ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​ចំនួន​២ នៅ​ខេត្តរតនគិរី​
21, Nov 2017 , 8:19 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន​
រូបភាពពីក្រសួងបរិស្ថាន​
ដោយ:
​ភ្នំពេញ​៖ ប្រាសាទបុរាណ​ចំនួន​២ ដែល​ទំនង​កសាង​ក្នុង​សម័យមុន​អង្គរ ឬ​ក្នុង​សម័យអង្គរ នៅក្នុង​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ និង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​។ ប្រាសាទ​ទាំង​២​នេះ ឈ្មោះថា «​ប្រាសាទ​អូរ​ព្រះ​» និង​«​ប្រាសាទ​យ៉ាក​ណាំង​»​។



​ក្រសួងបរិស្ថាន បា​នរក​រុក​រកឃើញ​ប្រាសាទ​ចំនួន​២ ក្នុង​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ និង​ដែនជម្រកសត្វព្រៃ​លំផាត់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​។ បើតាម​ប្រាសាទ​ទាំង​២​នេះ ឈ្មោះថា «​ប្រាសាទ​អូរ​ព្រះ​» និង​«​ប្រាសាទ​យ៉ាក​ណាំង​»​។



​លោក លឹម វណ្ណ​ច័ន្ទ អនុប្រធាន​ការិយាល័យ​ព័ត៌មាន អប់រំ ផ្សព្វផ្សាយ នៃ​ក្រសួងបរិស្ថាន ដែលជា​អ្នក​ចុះទៅ​សិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា ប្រាសាទ​អូរ​ព្រះ ស្ថិតនៅ​ស្រុក​លំផាត់ ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ជា​គ្រឹះ​ប្រាសាទ មាន​ឃឿន​ជា​ថ្មបាយក្រៀម បំណែក​ឥដ្ឋ បែ​មុខ​ទៅ​ទិសខាងកើត ស្ថិតនៅ​ខាងលិច​ទន្លេស្រែពក​ប្រមាណ​៤០០ ម៉ែត្រ​។ ប្រាសាទ​នេះ​គួរ​ស្ថិតនៅក្នុង​សម័យអង្គរ ស​.​វ​ទី​១០-១១​គ​.​ស​។ នេះ​បើតាម​លោក លឹម វណ្ណ​ច័ន្ទ  ដែល​រៀបរាប់​ទៀតថា​៖«​យើង​ប្រទះឃើញ​បំណែ​កជើង​ទម្រ​រូប​២​បាក់បែក​។ ជើង​ទម្រ​រូប​មួយ​មាន​រន្ធ​២ បែក​សងខាង​សម្រាប់​ដាក់​រូបចម្លាក់​ទេវ​ណាមួយ​។ យើង​ក៏បាន​ប្រទះឃើញ​បំណែក​ក្រឡ​ផ្នែក​ខាងក្រោម ដែលជា​ប្រភេទ​កុលាលភាជន៍​រឹង ខ្មែរ​សម័យអង្គរ​។ តែ​ក្រឡ​នេះ​ធ្លាយ​គូទ​»​។​



​អនុប្រធាន​ការិយាល័យ​ព័ត៌មាន អប់រំ ផ្សព្វផ្សាយ ពន្យល់​ទៀតថា តាម​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិភាគតិច​នៅ​តំបន់​នោះ ពី​ដើម​មក​ពាង​ដាក់​ស្រា ជា​វត្ថុ​មានតម្លៃ​សម្រាប់​ពួកគាត់ គេ​ដូរ​ជាមួយ​គោ ក្របី ពេលដែល​ក្នុង​គ្រួសារ​មាន​អ្នកស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ ដោយ​ដាក់​ពាង រួច​ចោះ​គូទ​ឲ្យ​ធ្លាយ ដាក់​កប់​នៅ​ខាងលើ​ក្បាល និង​មាន​ដាំ​ដើម​រការ​មួយ​ដើម​។ 

​ចំពោះ​ប្រាសាទ​យ៉ាក​ណាំង​វិញ លោក វណ្ណ​ច័ន្ទ បាន​បន្តថា កសាង​អំពី​ឥដ្ឋ បែរមុខ​ទៅ​ទិសខាងកើត​។ ប្រាសាទ​នេះ បាក់បែក​សល់​សំណង់​ត្រឹម​មេ​ទ្វារ ផ្នែក​ខាងលិច​បាក់​ទាំងស្រុង នៅពេលដែល​ផ្នែក​កណ្តាល មានការ​ជីក​គាស់កកាយ​ទាំងស្រុង ។ បើតាម​ការសន្និដ្ឋានរ​ប​ស់លោក វណ្ណ​ច័ន្ទ ប្រាសាទ​យ៉ាក​ណាំង អាច​កសាង​នៅ​សម័យមុន​អង្គរ ឬ​ដើម​សម័យអង្គរ​៕








Tag:
 ប្រាសាទ​អូរ​ព្រះ
  ប្រាសាទ​យ៉ាក​ណាំង​
 ​ រតនគិរី​
 ​ លឹម វណ្ណ​ច័ន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com