ជាតិ
អាជ្ញាធរ​នឹង​រៀប​ពិធីបួងសួង​សុំ​សេចក្តីសុខ​នៅមុខ​ប្រាសាទ​អង្គរ​នៅ​ខែក្រោយ​
21, Nov 2017 , 9:19 pm        
រូបភាព
​សៀមរាប​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដើម្បី​រៀបចំ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ព្រះរាជាណាចក្រ​កម្ពុជា នៅមុខ​ប្រាសាទអង្គរវត្ត​។ ពិធី​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២-៣ ខែធ្នូ ឆ្នាំ​២០១៧​។​



​នៅ​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ដឹកនាំ​ក្រុមការងារ ដើម្បី​ពិនិត្យមើល​ទីតាំង​ត្រូវ​រៀបចំ​ពិធី​។ លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពិធី​នេះ​ធ្វើឡើង​ដើម្បី​បួងសួង​ចម្រើន​សេចក្តីសុខ​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្រប់រូប​។ លើសពីនេះ បំណង​សំខាន់​នៃ​ការរៀបចំ​ពិធី​នេះ ក៏​ដើម្បី​ដឹងគុណ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​សាងសង់​អង្គរ និង​ប្រាង្គ​ប្រាសាទបុរាណ​រាប់ពាន់​ទៀត សម្រាប់​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយនេះ​។​



​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ពិធី​នេះ​នឹង មានការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​រាប់​បាត​ចំនួន ៥០០០​អង្គ​ផងដែរ​។ លោកស្រី ម៉ែន សំអន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់ នេះ ដើម្បី​ទទួលបាន​កុសល​បុណ្យ​រៀងៗ​ខ្លួន​។​

​អមដំណើរ​ក្នុង​ពិធី​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធីបួងសួង​នោះដែរ គេ​សង្កេតឃើញ​មាន​ថ្នាក់ដឹកនាំ មួយចំនួន​រួមមាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា អគ្គនាយក លោក ស៊ុំ ម៉ាប់ រួម​និង​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង​។ គណកម្មការ​រៀបចំ បាន​សម្តែង យកចិត្តទុកដាក់​ខ្ពស់ ដើម្បីឱ្យ​ពិធី​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន ព្រោះថា ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ តែមួយ ជាមួយ​កម្មវិធី ជិះ​កង់​ដើម្បី​កុមារ និង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង នៅ​ថ្ងៃទី​២ និង​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧​។ កម្លាំង​សន្តិសុខ ត្រូវគេ​រំពឹងថា នឹងមាន​ចំនួន​ច្រើន ដើម្បី​ការពារ​ក្នុង​ពិធី​នេះ​។​



​គួរ​បញ្ជាក់ថា កម្មវិធី​នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២ ដោយមាន​រៀបចំ​ពិធី​ប្រុង​ពាលី នៅលើ​ក្តារបែន  និង​ថ្ងៃទី​៣ គឺជា​ពិធីបួងសួង នៅ​ច្រកចូល​ខាងកើត ឬ​លើ​ស្ពាន​ហាល ដែល​គេ​កំពុង​ជួសជុល​៕


Tag:
 ពិធីបួងសួង​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com