អន្តរជាតិ
អាំស្ទែដាំ, ប៉ារីស ក្លាយជាទីតាំងថ្មីសម្រាប់ទីភ្នាក់ងារអឺរ៉ុប ដែលចាកចេញពីចក្រភពអង់គ្លេស
× ស្ថាប័នធំៗពីរនឹងត្រូវប្តូរទីតាំងពីចក្រភពអង់គ្លេសទៅកាន់ប្រទេសហូឡង់ និងបារាំងមុនអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការឆ្នាំ ២០១៩។ ទីភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency) នឹងប្តូរទៅតាំងទីនៅរាជធានីអាំស្ទែដាំ ខណៈដែលអាជ្ញាធរហិរញ្ញវត្ថុអឺរ៉ុប (European Banking Authority) នឹងទៅតាំងទីនៅរដ្ឋធានីប៉ារីសវិញ។
ទីក្រុងអាំស្ទែដាំ និងប៉ារីសបានឈ្នះការប្រកួតដណ្តើមយកទីភ្នាក់ងារធំៗពីររបស់អឺរ៉ុប នៅថ្ងៃ ២០ ខែវិច្ឆិកា ក្រោយឆ្លងកាត់ការបោះឆ្នោតច្រើនជុំយ៉ាងស្មុគស្មាញ។ ភ្នាក់ងារធំៗទាំងពីរនឹងត្រូវចាកចេញពីចក្រភពអង់គ្លេសនៅត្រឹមដើមឆ្នាំ ២០១៩ ខាងមុខនេះ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ស្ថាប័នធំៗរបស់អឺរ៉ុបទាំងពីរនោះមាន ទីភ្នាក់ងារឱសថអឺរ៉ុប និងអាជ្ញាធរហិរញ្ញវត្ថុអឺរ៉ុប។ ទីក្រុងអាំស្ទែដាំដណ្តើមបានទីភ្នាក់ងារឱសថអឺរ៉ុប ខណៈដែលទីក្រុងប៉ារីសដណ្តើមបានអាជ្ញាធរហិរញ្ញវត្ថុអឺរ៉ុប។
អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបអេស្តូនី Matti Maasikas បាននិយាយថា ៖«វាជាការប្រកួតប្រជែងមួយប្រកបដោយតម្លាភាព ហើយខ្ញុំត្រូវជ្រើសរើសបេក្ខជនមួយក្នុងបេក្ខជនដ៏ច្រើន។ នីតិវិធីត្រូវបានទទួលយកដោយភាគីគ្រប់គ្នា រួមទាំងប្រធានស្ថាប័នសហភាពអឺរ៉ុបប្តូរវេនអេស្តូនីផង»។
ក្នុងការប្រកួតដណ្តើមស្ថាប័នអឺរ៉ុបនេះ ទីក្រុងអាំស្ទែដាំឈ្នះទីក្រុង Milan របស់អ៊ីតាលី ខណៈដែលក្រុងប៉ារីសឈ្នះទីក្រុងឌុយប្លាំង (Dublin) នៃប្រទេសអ៊ៀកឡង់។
ក្រោយការជ្រើសរើសនេះ បារាំងបានចេញមុខសរសើរការសម្រេចចិត្តដែលផ្តល់ឱកាសឲ្យបារាំងទទួលយកអាជ្ញាធរហិរញ្ញវត្ថុអឺរ៉ុបនេះ។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានលើកឡើងថា ការសម្រេចចិត្តនេះបង្ហាញឲ្យឃើញពីភាពទាក់ទាញរបស់បារាំងផងដែរ។
ចំណែកហូឡង់ក៏បានលើកសរសើរពីការសម្រេចចិត្តផ្ទេរស្ថាប័នសុខាភិបាលអឺរ៉ុបទៅកាន់ក្រុងអាំស្ទែដាំដូចគ្នា ហើយគេចាត់ទុកវាជាដំណឹងល្អសម្រាប់មនុស្សរាល់គ្នានៅអឺរ៉ុបផងដែរ។
រដ្ឋមន្ត្រីការបរទេសហូឡង់លោក Halbe Zijlstra បានលើកឡើងដូច្នេះ៖ វាត្រូវការពេលយូរដើម្បីសម្រេចចិត្ត ហើយការជ្រើសរើសនេះវាតឹងតែង។ ប៉ុន្តែវាបង្ហាញឲ្យឃើញថា សមាជិកទាំង ២៧ បានសម្រេចចិត្តត្រឹមត្រូវ ក្រោយការចាកចេញរបស់អង់គ្លេស»៕
Tag:
អាំស្ទែដាំ
ប៉ារីស
European Banking Authority
European Medicines Agency
© រក្សាសិទ្ធិដោយ thmeythmey.com