាស់ ការសម្រេចចិត្ត​បែបនេះ នឹងធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​កើនឡើង​ខ្លាំង ហើយ​សង្គ្រាមពាក្យសម្ដីរ​វាង​អាមេរិក និង​កូរ៉េខាងជើង នឹង​បន្ត​មាន​ហូរហែរ​ទៀត​។​



​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​ការដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​។ លោក ត្រាំ ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​១២​ថ្ងៃ​នៅ​អាស៊ី និយាយថា អាមេរិក​នឹង​ចាត់វិធានការ​ជាក់លាក់ តឹងរ៉ឹង​លើ​កូរ៉េខាងជើង ឯកា​រដាក់​កូរ៉េខាងជើង​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​នោះ គឺជា​ជំហាន​ចាប់ផ្ដើម​។ បន្ត​ពីនេះ ទណ្ឌកម្មសេដ្ឋកិច្ច​ជាច្រើន​ទៀត​នឹង​លេច​ជា​រូបរាង​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធានាធិបតី ត្រាំ ហាក់​បាន​រិះគន់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​មុនៗ ដែល​មិន​ព្រម​ដាក់​សម្ពាធ​ខ្លាំង​លើ​កូរ៉េខាងជើង​។ លោក​អះអាងថា ចំណាត់ការ​បែបនេះ គួរតែមាន​ជា​យូរណាស់​មកហើយ​។ លោក ត្រាំ ក៏​បន្ត​ចោទ​កូរ៉េខាងជើង​ថា បាន​គំរាមកំហែង​ពិភពលោក​តាមរយៈ​កម្ម​វិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង​បាន​គាំទ្រ​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ដូចជា​ការ​លួច​ធ្វើឃាត​ជនបរទេស​ជាដើម​។​

​ជាមួយនឹង​វិធានការ​ខាងលើ លោក ត្រាំ ក៏បាន​ព្រមាន​ដាក់ទណ្ឌកម្ម និង​ពិន័យ​លើ​របប​ក្រុង​ព្យុងយ៉ាង ក៏ដូចជា​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត​។ ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា នឹង​ប្រកាស​ទណ្ឌកម្ម​បន្ថែម ដែលជា​ទណ្ឌកម្ម​ដ៏​ធំ​មួយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​អាមេរិក ដោយបាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ខុសច្បាប់ ព្រមទាំង​បញ្ឈប់​ការគាំទ្រ​ភេរវកម្ម​អន្តរជាតិ​។

​យ៉ាងណាមិញ ការដាក់​កូរ៉េខាងជើង​ក្នុង​បញ្ជី​គាំទ្រ​ភេរវកម្ម ត្រូវគេ​មើលឃើញថា​គ្រាន់តែ​និមិត្តរូប​ប៉ុណ្ណោះ ដ្បិត​កូរ៉េខាងជើង​ចោមរោម​ដោយ​ទណ្ឌកម្ម​អន្តរជាតិ​ជុំជិត​ទៅហើយ​។ លើសពីនោះ​ទណ្ឌកម្ម​កន្លងមក ក៏​មិនសូវមាន​ឥទ្ធិពល​លើ​ក្រុង​ព្យុងយ៉ាង​អ្វី​ដែរ ខណៈដែល​កូរ៉េខាងជើង​នៅតែ​បន្ត​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​ដដែល ព្រោះ​នៅតែមាន​ប្រទេស​ខ្លះ​បន្ត​រកស៊ី​ជាមួយ ដែល​ក្លាយជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។​

​ចំណាត់ការ​របស់​ប្រធានាធិបតី ត្រាំ ក៏បង្ក​ការព្រួយបារម្ភ​ដែរ ព្រោះ​រឿងនេះ​នឹងធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងច្រឡោត​តោតតូង​មិន​ខាន​។ អ្នកជំនាញ​ខ្លះ​ជឿថា កូរ៉េខាងជើង​អាច​ឆ្លើយ​វិញ​ដោយ​ការបាញ់​មី​ស៊ី​ល និង​សាកល្បង​នុយក្លេអ៊ែរ​មិន​ខាន ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​។ ម្យ៉ាងទៀត​នោះ វា​អាច​បំផ្លាញ​លទ្ធភាព​ឈានទៅរក​ការចរចា ដែល​ចិន​កំពុង​ប្រឹងប្រែង​ខ្លាំង​ទៅទៀត ហើយ​ភាព​តានតឹង​នឹង​នៅតែ​បន្ត​ដដែល​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com