ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ចែក​កៅអី CNRP ឲ្យ​បក្ស​ផ្សេង​រួចហើយ តែ​មិនទាន់​ប្រកាស​ផ្លូវការ​
22, Nov 2017 , 10:19 pm        
រូបភាព
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប
​ភ្នំពេញ​៖ អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ កាលពី​ឆ្នាំ ២០១៣ រួចរាល់​ហើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក សោម សូ​រី​ដា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប​។​



​លោក សោម សូ​រី​ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ សម្រេច​ទទួលយក​អាសនៈ ដែល​គ​.​ជ​.​ប បែងចែក​ឲ្យ ឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ទទួលយក​នោះទេ​។ លោក បាន​លើកឡើងថា តាមច្បាប់ គណបក្ស ដែលមាន​អាសនៈ​ស្រាប់​ក្នុង​រដ្ឋសភា នឹងមាន​សិទ្ធិ​ទទួលយក​អាសនៈ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បោះបង់ចោល​។ បច្ចុប្បន្ន មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលមាន​ឈ្មោះ​ជា​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។​

​លោក សោម សូ​រី​ដា បន្តថា ក្នុងដំណាក់កាល​នេះ គ​.​ជ​.​ប បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា តែប៉ុណ្ណោះ​។ ចំពោះ​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា​៥​ពាន់ លោក អះអាងថា គ​.​ជ​.​ប នឹង​បែងចែក​នៅពេល​ក្រោយ​។

​យ៉ាងណា​ក៏ដោយចុះ លោក សោម សួ​រី​ដា មិនទាន់​អាច​បង្ហើប​បាន​នោះទេ​ថា គណបក្ស​នីមួយៗ នឹង​ទទួលបាន​អាសនៈ​ជា​តំណាងរាស្ត្រ​ចំនួន​ប៉ុន្មាន​។ លោក បន្តថា លទ្ធផល ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួលបាន​អាសនៈ​នោះ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ មិនអាច​ប្រាប់​បានទេ នៅពេលនេះ​។ ចាំ​ប្រកាស​ផ្លូវការ​ម្តង​ទៅ​។ យើង​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​»​។

​លោក ហង្ស ពុទ្ធា អ្នក​នាំពា​ក្សគ​.​ជ​.​ប ក៏​បដិសេធ​ក្នុងការ​អត្ថាធិប្បាយ​ដែរ ជុំវិញ​ចំនួន​អាសនៈ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួលបាន​។ ប៉ុន្តែ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​ថ្ងៃទី​២៤ ខែវិច្ឆិកា គ​.​ជ​.​ប នឹង​បង្ហាញ​ចម្លើយ​នេះ​។

​ទោះជា​មិនទាន់មាន​ចម្លើយ​ផ្លូវការ​ពី​កា​រគ​.​ជ​.​ប​ក្តី ប៉ុន្តែ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​ថា គណបក្ស​សញ្ជាតិ​កម្ពុជា ទំនងជា​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​ពីរ​។ បើតាម​សម្តេច ហ៊ុន សែន មន្ត្រី​មួយរូប​នៃ​គណបក្ស​ស​ញ្ញាតិ​កម្ពុជា ក៏​អាច​ទទួលបាន​តំណែង​ជា​សមាជិក​គ​.​ជ​.​ប ផងដែរ​។ សម្តេច ហុន សែន បន្តថា តំណែង​ជា​អនុប្រធាន​គ​.​ជ​.​ប គួរតែ​បាន​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ប្រមុខ​រដ្ឋាភិបាល និយាយ​ពី​បញ្ហា​នេះ ក្រោយ​អនុប្រធាន​គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន និង​សមាជិក​-​សមាជិកា​គ​.​ជ​.​ប ពីររូប​ទៀត គឺ​លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង ដែលជា​កូតា​គណបក្ស​សង្គ្រោះ​ជាតិ សុំលាលែង​ពី​តំណែង​។

​រីឯ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្រេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​ទទួលបាន ក៏​មិនទាន់មាន​ការអះអាង​និង​ព័ត៌មាន​ផ្លូវការ​ដែរ​។ ប៉ុន្តែ កន្លងមក ធ្លាប់មាន​ការលើកឡើង​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រហែលជា​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ច្រើនជាងគេ រហូតដល់​៤0​ឯណោះ​។

​ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នានា គឺធ្វើឡើង​តាមច្បាប់​ទាំង​បួន ស្តីពី​ការបោះឆ្នោត ដែល​ត្រូវបាន​កែប្រែ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ច្បាប់​ចំនួន​៤ មាន​ខ្លឹមសារ​ជារួម​ថា «​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​»​។​

​ច្បាប់​ទាំង​បួន​នោះ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ពិភាក្សា​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២0១៧៕


Tag:
 CNRP
  ចែក​កៅអី​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com