ជាតិ
​​​ន​យោ​បាយ​ជាតិ​
អចិន្ត្រៃយ៍​សភា ចាប់ផ្តើម​ប្រជុំ ពី​ការដាក់​តំណាងរាស្ត្រ និង​សមាជិក​គ​.​ជ​.​ប ថ្មី​
24, Nov 2017 , 10:06 am        
រូបភាព
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា។ រូបភាពពីរដ្ឋសភា
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា។ រូបភាពពីរដ្ឋសភា
​ភ្នំពេញ​៖ គណៈកម្មាធិការ​ធិ​កា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ពី​ការដាក់​តំណាងរាស្ត្រ​ថ្មី ជំនួស​តំណាងរាស្ត្រ​៥៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អស់​សុពលភាព ក្រោយ​តុលាការ​កំពូល​រំលាយចោល​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​។



​បើតាម​លោក ឡេង ប៉េងឡុង គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​នឹង​លើក​ពី​ការជ្រើសរើស​សមាជិក​ថ្មី ដើម្បី​ជំនួស​សមាជិក​៣​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ផងដែរ ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ប៉ុន្មាន​មុន​។ អ្នក​ទាំង​៣ ដែល​សុំលាលែង គឺ​លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប លោក រ៉ុង ឈុន សមាជិក គ​.​ជ​.​ប និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិកា គ​.​ជ​.​ប​។​

​ការបើក​កិច្ចប្រជុំ​ខាងលើ គឺធ្វើឡើង​ក្រោយ​១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​រដ្ឋសភា ទទួលបាន​ពី​គ​.​ជ​.​ប នូវ​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី មកពី​គណបក្ស​ចំនួន​៥ ដែល​ត្រូវ​ជំនួស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស ដែល​ទទួលបាន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមមាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤១​អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៦​អាសនៈ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួលបាន ៥​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទទួលបាន ១​អាសនៈ​។ ប៉ុន្តែ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ប្រកាស​មិន​ទទួលយក​អាសនៈ ដែល​គេ​បែងចែក​ឲ្យ​ឡើយ​៕



Tag:
 សភា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com