ជាតិ
នយោបាយជាតិ
ការរំលាយ CNRP៖ EU បន្ទោស តែចិនបង្ហាញជំហរគាំទ្រ រូបលោក វ៉ាង យី ចាប់ដៃជាមួយលោកស្រី Federica Mogherini និងរូបលោក ប្រាក់ សុខុន។ រូបថត AFP
× ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ស្ថិតក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣នៅក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ លោកទទួលបានការគាំទ្រផង និងការបន្ទោសផង ជុំវិញករណីរំលាយគណបក្សសង្គ្រោះជាតិ តាមអំណាចសាលដីការបស់តុលាការកំពូល។
រដ្ឋាភិបាលចិន ជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០១៨ខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់លោក ប្រាក់ សុខុន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងជំនួបទ្វេរភាគី ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប (ASEM) នៅក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២០ វិច្ឆិកា លោក វ៉ាង យី បានបង្ហាញជំហយ៉ាងដូច្នេះថា៖«ចិនគាំទ្ររដ្ឋាភិបាលកម្ពុជាដែលខិតខំប្រឹងប្រែងការពារស្ថេរភាពនយោបាយ និងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច។ ចិនក៏ជឿជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងអាចដឹកនាំប្រជាជន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុក និងក្រៅប្រទេស។ ហើយវានឹងធ្វើឲ្យដំណើការបោះឆ្នោតនៅឆ្នាំក្រោយនេះ ប្រព្រឹត្តដោយរលូន»។
នាឱកាសនោះផងដែរ លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងការបរទេសនៃសហភាព មើលឃើញផ្ទុយពីលោក វ៉ាង យី។ លោកស្រី Federica ដែលជាអនុប្រធានគណៈកម្មាធិការអឺរ៉ុបផងដែរនោះ បានវាយតម្លៃថា ការបន្តឃុំខ្លួនមេបក្សប្រឆាំង និងការរំលាយគណបក្សមួយនេះ ជាការដើរឆ្ងាយពីពហុបក្ស និងប្រជាធិបតេយ្យ។
រូបពីហ្វេសប៊ុកក្រសួងការបរទេសកម្ពុជា
ជាមួយនឹងការចង់ឃើញ ការដកចេញនូវចំណាត់ការនានាលើបក្សប្រឆាំង លោកស្រី Federica បានរម្លឹកពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការអនុគ្រោះពាណិជ្ជកម្មដែលពឹងផ្អែកសំខាន់ការគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជា។
ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ អាមេរិកក៏បានព្រមានផ្ដាច់ជំនួយ ដោយសាររឿងរំលាយគណបក្សសង្គ្រោះជាតិនេះ។ តែយ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ធ្លាប់បានបញ្ជាក់ថា បើទោះជាគ្មានជំនួយពីបរទេស ក៏ដំណើការបោះឆ្នោតប្រព្រឹត្តទៅជាធម្មតាដែរ ព្រោះរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាជាង៥២លានដុល្លារ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសមិនខ្វល់ពីបរទេស ដែលមិនចង់ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយសារតែបញ្ហាគណបក្សសង្គ្រោះជាតិដែរ។
តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សនេះ រយៈពេល៥ឆ្នាំ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៦ វិច្ឆិកា។
ក្រោយការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ ក៏មានប្រតិកម្មពីរដ្ឋាភិបាលអូស្ត្រាលី និងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលវាយតម្លៃអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានលើកឡើងអំពីការលទ្ធភាពនៃការបាត់បង់ជំនួយខ្លះរបស់កម្ពុជាផងដែរ៕
Tag:
ប្រាក់ សុខុន
ចិន
បោះឆ្នោត
វ៉ាង យី
Federica Mogherini
© រក្សាសិទ្ធិដោយ thmeythmey.com