អន្តរជាតិ
រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ស្នើ​ស៊ើបអង្កេត​សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​
21, Nov 2017 , 7:39 pm        
រូបភាព
​អគ្គ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានស្នើ​ឲ្យ​មានការ​បើក​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ក្នុង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​បាន​តាមដាន​ស្ថានការណ៍​អស់​ពេល​ច្រើន​ឆ្នាំ​មក​។ វិសាលភាព​នៃ​ការស៊ើបអង្កេត​នឹង​ចាប់ផ្ដើម​ពី​ខែឧសភា ឆ្នាំ​២០០៣ ដោយ​ផ្ដោត​លើស​កម្ម​ភាព​របស់​សម្ព័ន្ធមិត្ត​យោធា​លោកខាងលិច​ដឹកនាំ​ដោយ​អាមេរិក និង​កម្លាំងយោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​។

 

​លោកស្រី Fatou Bensouda ជា​អគ្គ​រដ្ឋអាជ្ញា បានស្នើ​ទៅកាន់​ចៅក្រម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដើម្បី​សុំ​សិទ្ធិ​បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ក្នុង​បរិបទ​ជម្លោះ​ប្រដាប់អាវុធ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែវិច្ឆិកា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​និយាយថា សំណើ​នេះ​ធ្វើឡើង បន្ទាប់ពី​ការត្រួតពិនិត្យ​ស្ថានការណ៍​តាំងពី​ឆ្នាំ​២០០៦ មក និង​រកបាន​ភស្តុតាង​ច្រើន​ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​។


លោកស្រី Fatou Bensouda រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC (រូបភាពពីគេហទំព័ររបស់ ICC)

​ការស៊ើបអង្កេត​នឹងធ្វើ​លើ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០០៣ មក និង​បទល្មើស​នានា​ទាក់ទង​ជម្លោះ​នេះ ដែល​កើតឡើង​ចាប់​តាំង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០០២ ។ ភាគី​ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​នេះ​រួមមាន​ក្រុម​ជ្រុលនិយម​អាល់​កៃ​ដា និង​ក្រុម Haqqani ជា​បណ្ដាញ​របស់ខ្លួន ក៏ដូចជា​កម្លាំង​សន្តិសុខ និង​ប៉ូលិស​អា​ហ្វ​ហ្គា​នី​ស្ថាន ជុំវិញ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

​ដោយឡែក ក្រុម​សម្ព័ន្ធមិត្ត​អន្តរជាតិ​មាន​អាមេរិក​ជា​អ្នកដឹកនាំ​មុខ ក៏​ស្ថិតក្រោម​ការស៊ើបអង្កេត​ដែរ​។ ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ត្រូវ​សង្ស័យថា​បាន​បង្កើត​កន្លែង​ឃុំឃាំង​សម្ងាត់​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន និង​នៅឯ​ទឹកដី​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែលជា​សមាជិក​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​អះអាងថា ខ្លួន​បាន​វាយតម្លៃ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ព័ត៌មាន​ក្នុង​ដៃ​ដើម្បី​កំណត់​មុខសញ្ញា​ទាំងអស់​។​

​កន្លែង​ឃុំខ្លួន​អាថ៌កំបាំង ឬ​ទីតាំង​ខ្មៅ​ទាំងនោះ ត្រូវបាន​ភ្នាក់ងារ​អាមេរិក​ប្រើប្រាស់​ដើម្បី​ឃុំខ្លួន និង​សួរចម្លើយ​ជនសង្ស័យ ក្រោយ​ការវាយប្រហារ​ថ្ងៃទី​១១ ខែកញ្ញា ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​ឃោរឃៅ​។ ការប្រើ​កន្សែង​គ្រប​មុខ​រួច​ចាក់ទឹក​ពីលើ ការបង្កើត​ស្ត្រេ​ស និង​ការ​បង្អត់​ដំណេក​ជាដើម សុទ្ធតែជា​វិធីសាស្ត្រ​សួរចម្លើយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​មន្ត្រី​អាមេរិក ដើម្បី​ស្វែងរក​ព័ត៌មាន​។ កន្លែង​ឃុំឃាំង​បែបនេះ​មាននៅ​ប៉ូឡូញ អា​ហ្វ​ហ្គា​នី​ស្ថាន ថៃ រូ​មា​នី និង​លី​ទុយ​អា​នី​។

​ប្រសិនបើ​ទទួលបាន​ការអនុញ្ញាត​អង្គ​បុ​រេ​ជំនុំជម្រះ​មែន​នោះ រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​បញ្ជាក់​ពី​ជំហរ​របស់​ក្នុងការ​បំពេញការងារ​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​ឡើយ​។ ជាមួយនឹង​ភស្តុតាង​ដែល​ប្រមូលបាន រដ្ឋអាជ្ញា​នឹង​ចេញ​ដីកា​កោះហៅ ឬ​ដីកាចាប់ខ្លួន​ជន​ណា​ដែល​ត្រូវបាន​ជឿថា ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត មិន​ថា​គេ​ជា​នរណា​ឡើយ គឺ​ឲ្យ​តែ​ទាក់ទង​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕


Tag:
 ICC
  អាមេរិក​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com