កីឡាជាតិ
ជាតិ
ប្លែកៗ
​​​ន​យោ​បាយ​ជាតិ​
លោក ហង្ស ពុទ្ធា ស្តាយ​ចំពោះ​ការលាលែង​សហការី​៣​រូប តែ​អះអាង​ថាគ​.​ជ​.​ប មិន​រង្គោះរង្គើ​ឡើយ​
21, Nov 2017 , 6:06 pm        
រូបភាព
សមាសភាពគ.ជ.ប នាពិធីផ្ទេរតំណែងកន្លងមក
សមាសភាពគ.ជ.ប នាពិធីផ្ទេរតំណែងកន្លងមក
​ភ្នំពេញ​៖ លោក ហង្ស ពុទ្ធា សមាជិក​មួយរូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ​ក៏មាន​តួនាទី​ជា​អ្នកនាំពាក្យ​ផង​នោះ សោកស្តាយ​យ៉ាងខ្លាំង ដែល​សហការី​៣​រូប រួមមាន លោក គួ​យ ប៊ុន​រឿន អនុប្រធាន និង​សមាជិក​២​រូប​គឺ លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង សុំលាលែង​ពី​គ​.​ជ​.​ប ព្រម​គ្នា ។​


 
​ក្នុងនាម​ជា​សហជីវិន​-​សហជីវិនី ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​មួយរយៈ​ពេលកន្លងមក លោក ហង្ស ពុទ្ធា ពិតជា​មិន​ចង់​ឲ្យ​បាត់បង់​វត្តមាន​របស់លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង ពី​ស្ថាប័ន​គ​.​ជ​.​ប ឡើយ​។ ប៉ុន្តែ លោក បញ្ជាក់ថា លោក នៅតែ​គោរព​ការសម្រេចចិត្ត​របស់​អ្នក​ទាំង​៣ ហើយ​ចាត់ទុក​ការលាលែង​ពី​គ​.​ជ​.​ប ជា​សិទ្ធិ​របស់​បុគ្គល​។ 
 
​សម្រាប់​លោក ហង្ស ពុទ្ធា អវត្តមាន​របស់​អនុប្រធាន និង​សមាជិក​-​សមាជិកា​ទាំង​៣ ខាងលើ មិន​ប៉ះពាល់​ដល់​កិច្ចការ​ទាំងមូល​របស់​គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត នា​ឆ្នាំ​២0១៨ នោះទេ​។ លោក អះអាងថា គ​.​ជ​.​ប នៅតែមាន​លទ្ធផល​ក្នុង​ការរៀបចំ​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​គ​.​ជ​.​ប ធ្វើការ​ជា​ក្រុម​។ ទោះជា​អវត្តមាន​អ្នកណា​ក៏ដោយ ក៏​គ​.​ជ​.​ប នៅតែ​អាច​ប្រព្រឹត្តទៅបាន​ជាធម្មតា​»​។ 

​នៅ​ថ្ងៃទី​២០ វិច្ឆិកា លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង បាន​សរសេរ​លិខិត​រួមគ្នា​មួយ ផ្ញើ​ទៅកាន់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​សុំ​ឈប់​ពី​គ​.​ជ​.​ប​។ ពួកគាត់ បញ្ជាក់​មួល​ហេតុ​ក្នុង​លិខិត​នោះថា ពួកគាត់ មិនអាច​បន្ត​កាន់តំណែង​ក្នុង​គ​.​ជ​.​ប ដើម្បី​ធ្វើជា​អាជ្ញាកណ្តាល ដែល​ត្រូវយក​អាសនៈ​របស់​គណបក្ស ដែល​ជាប់ឆ្នោត ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ ដែល​មិន​ចាប់ឆ្នោត​នោះទេ​។ សម្រាប់​អ្នក​ទាំង​៣ ទង្វើ​បែបនេះ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ហើយក៏​ជាការ​រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ​ផងដែរ​។​

​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ គ​.​ជ​.​ប នឹង​បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល រំលាយចោល ទៅ​ឲ្យ​គណបក្ស​ដទៃ​។​

អត្ថបទទាក់ទង

​សូមបញ្ជាក់ថា សមាជិក​គ​.​ជ​.​ប​ថ្មី ទាំងអស់ មាន​ចំនួន​៩​រូប ដែល​កើតចេញពី​ការចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២0១៤​មក​។ ក្នុងនោះ សមាជិក​៤​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​៤​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​១​រូប​ទៀត មកពី​សង្គម​ស៊ីវិល​៕

Tag:
 គ.ជ.ប
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com