ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ដាក់​ឲ្យ​ដំណើរការ E-Payment ចាប់ពីពេលនេះ និង E-Filing នៅ​ឆ្នាំក្រោយ​
21, Nov 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​ទូទាត់​ប្រាក់​ពន្ធ​តាម​អន​ឡាញ (E-Payment) ចាប់ពីពេលនេះ​តទៅ​។ ហើយ​ស្ថាប័ន​នេះ គ្រោង​ដាក់​ឲ្យ​អនុវត្ត​ការបំពេញ​លិខិត​ប្រកាស​បង់ពន្ធ​តាម​អន​ឡាញ (E-Filing) នៅ​ដើមឆ្នាំ​២០១៨ ខាងមុខ​។​



E-Payment ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ពន្ធ​ទូទាត់​ប្រាក់​ពន្ធ​តាម​អន​ឡាញ​លើ​គណនី​ធនាគារ​របស់ខ្លួន ជា​កំណែទម្រង់​ថ្មី​មួយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ថ្លែង​ដូច្នេះ​ថា​៖«​សម្រាប់​អ្នក​ជាប់ពន្ធ​ពេលនេះ លោក​អ្នកមាន​ជម្រើស​ច្រើន​ក្នុង​ការទូទាត់​សាច់ប្រាក់​ពន្ធ គឺអាច​បង់​តាម​បញ្ជរ​បង់ប្រាក់​នៅ​ធនាគារ​ក៏បាន ឬ​នៅ​សាខា​ពន្ធដារ ឬ​ទូទាត់​តាម​អន​ឡាញ​ក៏បាន​»​។

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ និង​ការកែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សារពើពន្ធ នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា លោក គង់ វិបុល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជា​ផ្នែក​មួយ​នៃ​ការធ្វើកំណែទម្រង់​ប្រមូល​ពន្ធ​របស់​យើង តាមរយៈ​ការបង្កើត​ប្រព័ន្ធ​បង់ពន្ធ​ដែល​ងាយស្រួល​ជាង​មុន​»​។​

​បន្ទាប់ពី​ការ​ដំណើរ​ការទូទាត់​អេឡិចត្រូនិក លោក គង់ វិបុល មានប្រសាសន៍ថា អគ្គនាយដ្ឋាន​ពន្ធដារ នឹងដាក់​ឲ្យ​ប្រតិបត្តិការ E-Filing មួយទៀត​នៅ​ដើមឆ្នាំ​ក្រោយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជាប់ពន្ធ​បំពេញ​ព័ត៌មាន​កាតព្វកិច្ច​ពន្ធ និង​ដាក់​ទម្រង់​បែបបទ​បង់ពន្ធ​តាម​អន​ឡាញ​៕


Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com