ជាតិ
ជប៉ុន​ផ្ដល់ជំនួយ ៤០​ម៉ឺន​ដុល្លារ ដើម្បី​សង់​អគារសិក្សា និង​អប់រំ​បរិស្ថាន​
21, Nov 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្ដល់ជំនួយ​ចំនួន ៤០៥ ២៦០ ដុល្លារ​អាមេរិក​ដល់ក​ម្ពុ​ជា ដើម្បី​សាងសង់​អគារសិក្សា​ចំនួន ៤​ខ្នង​នៅ​ទីជនបទ និង​លើកកម្ពស់​ការអប់រំ​បរិស្ថាន​។​



​ក្នុង​ទឹកប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ​នេះ ថវិកា​ចំនួន​ជាង ២៧​ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​អគារសិក្សា​ចំនួន​៤​ខ្នង​នៅក្នុង​ខេត្ត​ចំនួន​៣ ដែល​ថវិកា​នេះ​ស្ថិតក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម​ឥត​សំណង​សម្រាប់​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​)​។ ថវិកា​ជាង ១៣​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​លើកកម្ពស់​ការអប់រំ​បរិស្ថាន​តាមបែប​អនុវត្ត ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ៉​បុ​ន​។

​កិច្ចសន្យា​ផ្ដល់ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២១​ខែវិច្ឆិកា ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​បួន ដែល​រួមមាន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និង​ប្រធាន​មន្ទីរ​ខេត្ត​ប៉ៃលិន រួមទាំង​នាយិការ​អង្គការ Nature Center Risen ។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន​រូបនេះ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់ជំនួយ​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គម្រោង​ដែល​បាន​ចុះហត្ថលេខា​ថ្ងៃនេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដោយផ្ទាល់​ជូន​ប្រជាជន និង​សិក្សា​នុ​សិស្ស​នៅតាម​តំបន់​គោលដៅ ថែមទាំង​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​បន្ថែមទៀត​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា ក្រោម​ជំនួយ​ទាំងពីរ​ប្រភេទ​ខាងលើ អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជំនួយ​គូ​សាណូ​ណិ ចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ ១៩៩១ ដែល​មកដល់ពេលនេះ​មាន​ថវិកា​សរុប​ជាង ៥៧​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​នេះ រដ្ឋាភិបាល​ផ្ដល់​ឲ្យ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​មូលដ្ឋាន​។ រីឯ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​ពី​ឆ្នាំ ២០០២ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ប៉ុន ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដែល​មកទល់ពេលនេះ​មាន​ថវិកា​សរុប​ជាង ៣០​លាន​ដុល្លារ លើ​គម្រោង​ចំនួន ១០៤ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​៕


Tag:
 ជំនួយឥតសំណង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com