អន្តរជាតិ
ពូ​ទីន ជួប​អាសាដ មុន​ជួប​មេដឹកនាំ​តួ​ក​គី​និង​អ៊ីរ៉ង់​ពិភាក្សា​សំណុំរឿង​ស៊ី​រី​
21, Nov 2017 , 9:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាប់ដៃស្វាគមន៍សមភាគីស៊ីរី បាសា អាល់អាសាដ (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាប់ដៃស្វាគមន៍សមភាគីស៊ីរី បាសា អាល់អាសាដ (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ (Bashar al-Assad) ដោយបាន​ពិភាក្សា​ពី​ដំណោះស្រាយ​នយោបាយ​សម្រាប់​ជម្លោះ​ស៊ី​រី​។ មេដឹកនាំ​រុស្ស៊ី​បាន​ប្រាប់​សម​ភាគី​ស៊ី​រី​ថា យុទ្ធនាការ​ប្រឆាំង​ក្រុម​ភេរវកម្ម​នៅ​ស៊ី​រី​ខិតជិត​ដល់ទី​បញ្ចប់​ហើយ​។ ជំនួប​ទ្វេភាគី​នេះ ធ្វើឡើង​មួយថ្ងៃ មុន​ជំនួប​ត្រីភាគី​រវាង​ប្រធានាធិបតី​រុស្ស៊ី​-​តួ​ក​គី​-​អ៊ីរ៉ង់ លើ​របៀបវារៈ​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ស៊ី​រី​នេះដែរ​។​



​មេដឹកនាំ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ស្វាគមន៍​សម​ភាគី​ស៊ី​រី បា​សា អាល់​អាសាដ នៅឯ​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ​ក្នុង​ទីក្រុង​ស៊ូ​ជី នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​។ នេះ​ជា​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ទី​ពីរ​របស់លោក អាសាដ ចាប់តាំងពី​ជម្លោះ​ក្នុងស្រុក​កើតឡើង​មក ខណៈដែល​ទស្សនកិច្ច​លើកទីមួយ​ក៏​ធ្វើឡើង​នៅ​រុស្ស៊ី​នេះដែរ​។ ការប្រឆាំង​ភេរវកម្ម និង​ដំណោះស្រាយ​នយោបាយ​សម្រាប់​ជម្លោះ​ស៊ី​រី ជា​ប្រធាន​សំខាន់​នៃ​ជំនួប​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​វិមាន​ក្រេ​ម​ឡាំង​។​

​ប្រមុខរដ្ឋ​ស៊ី​រី លោក អាសាដ បាន​អរគុណ​រុស្ស៊ី​ដែល​បាន​ជួយសង្គ្រោះ​ប្រទេស​របស់លោក និង​ការគាំទ្រ​ស៊ី​រី​រហូតមក​។ បើតាម​ការប្រកាស​រប​ស់​វិមាន​ក្រេ​ម​ឡាំង​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា លោក អាសាដ ក៏​បង្ហាញ​ជំហរ​ត្រៀមខ្លួន​ដើម្បី​ចូល​តុ​ចរចា​ជាមួយ​គ្រប់ភាគី​ទាំងអស់​ដែល​ចង់​ដោះស្រាយ​ជម្លោះ​ដែល​ឈានចូល​ឆ្នាំ​ទី​៧​ទៅហើយនោះ​។ យើង​ត្រៀមខ្លួន​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ តែ​មិនមែន​ជាការ​លូកលាន់​កិច្ចផ្ទៃក្នុង​ស៊ី​រី​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាសាដ ។​

​សារព័ត៌មាន​រុស្ស៊ី RT ផ្សាយ​ថា ប្រធានាធិបតី ពូ​ទីន បាន​សរសើរ​មេដឹកនាំ​ស៊ី​រី​ជុំវិញ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវកម្ម ដែល​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​។ ក្នុងជំនួប​ជាង​បួន​ម៉ោង​នេះដែរ លោក ពូ​ទីន បានលើកឡើង​ដែរ​ថា ការពិភាក្សា​នៅ​ក្រុង​អា​ស្តា​ណា បានរួម​ចំណែក​ច្រើន​ក្នុងការ​ដោះស្រាយ​ជម្លោះ​នេះ ហើយ​វា​ក្លាយជា​វេទិកា​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងអស់​ជួប​ទល់មុខ​ដើម្បី​រក​ច្រកចេញ ជាពិសេស​ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​តែម្ដង​។

 រុស្ស៊ី​បាន​ប្រឡូក​ចូល​វិបត្តិ​នៅ​ស៊ី​រី ក្រោម​ហេតុផល​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​តាម​សំណើ​របស់​រដ្ឋាភិបាល​លោក អាសាដ កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ។ ក្រោយ​អន្តរាគមន៍​របស់​រុស្ស៊ី រដ្ឋបាល​ក្រុង​ដា​ម៉ាស់ មិន​ត្រឹមតែ​អាច​បោសសម្អាត​ក្រុម​ភេរវ​ករ​ជ្រុលនិយម​មាន​ពួក​រដ្ឋ​ឥស្លាម​ឡើយ តែ​ក៏​អាច​ដណ្ដើម​ទឹកដី​ពី​ការត្រួតត្រា​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​ដែល​អាមេរិក​ជួយ​ពីក្រោយ​ខ្នង​ទៅទៀត​។ យ៉ាងណា លោក ពូ​ទីន បញ្ជាក់ថា សង្គ្រាម​ប្រឆាំង​ភេរវកម្ម​មិនទាន់​បញ្ចប់​នៅពេល​ខ្លី​ន​នេះ​ទេ តែ​ជ័យជម្នះ​កាន់តែ​ជិត​ហើយ​។​

​ក្រោយ​ជួប​ជាមួយ​មេដឹកនាំ​ស៊ី​រី លោក ពូ​ទីន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី និង​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ក្នុង​ទីក្រុង​ស៊ូ​ជី​ដដែល​នេះ​។ ជំនួប​ត្រីភាគី​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​ស៊ី​រី​។ ក្រៅពី​ប្រទេស​ទាំងពីរ​នេះ រុស្ស៊ី​កំពុងធ្វើការ​ជាមួយ​រដ្ឋ​ផ្សេងទៀត​ទាំង​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ពិភពលោក​មាន​អាមេរិក​ជាដើម​លើ​បញ្ហា​ស៊ី​រី​នេះ​ដូចគ្នា​ដែរ​៕ 


Tag:
 ​រុស្ស៊ី​
  ស៊ី​រី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Bashar al-Assad
© រក្សាសិទ្ធិដោយ thmeythmey.com